ស្ថាបនិក​សារព័ត៌មាន​ឌឹ ខេមបូឌា ដេលី លោក Bernard Krisher ទទួល​មរណភាព

ស្ថាបនិក​សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី លោក Bernard Krisher។ រូបភាព៖ cambodiadaily.com

ស្ថាបនិក​សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី លោក Bernard Krisher បាន​ទទួល​មរណភាព​នៅ​ដើម​ខែ​មីនា​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី ផ្ទាល់​តែ​ម្ដង។

ក្នុង​អត្ថបទ​អនឡាញ​របស់​ខ្លួន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បាន​រៀបរាប់​ថា លោក Bernard Krisher ដែល​មាន​តួនាទី​ជា​ប្រធាន​អង្គការ​ជំនួយ​ពិភព​លោក​សម្រាប់​កម្ពុជា (World Assistance for Cambodia)​ផង​នោះ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ក្នុង​វ័យ ៨៧​ឆ្នាំ នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សារពត័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា​ មរណភាព​របស់​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ ក្រោយ​ពី​ការ​រៀបចំ​ពិធី​បញ្ចុះ​សព​លក្ខណៈ​ឯកជន​មួយ​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក។

មាន​ដើម​កំណើត​ជា​ជន​ជាតិ​ជ្វីហ្វ​នៅ​ប្រទេស​អាល្លឺម៉ង់​ មុន​នឹង​ភៀស​ខ្លួន​ទៅ​នៅ​អាមេរិក​នៅ​វ័យ​កុមារ​នៅ​ឡើយ​នៅ​ក្នុង​​ឆ្នាំ​១៩៣៧​នោះ លោក Bernard Krisher ក៏​ជា​អតីត​នាយក​ការិយាល័យ​ព័ត៌មាន Newsweek ប្រចាំ​នៅ​ទីក្រុង​តូក្យូ ព្រម​ទាំង​សារព័ត៌មាន​អន្តរជាតិ​ដទៃ​ទៀត​ផង​ដែរ​មុន​នឹង​លោក​បង្កើត​​កាសែត ឌឺ ខេមបូឌា ដេលី។

លោក Bernard Krisher ដែលមាន​ដើម​កំណើត​ជា​ជន​ជាតិ​ជ្វីហ្វ​នៅ​ប្រទេស​អាល្លឺម៉ង់​មុន​នឹង​ភៀស​ខ្លួន​ទៅ​នៅ​អាមេរិក​នៅ​វ័យ​កុមារ​នៅ​ឡើយ​នៅ​ក្នុង​​ឆ្នាំ​១៩៣៧​នោះ បាន​បង្កើត​កាសែត​ភាសា​អង់គ្លេស The Cambodia Daily នៅ​ក្នុង​ឆ្នាំ​១៩៩៣ ជា​ការ​បើក​ផ្លូវ​សម្រាប់​សេរីភាព​សារព័ត៌មាន​វិជ្ជា​ជីវៈ​នៅ​ក្នុង​ប្រទេស​មួយ​នេះ ដែល​ចាប់​ផ្ដើម​កសាង​ប្រទេស​ឡើង​វិញ​នោះ។

ដោយ​ចាត់​ទុក​លោក Bernard Krisher ថា​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ទទួល​បាន​ព័ត៌មាន និង​ទទួល​ជំនួយ​មនុស្ស​ធម៌​ផង​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា ស្ថានទូត​បាន​រៀបចំ​បន្ទប់​មួយ​ដាក់​ឈ្មោះ​លោក Bernard Krisher សម្រាប់​កិត្តិយស​របស់​លោក​ផ្ទាល់​តែ​ម្ដង។

កាសែត​ភាសា​អង់គ្លេស​មួយ​នេះ បាន​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​របស់​ខ្លួន​ទាំង​ស្រុង​កាល​ពី​ដើម​ខែ​កញ្ញា​ក្នុង​ឆ្នាំ​២០១៧ ក្រោយ​ពី​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា បាន​ជំពាក់​ពន្ធ​ជាង ៦​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​រយៈ​ប្រហែល ១០​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ