ក្រសួង​ការងារ​ប្រាប់​លោក​ ហ៊ុន សែន​ ថា​ កម្មករ​រោងចក្រ​ W&D​ ឈប់​​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ហើយ​​

ក្រុម​កម្មករ​កម្មការិនី​ជាងច្រើន​រយ​នាក់​មក​ពី​រោងចក្រ W&D បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញការតវ៉ារបស់ក្រុមកម្មករោងចក្រ W&D ថា កម្មករទាំងលែងតវ៉ាទាមទារប្រាក់អតីតភាពហើយ។

ការជូនដំណឹងរបស់ក្រសួងការងារនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន​ សែន​ ​កាលពីម្សិលមិញ ជំរុញទៅសហជីពរបស់លោក អាត់ ធន់ បញ្ឈប់ការ​ដឹកនាំកម្មករតវ៉ាទាមទារប្រាក់អតីតភាពជាកញ្ចប់។  ប៉ុន្តែ ការថ្លែងនោះត្រូវបានសហជីព និងកម្មករច្រានចោល ដោយថា ពួកគេមិនមែនទាមទារដូចការលើកឡើងរបស់លោក ហ៊ុន សែន ឡើយ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះ ក្រសួងការងារបានអំពាវនាវទៅក្រុមកម្មករ រួមទាំងសហជីពត្រូវគោរពច្បាប់ និងនីតិវិធីក្នុងការធ្វើសកម្មភាពនានា ហើយជៀសវាងធ្វើសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ក្រសួងនេះ ប្តេជ្ញាថា នៅ​តែ​បន្តសម្របសម្រួលដោះស្រាយបញ្ហានេះជូនកម្មករ។

តំណាងកម្មករអ្នកស្រី ជា សុខា ប្រាប់ វីអូឌី​ កន្លែង​ប្រមូល​ផ្ដុំតវ៉ា​កាលពីម្សិលមិញថា ក្រុម​កម្មករ​ជិត ១​ពាន់​នាក់តវ៉ាទាមទារ​ចូល​ធ្វើការងារ​វិញ​ទាំង​អស់​គ្នា​ដោយ​គ្មាន​ការ​រើស​អើង​ពី​ថៅកែ​រោងចក្រ។

កាលពីចុងឆ្នាំ២០១៨ កម្មករជិត២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខ័ណ្ឌ​មានជ័យបាន​ផ្ទុះការតវ៉ាទាមទារទៅថៅកែរោងចក្រនេះ បើកប្រាក់អតីតភាពការងារជាកញ្ចប់ជូនពួកគេមុនឆ្នាំ២០១៩។ ប៉ុន្តែ ក្រោយពីបានប្រឹក្សាផ្នែកច្បាប់ជាមួយតំណាងសហជីពកម្មករទាំងនោះ បានប្តូរមកតវ៉ាសុំចូលធ្វើការងារវិញដោយគ្មានការរើសអើង បន្ទាប់ពីពួកគេ ជាង១ពាន់នាក់ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោមការចោទថា មិន​គោរព​តាម​សេចក្ដី​សម្រេច​រក្សា​ការពារ​របស់​តុលាការ​រាជ​ធានី​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ