មន្ត្រី​ឧទ្យា​នុរក្ស​នៅ​ខេត្ត​កំពង់ធំ ​​ ត្រូវ​ជនល្មើស​កាប់​ជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ​​

មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក Ministry of Environment

​មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានជនល្មើសកាប់​ឱ្យរងរបួសធ្ងន់។

យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននៅថ្ងៃនេះបានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សរូបនោះ ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ នៅថ្ងៃនេះ។ ​

ប្រភពដដែល បន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន មានចំនួន០៥នាក់ បានចុះល្បាតនៅតំបន់ អូរដើមថ្កូវ ក្នុងភូមិសាស្ត្រឃុំក្រយា ​ហើយបានជួបប្រទះជនល្មើសចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃ ទន្ទ្រានយកដីព្រៃធ្វើចម្ការ។ ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើស តដៃ ដោយបានកាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់លោកចក់ សុជាតិ តែម្តង  ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។

​ប្រភពដដែលនេះ បញ្ជាក់ថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែលមាន របួស​ធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យ​បញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ នៅរាជធានីភ្នំពេញ។ សំណុំរឿងនេះ ​សមត្ថកិច្ច​កំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូន​ទៅកាន់តុលាការដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងសកម្មភាពការពារធនធានធម្មជាតិ ក្នុងរយៈពេល ២ខែចុងក្រោយនេះ។

កាលពីចុងខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រដាប់ដោយកាំភ្លើងបាញ់​ឱ្យរងរបួសចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រ​ដែនជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ