លោក កែ គឹមយ៉ាន ថា ការចែកចាយគ្រឿងញៀននៅតាមជនបទមិនមានការថយចុះនោះទេ

ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ លោក កែ គឹមយ៉ាន (ណាត សុភាព)

ប្រធានអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានថ្លែងថា ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាមភូមិឃុំ​ ​ មិនមានការថយ​ចុះនោះទេ បើទោះជាអាជ្ញាធរ​ធ្វើការ​បង្ក្រាប​បានករណី​ធំៗ​ជា​បន្តបន្ទាប់​នៅរាជធានីភ្នំពេញក៏​ដោយ។ នេះបើតាមការចុះផ្សាយរបស់​គេហទំព័រនគរបាល​ជាតិ​។

​ក្នុង​ពិធី​ប្រជុំ​ស្តី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​  ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ​ គឹ​ម​យ៉ា​ន​ ​បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងស៊ើបអង្កេត រក​ម្ចាស់​និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការ​នាំ​ចូល​នូវ​គ្រឿងញៀន​នេះ​បន្ថែម​ទៀត​ ​ដើម្បី​ការពារសុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល​ ខណៈបច្ចុប្បន្ននេះ ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ទី​ជនបទ​ ជា​ពិសេស​​​នៅតាម​ភូមិ​-ឃុំ​មួយចំនួន មិនមាន​ការ​ថយ​ចុះ​នោះទេ។​

លោកត្រូវបាន​ដកស្រង់​សម្តីមកចុះផ្សាយថា៖ «​ពី​មុន​ខ្ញុំ​សន្និដ្ឋាន​ថា​ ករណី​គ្រឿងញៀន​វា​នឹង​អាច​ថយ​ដោយសារ​ចាប់​ករណី​ធំៗ​បាន​ច្រើន​ ប៉ុន្តែ​អា​ចែក​តាម​ភូមិ​ឃុំ​ហ្នឹង​ គឺ​វា​មិន​ថយ​នោះ​ឡើយ​។​ ចំណែក​ទី​កំសាន្ត​នានា​ស្ទើរតែ​ទាំងអស់​ ដែល​មាន​ប្រើប្រាស់​គ្រឿងញៀន​»​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេតឃើញថា បញ្ហាចែកចាយគ្រឿងញៀនបានចាក់ស្រេះយ៉ាងខ្លាំងនៅតាមរាជធានីភ្នំពេញ និងតាមជនបទ លោកថាបើរដ្ឋាភិបាលមិនពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពទេ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយបញ្ហាភាពក្រីក្រកាន់តែធ្ងន់ធ្ងរជាដើម។

លោកមានប្រសាសន៍ថា៖ «នៅថ្ងៃអនាគតទីមួយប៉ះពាល់ទៅដល់ក​ម្លាំងផលិតផ្នែកសេដ្ឋកិច្ច វាថយចុះ ហើយវាក្លាយទៅជាសង្គមមួយភាពក្រីក្ររបស់មនុស្សជាផ្នែកមួយនៃការរួមចំណែករបស់គ្រឿងញៀន»។

ម្ចាស់ក្លឹបកំសាន្តរ៉ក់ លោក ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ​ខ្លួនបណ្តោះអា​សន្តកាលពីដើមសប្តាហ៍មុន​ ទាន់ទិនការរកឃើញគ្រឿងញៀនប្រហែល៥០គីឡូក្រាម។

យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ បទល្មើស​គ្រឿងញៀន​សរុប​ដែល​បង្ក្រាប​បាន​ចំនួន​៨.០០២​ករណី​ ដោយ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​បាន​ចំនួន​១៦.២១៦​នាក់​និង​គ្រឿងញៀន​ជាង​កន្លះ​តោន​។​បើតាមលោក ហ៊ុន សែន អ្នករងគ្រោះដោយសារគ្រឿងញៀនបានកើនឡើងទ្វេដងគិតត្រឹមឆ្នាំ២០១៨ ដោយថា​នៅ​​ឆ្នាំ២​​០១៧អ្នករងគ្រោះដោយសារគ្រឿងញៀនមកព្យាបាល៤ពាន់នាក់ ប៉ុន្តែឆ្នាំ២០១​៨ឡើងដល់៨ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ