រដ្ឋាភិបាល​នឹង​ទៅ​ចរចា​ទិញ​អគ្គិសនី​ពី​ប្រទេស​តួកគី​ ​

ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅចរចានាំយកនាវាផ្ទុកថាមពល​អគ្គិសនីពីប្រទេសតួកគី ដើម្បីនាំយកមកដោះស្រាយបញ្ហា​កង្វះភ្លើងប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន។

ថ្លែងនៅព្រឹកថ្ងៃនេះ ក្នុងពិធីជួបជាមួយកម្មករនៅខេត្តពោធិ៍សាត់ជាង ១ម៉ឺននាក់ លោក ហ៊ុន សែន បញ្ជាក់ថា ​អគ្គនាយកអគ្គិសនីកម្ពុជា និងជារដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី លោក កែវ រតនៈ នឹងធ្វើ​ដំណើរ​ទៅ​តួកគី ដើម្បីចរចានាំយក​នាវាផ្ទុក​អគ្គិសនី​២០០មេហ្គាវ៉ាត់ មក​រាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់ ខណៈកម្ពុជាកំពុងខ្វះខាត​នាពេល​​​បច្ចុប្បន្ន។​

លោកបន្ថែមថា៖ « ឯបញ្ហាអគ្គិសនី យើងក៏កំពុងអំពាវនាវ ឱ្យបញ្ចេញម៉ាស៊ីនភ្លើងទាំងអស់ មកប្រើប្រាស់ ព្រោះយើងមានកង្វះ។ ឥលូវនេះ ឯកឧត្តម ស៊ុយ សែម ឯកឧត្តម កែវ រតនៈ បានរាយការណ៍។ ប្រហែលឯកឧត្តម កែវ រតនៈ នឹងហោះទៅតួកគី ឬ នរណាទៅ? កែវ រតនៈ នឹងហៅទៅតួកគីភ្លាម ដើម្បីនាំកប៉ាល់មួយ ដែលផ្ទុកនូវម៉ាស៊ីនភ្លើងប្រមាណ២រយមេហ្គាវ៉ាត់ ចូលមកទីក្រុងភ្នំពេញ បើសិនត្រូវថ្លៃគ្នា ចូលមកទីក្រុងភ្នំពេញ ផ្គត់ផ្គង់ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ ដើម្បីរង់ចាំបន្ថែម »។

កាលពីសប្តាហ៍មុន លោក ហ៊ុន សែន បានក្រើនរំលឹកអំពីបញ្ហាកង្វះទឹក និងកង្វះភ្លើងប្រើប្រាស់នេះ ហើយក៏បានស្នើសុំឱ្យពលរដ្ឋមានការយោគយល់ចំពោះបញ្ហានេះទៀតផង។ លោកបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាត្រូវប្រឈមកង្វះថាមពលអគ្គិសនីប្រមាណ៤០០មេហ្គាវ៉ាត់ បន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការក្នុងស្រុក។

កាលពីថ្ងៃចន្ទ សប្តាហ៍នេះដែរ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថា កត្តាធ្វើឱ្យខ្វះភ្លើងអគ្គិសនីប្រើប្រាស់ រួមមាន កំណើនវិនិយោគទុនក្នុងនិងក្រៅស្រុក ការបញ្ចុះតម្លៃអគ្គិសនីកាលពីខែមករា អាកាសធាតុក្តៅខ្លាំង និងកង្វះទឹកខុសប្រក្រតី ដែល​ធ្វើឱ្យតំបន់វារីអគ្គិសនីមួយចំនួនផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានពេញលេញ​។

យោងតាមរបាយការណ៍អង្គការទិន្នន័យអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៦ បានឱ្យដឹងថា នៅកម្ពុជាមានតំបន់​វារីអគ្គិសនីកំពុងដំណើរការផលិតអគ្គិសនីចំនួន៨កន្លែង។ ដោយឡែកមួយកន្លែងកំពុងសាងសង់​ និងមាន៣១កន្លែងទៀតកំពុងស្ថិតនៅក្នុងគម្រោងសិក្សានៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ