លោក​ ហ៊ុន សែន​ បញ្ជា​ឲ្យ​ទប់ស្កាត់​សកម្មភាព​មន្ត្រី​បក្ស​ប្រឆាំង​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​

លោក ហ៊ុន សែន ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រី ហ៊ុន​​ សែន និងជាមេដឹកនាំបក្សកាន់អំណាចផងនោះ បានបញ្ជាទៅសមត្ថកិច្ចឲ្យទប់​ស្កាត់ស​កម្ម​ភា​ព​មន្ត្រីបក្សប្រឆាំងជួបប្រជាពលរដ្ឋ ក៏ដូចជាការធ្វើសកម្មភាពនយោបាយផ្សេងៗ បើអ្នកទាំងនោះមិនទាន់សុំសិទ្ធិធ្វើនយោបាយ។​

ការថ្លែងរបស់លោក ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅស្រុកក្រគ ខេត្តពោធិ៍​សាត់ ​នាព្រឹកថ្ងៃពុធនេះ។

លោកថា៖ «ផ្ញើសារឲ្យទូទាំងប្រទេស បញ្ឈប់ទៅអាសកម្មភាពគណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ​ និងស្រុក​វាល​វែ​ង ពោធិ៍សាត់ និងខេត្តណាៗ គឺ និយាយឲ្យត្រង់ ឃើញមួយវាយមួយទៅ ចេញប​ញ្ជាអញ្ចឹង។ បើ​អ្នកឯងមិនទា​ន់សុំ​សិ​ទ្ធិធ្វើ​ន​យោបាយទេ អ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយពលរដ្ឋទេ ឃើញមួយវាយមួយ ឃើញពីរវាយពីរ»។

លោក ហ៊ុន សែន ក៏បានថ្លែងបញ្ចេញឈ្មោះដូចនេះថា៖ «អាមួយនៅបន្ទាយមានជ័យ គ្រាន់តែឯងស្រែកនៅភ្នំពេញ វារត់ដល់ខេត្តព្រះវិហារ ស្មានគេមិនដឹងអា រដ្ឋសភាអញនិយាយចំឈ្មោះហ្អែង ហ្មងហ្អែង រត់ទៅព្រះវិហារ ឥឡូ​វឮ​ថា​ហ្អែ​ង​ទៅព្រះវិហារទៀតស្អែកនេះទៀត និយាយគ្នាឲ្យច្បាស់។ អាមួយឈ្មោះ អាផ្លុងសំអុន ដែលថ្ងៃ​មុន​គេ​ត្រួ​តពិ​និត្យ ហ្អែងកុំនិយាយផ្តេសផ្តាសច្រើនពេកវើយ តិចថាអាញ់ស្តាប់មិនបាន អញស្តាប់បានតើ​។ ហើយ​ប្រ​ធានគ​ណៈកម្មករចំពោះកិច្ច ដែលរត់ធ្លាក់អន្លុងវែងត្រឡប់មកវិញ កុំណាស់! ម្តងនេះចាប់»។

ទោះជាយ៉ាងណាក្រៅពីគំរាមអ្នកមិនទាន់សុំសិទ្ធិធ្វើនយោបាយ លោក ហ៊ុន សែន បានលើកទឹកចិត្ត​ដល់អ្នកដែ​លបា​នដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ​ដែលគិតត្រឹមថ្ងៃពុធនេះ មាន៩នាក់ ដោយលោកថា នឹង​ប្រើ​តួ​នាទីជានាយករដ្ឋម​ន្ត្រីសម្រួលឯកសារស្នើទៅព្រះមហាក្សត្រដើម្បីផ្តល់សិទ្ធិដល់ពួកគេឡើងវិញផងដែរ ដល់អ្ន​ក​​​ដែ​លមានគម្រោងចង់ធ្វើនយោបាយឡើងវិញ ។

យ៉ាង​នេះក្តី មេដឹកនាំបក្សកាន់អំណាចរូបនេះ បានច្រានចោលការចោទប្រកាន់ថា លោកបានប្រើលុយ​រាប់​ម៉ឺន​ដុ​​ល្លា​រ​ទិញទឹកចិត្តអ្នកដែលដើរចេញពីអតីតគណបក្សប្រសង្គ្រោះជាតិនៅពេលនេះ ដោយថា អ្នក​ដែលដើរ​ចេ​ញ​ពីប​ក្ស​ប្រ​ឆាំងគ្មានសមត្ថភាព សូម្បីតែទៅធ្វើជំនួយការរដ្ឋមន្ត្រីក៏មិនបានផង។

VOD មិនអាចសុំអត្ថាធិប្បាយពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី តាមសារអេឡិច​ត្រូវនិចបា​នទេ ជុំវិញប្រសាសន៍នាយករដ្ឋមន្ត្រីនេះ។

ប៉ុ​ន្តែ កា​លពីថ្ងៃទី១៧ ខែមីនានេះ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា ការទៅសុំសិទ្ធិធ្វើន​យោ​បា​យ​ឡើងវិញពី ហ៊ុន សែន នៅពេលដែលលោក កឹម សុខា មិនទាន់ត្រូវបានដោះលែងនៅឡើយ លោកថា ជា​កា​រចូលរួមពង្រឹងអំណាចរបបផ្តាច់ការ។

លោក សម រង្ស៊ី ក៏បានលើកទឹកចិត្តមន្ត្រីរបស់ខ្លួនថា ក្រោមសម្ពាធអន្តរជាតិ គ​ណបក្សកាន់អំណា​ចនឹងបង្ខំ​ចិត្តស្តារ​ស្ថាន​ការឡើងវិញ។

លោកថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និង​​អ​នុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដូច្នេះ កុំប្រញាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន»។

អ្នកវិភាគនយោបាយវ័យក្មេងកញ្ញា លី ស្រីស្រស់ មានប្រសាសន៍ថា រលកនៃការដើរ​ចេញពីអតីតគណបក្សស​ង្គ្រោះ​​​​​ជា​តិ មក​សុំសិទ្ធិធ្វើនយោបាយពេលនេះ ជាជោគជ័យថ្មីមួយទៀតរបស់បក្សកាន់អំណាច ក្នុង​យុ​ទ្ធ​សាស្ត្របំបែកផ្ទៃក្នុងបក្សប្រឆាំង។

អ្នកវិភាគរូបនេះ វិភាគថា ការផ្ញើសាររបស់មេដឹកនាំបក្សកាន់អំណាចពេលនេះ មិនខុសពីពេលមុនទេ គឺបិ​ទ​ច្រក​មេ​ដឹ​កនាំសំខាន់ៗ  តែបង្ហើបផ្លូវឲ្យមន្ត្រីដើរចេញតាមផ្លូវមួយដែលខ្លួនបានគូសវាសទុក។

កញ្ញាថា ៖ «យើងឃើញថា មានមន្ត្រីស្និទ្ធលោក សម រង្ស៊ី ៨រូបទៀត មិនត្រឹមតែមិនផ្តល់​សិទ្ធិ ឬជជែករឿ​ងសិទ្ធិធ្វើន​យោបា​លឡើងវិញទេ ថែម​ទាំងប្រ​កាសលើការចាប់ខ្លួ​នទៀត។ អញ្ចឹងយើងឃើញថា ទំនោរ​ហ្នឹងវាហាក់ដូច​ជាយុទ្ធ​សា​​ស្ត្រ​​​រ​ប​ស់គណបក្សប្រជា​ជនធ្វើយ៉ាងណាឲ្យមានការបែកបាក់ទៅលើគណបក្សសង្គ្រោះជាតិ វាហាក់ប​ង្ហាញ​លទ្ធ​​ផល​បណ្តើរៗហើយ»។

ជម្លោះផ្ទៃក្នុងរបស់កម្ពុជានេះ ជំរុញឲ្យប្លុកលោកសេរី នាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគំរាម​ដាក់​ទ​ណ្ឌ​​កម្ម​សេដ្ឋ​កិច្ច បើមិនស្តារប្រ​ជាធិ​បតេ​យ្យ​ឡើង​វិញ ពិសេស សហភាពអឺរ៉ុបកំពុងដំណើរ​ការព្យួរប្រព័​ន្ធអ​នុ​​គ្រោះ​​​ពន្ធ​ EBA ដោយថា ដើម្បីដាក់សម្ពាធឲ្យដោះលែងលោក កឹម សុខា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ