លោក​​ ហ៊ុន​​​ សែន​​ ប្រាប់​​មូល​ហេតុ​មិ​ន​​ជួប​​តំណាង​ EU ដែល​មក​ពិភាក្សា​​បញ្ហា ​EBA​​

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់ ដែលពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ រូបភាព៖ FN

នាយករដ្ឋមន្ត្រីកម្ពុជា​​ លោក ​ហ៊ុន​ សែ​ន ​អះ​អាងថា​ កា​រ​ដែ​លតំ​ណាង​​សហ​ភាព​​អឺ​រ៉ុបមកកម្ពុជា​ ជួ​​បតែ​​មន្ត្រីមួ​យចំនួ​​ន ​តែ​មិ​ន​ជួ​ប​​​​លោក មិ​នមែន​ជាស​ញ្ញាបែ​​ក​បា​​ក់​ផ្ទៃក្នុ​ងរ​ប​​ស់ប​ក្សកា​ន់​អំណាច​ ដូច​​​ម​​ជ្ឈ​​​​ដ្ឋាន​មួ​យចំ​​​​នួ​នលើ​ក​​ឡើ​ង​​នោះ​ទេ​​។

​គណៈប្រតិ​ភូ​អឺរ៉ុបបា​នចា​ប់​ផ្ដើម​ដំ​ណើរទ​ស្សនកិច្ច​មកកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនានេះ ដោយថា ដើម្បី​ពិ​ភា​ក្សា​អំពីលក្ខខណ្ឌ EBA ដែលរដ្ឋាភិបាល​កម្ពុជាបានចុះ​កិច្ចព្រមព្រៀង ។

តំណាងរបស់សហភាពអឺរ៉ុប កាលពីម្សិលមិញនេះ បានជួ​​បរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួ​ង​កា​​រ​ប​​​រទេ​ស​ លោ​ក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ​ ប៉ុន្តែ​ មិន​បាន​ជួប​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាទេ។

ក្នុង​ពីធីចែកសញ្ញាបត្រដល់និស្សិត ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បត្តិ៍នេះ លោក ហ៊ុន សែន ថ្លែងដូ​ចនេះ​​​ថា៖

​«​ឥ​ឡូ​វ​​នេះ គេថា ពេលដែលអឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមក មិន​បា​​នជួ​​បជាមួយ ហ៊ុន សែន ទេ។ គេមិនសុំជួប ហ៊ុន សែន ទេ។ កម្រិតហ្នឹង វាអត់ត្រូវជួបជាមួយ ហ៊ុន សែន ទេ! ជួបធ្វើអី? កម្រិតត្រឹ​មឋានៈ​ប្រ​ធាន​នា​យ​​​ក​ដ្ឋាន មកជួបដល់ឧបនាយករដ្ឋមន្ត្រីវាខ្ពស់ពេកទៅហើយ។ អាប្រធាន EU និងស្នងការ EU អាហ្នឹងបាន ហ៊ុន សែន ត្រូវជួប»។

សហភាពអឺរ៉ុបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ​បានប្រកា​សពីដំ​ណើរ​ការ​ឈានទៅការព្យួរ EBA បណ្ដោះអាសន្ន​ពីកម្ពុជា ក្រោយ​ពីរក​ឃើញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការ​បំ​ពេញ​កាត​ព្វកិច្ច​ក្រោមកិ​ច្ច​ព្រៀម​​ព្រៀង EBA និងការប​ន្តធ្វើ​ឲ្យស្ថា​ន​ភា​ពសិទ្ធិមនុស្សធ្លាក់ចុះ ផ្ទុយនឹងកិច្ចព្រមព្រៀង។

វិធានការរបស់សហភាពអឺរ៉ុបនេះ ជំរុញឲ្យអង្គការសមាគមជិត៧០​ ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការព្រួយបារម្ភថា ការ​បាត់​បង់ ​EBA នឹង​ជះ​ឥទ្ធិពលជាអវិជ្ជមាន​ដោយផ្ទាល់ និ​ងប្រយោ​លដល់​ជី​​វ​ភាពរស់នៅ និងសុខមាលភាពរបស់​ពល​រដ្ឋ រួមទាំ​ង​ការអភិវឌ្ឍនៅកម្ពុជាទាំងមូល។

ក្រុមអង្គការទំាងនោះ បានផ្តល់ជាយោបល់ថា កម្ពុជាអាចគេចផុតពីស្ថានភាពដ៏អាក្រក់នេះបាន ប្រសិនបើ​រដ្ឋា​ភិបាល​កម្ពុជា ប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច អនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួនឲ្យបានត្រឹមត្រូវ មានប្រសិទ្ធិភាព ពិសេសមាត្រា៣១ គោរ​ពធម្ម​នុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និ​​​ងអ​​នុសញ្ញា​នានា ​ដែ​លកម្ពុជាបានផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ