អ្នក​ស្រាវជ្រាវ​ រក​ឃើញ​សារធាតុ​គីមី​ហាម​ឃាត់​ក្នុង​ភក់​បាត​បឹង​ និង​​ត្រី​​នៅ​តំបន់​​ឆ្នុក​ទ្រូ​

សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) អ្នកស្រី ផាត ច័ន្ទវលក្ខណ៍ ថ្លែងក្នុងសិក្ខាសាលាស្តីអំពី ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុលទៅលើវិស័យកសិកម្មនិងបរិស្ថាន។ រូបភាព៖ ហួត វុទ្ធី

អ្នកស្រាវជ្រាវមកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានចុះសិក្សានៅតំបន់ឆ្នុកទ្រូ បាន​រកឃើញវត្ថុមានសារធាតុគីមី​ហាមឃាត់​មាន​នៅក្នុងភក់បាតបឹង ទឹក​ និងត្រី។

ថ្លែងប្រាប់ក្នុងសិក្ខាសាលាស្តីអំពី ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុលទៅលើវិស័យកសិកម្មនិងបរិស្ថាន សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) អ្នកស្រី ផាត ច័ន្ទវលក្ខណ៍ ឲ្យដឹងថា ក្រុមការងារអ្នកស្រីបានរកឃើញសារធាតុ DDT ជាថ្នាំគីមីកសិកម្មដែលគេហាមប្រើប្រាស់ពីក្នុងទឹក ដី និងត្រី ដែលយកពីតំបន់ឆ្នុកទ្រូ។

អ្នកស្រី ផាត ច័ន្ទវលក្ខណ៍ មានប្រសាសន៍ថា៖ «នៅក្នុងការសិក្សារបស់យើងនេះ គឺបានន័យថា គ្រប់សំណាកគំរូរបស់យើងទាំងទឹក ទាំងដី ទាំងត្រី គឺយើងបានរកឃើញកាកសំណល់ថ្នាំកសិកម្មនៅក្នុងហ្នឹង!។ អញ្ចឹងដូចជាពពួក DDT ដែលវា Toxic (ពុល) អីខ្លាំងហ្នឹងក៏យើងរកឃើញភាគច្រើននៅក្នុង បានន័យថា យើងរកឃើញទាំងនៅក្នុងទឹក ទាំងនៅក្នុងដី ទាំងនៅក្នុងត្រី!»

ក្រៅពីសារធារតុហាមឃាត់ DDT អ្នកស្រីក៏បានរកឃើញកាកសំណល់ថ្នាំពុលសម្លាប់ផ្សិតនិងកាកសំណល់ថ្នាំពុលសម្លាប់ស្មៅផងដែរ។

បណ្ឌិតរូបនេះដាក់ការសង្ស័យថា សារធាតុគីមី DDT អាចបន្សល់មកពីការកំចាត់មូសនៅតំបន់នេះកាលពីបួនប្រាំឆ្នាំមុន និងការបោះសំបក ឬដបថ្នាំពុលគីមីដែលប្រើប្រាស់រួចចូលទៅក្នុងទឹក។

អ្នកស្រីព្រមានថា សាធារតុទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពដោយបង្កជាជំងឺមហារីក និងសំណូមពរដល់កសិករកាត់បន្ថយការប្រើថ្នាំពុល ដោយងាកមកប្រើថ្នាំកសិកម្មធម្មជាតិវិញ។

សាស្ត្រាចារ្យកសិកម្មនិងកែច្នៃអាហារនៃសកលវិទ្យាល័យបាត់ដំបង លោក ប៉ុក បញ្ញា ប្រាប់ VOD បន្ថែមទាក់ទងនឹងការរកឃើញនេះថា សារធាតុទាំងនេះអាចចូលទៅក្នុងរាងកាយអ្នកបរិភោគទឹកនិងត្រីនោះ ប៉ុន្តែ វានឹងបង្កផលប៉ះពាល់ក្នុងរយៈពេលវែង ហើយលោកចង់ឲ្យអ្នកស្រាវជ្រាវសិក្សាពីបញ្ហានេះបន្តទៀត។

លោក ប៉ុក បញ្ញា មានប្រសាសន៍ថា៖ ​«អាចនឹងប៉ះពាល់ក្នុងរយៈពេលវែង វាអាចធ្វើឲ្យគាត់ហ្នឹងបាត់បង់ភាពស៊ាំនៅក្នុងរាងកាយ ឬក៏មានបញ្ហាអីផ្សេងទៀត។ ប៉ុន្តែ អារឿងហ្នឹងវាអាចចំណាយពេលរាប់ឆ្នាំទើបយើងឃើញលទ្ធផល តែអត់មាន Report (របាយការណ៍)ណាបញ្ចេញឲ្យច្បាស់ទាក់ទងនឹងផលប៉ះពាល់រយៈពេលវែងហ្នឹងទេ! ហើយយើងក៏ត្រូវការទុកពេលឲ្យអ្នកស្រាវជ្រាវហ្នឹង គាត់សិក្សាបន្ថែមទៀត ថាតើព័ត៌មានដែលគាត់រកឃើញបច្ចុប្បន្នហ្នឹង តើវាពិតជាអញ្ចឹងឬអត់? ឬក៏មានអីប្រែប្រួលនៅរយៈពេលបន្ទាប់ទៀត?»

ប្រធានរដ្ឋបាលជលផលក្រសួងកសិកម្ម លោក អេង ជាសាន នៅមិនទាន់ឆ្លើយតបចំពោះការរកឃើញនេះនៅឡើយទេ។

លោក អេង ជាសាន មានប្រសាសន៍ថា៖ «ខ្ញុំថាមិនទាន់ទុកចិត្តក៏មិនដឹង! ព្រោះអត់អាចឆ្លើយបាន ព្រោះមិនដឹងថា គាត់ហ្នឹងមើលនៅកន្លែងណា? សមត្ថភាពគាត់ប៉ុណ្ណា​? អាហ្នឹងជារឿងមួយដែលត្រូវយើងអាចមានសំណួរ ច្រើនទៅទៀត។ ហ្នឹងអ្ហើយ! អរគុណ!»

បើតាមអ្នកស្រី វលក្ខណ៍ ការសិក្សានេះធ្វើឡើងជាលើកដំបូងក្រោមការសហការជាមួយអង្គការចៃកា (jica) ជប៉ុនចាប់តាំងពីឆ្នាំ២០១៨ ដោយអ្នកស្រីគ្រោងនឹងផ្សព្វផ្សាយរបាយការណ៍លម្អិតជាផ្លូវការណ៍នៅខែកញ្ញាឆ្នាំនេះ នៅខេត្តសៀមរាប។

ឆ្នុកទ្រូជាតំបន់ផ្ទះបណ្តែតទឹក ភ្ជាប់ទន្លេសាបនិងទន្លេមេគង្គ។ តំបន់នេះលិចទឹកនៅរដូវវស្សា ហើយពលរដ្ឋធ្វើកសិកម្មនៅរដូវទឹកសម្រក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ