លោក​ ហ៊ុន សែន​ ព្រមាន​​ទៅ​​លោក​ សម រង្ស៊ី​ កុំ​​ឲ្យ​​វិល​​ត្រឡប់​​ចូល​​កម្ពុជា​​វិញ​​តាម​​ព្រំដែន​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ កុំ​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន និង​​​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​បក្ស​ប្រឆាំង ដែល​ត្រូវបាន​ចាត់​តាំង​ឲ្យ​គៀង​គរ​ក្រុម​អ្នក​គាំ​ទ្រ​ទៅ​ទទួល​មេដឹកនាំ​បក្ស​ប្រឆាំង​នោះ ឲ្យ​បញ្ឈប់​សកម្មភាព​​ផង​ដែរ។

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ក្រុម​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «ហើយ​បើ​មក​តាម​ទល់​ដែន អាហ្នឹង​ល្អ​មើល​តើ! អញ​អត់​ដឹង​ទេ! អញ​អត់​ដឹង​ទេ​តាម​ទល់​ដែន! ឯង​ត្រូវ​ដឹង ទល់​ដែន​គេ​ធ្វើ​ម៉េច? គេ​ដាក់​ត្រង់សេ[លេនដ្ឋាន] ហើយ​គេ​មាន​កំាំភ្លើង​យន្ត​នៅ​ហ្នឹង គ្រាន់​តែ​បច្ចុប្បន្ន​យើង​ហាម​ប្រើ​មីន​ប្រឆាំង​មនុស្ស​តែ​ប៉ុណ្ណឹង​ហេ។ ប៉ុន្តែ អ្ហែង​ត្រូវ​ដឹង បើ​មក​តាម​ទល់​ដែន រឿង​ធំ​ហើយ»

លោក ហ៊ុន សែន បាន​ព្រមាន​បែប​នេះ ចំ​ពេល​ដែល​លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ព្យាយាម​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​នេះ។

ក្រៅ​ពី​ព្រមាន​ទៅ​ដល់​លោក សម រង្ស៊ី ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​បក្ស​ប្រឆាំង ឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​គៀង​គរ​សមាជិក ទៅ​គាំ​ទ្រ​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «ប៉ុន្តែ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​សិទ្ធិ កុំ​ទាន់​ធ្វើ​សកម្មភាព ហើយ​កុំ​លួច​លាក់ និង​កុំ​ចាត់​តាំង​កម្លាំង។ ខ្ញុំ​នៅ​តែ​និយាយ​ដដែលថា អ្នក​ឯង​ត្រៀម​ចាត់តាំង​កម្លាំង​ដើម្បី​ធ្វើ​អ្វី? អាគណៈកម្មការ​ចំពោះ​កិច្ច​គ្រប់​ទីកន្លែង​ទាំង​អស់ ត្រូវ​តែ​ប្រញាប់[បញ្ឈប់​សកម្មភាព] បើមិន​អញ្ចឹង​ទេ​ប្រយ័ត្ន»

លោក សម រង្ស៊ី បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា លោក​​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​បណ្ដឹង​នានា​ពី​សំណាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ