លោក ហ៊ុន សែន ចោទលោក កឹម សុខា ថា រារាំងមន្ដ្រីបក្សប្រឆាំងមិនឲ្យសុំសិទ្ធិធ្វើនយោបាយ

លោក ហ៊ុន សែន និងលោក កឹម សុខា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គំរាមមិន​ដោះ​លែង ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នោះ​ឡើយ ខណៈ​ដែល​លោកចោទ​មេបក្សប្រឆាំងរូបនេះថា បានរារាំង​​សមាជិក​ជាន់​ខ្ពស់​ដទៃទៀតរបស់​បក្ស​នេះ មិនឲ្យសុំសិទ្ធិនយោបាយ​ឡើង​វិញ។

ក្នុងពិធីចែកសញ្ញាបត្រនៅថ្ងៃនេះ លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ទៅ​ដល់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មុន​នឹង​ធ្វើ​សកម្មភាព​ជាមួយ​សមាជិក​អ្នកគាំ​ទ្រ​របស់​ខ្លួន។

ទន្ទឹងមនឹង​នេះដែរ លោក ហ៊ុន សែន បាន​ចោទ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ថា បាន​រារាំង​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​លោក​ក៏​ព្រមាន​ថា នឹង​មិន​ដោះ​លែង​​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែងថា៖ «មានណាអ្នកខ្លះនៅឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យសុំសិទ្ធិធ្វើនយោបាយ ចាំហ្អែងរួចខ្លួនទៅ អញមិនឲ្យហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃទេ ព្រោះមិនដែលអាណាជាប់ខ្លួនហើយ សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន លក់សតិសម្បជញ្ញៈ គ្រប់សព្វហ្នឹង លាបពណ៌ឲ្យអតីតសហការីខ្លួនឯង»។

មេធាវីម្នាក់ដែលការពារក្ដីឲ្យលោក កឹម សុខា គឺលោកមេធាវី ផែង ហែង មានប្រសាសន៍ថា កូនក្ដីរបស់លោកមិនបានបញ្ចេញយោបល់ណាមួយទាក់ទងនឹង​អតីតមន្ដ្រីបក្សប្រឆាំង ដែលសម្រេចចេញ ឬមិនចេញទៅសុំសិទ្ធិនយោបាយនោះឡើយ។

មេធាវីរូបនេះក៏ទាត់ចោលសេចក្ដីថ្លែងការណ៍ ឬមតិយោបល់ណាមួយ ដែលជាការនិយាយជំនួសកូនក្ដីរបស់លោកផងដែរ។

លោកបន្ដថា៖ «រឿងបញ្ចេញមតិ ឬការនិយាយរបស់អ្នកដទៃដែលថា គាត់ហាមឃាត់ ឬមិនហាមឃាត់នេះ គឺមិនត្រឹមត្រូវទេ ពីព្រោះគាត់កំពុងអនុវត្តកាតព្វកិច្ចតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ ពួកគេខ្ញុំដែលជាមេធាវីដែលបានជួបគាត់ជាធម្មតានេះ គឺមិនដែលបានលឺគាត់ហាមឃាត់ ឬប្រាប់ឲ្យគេទៅសុំសិទ្ធិនយោបាយដែរ។ ហាមក៏មិនដែលមានយោបល់ ឲ្យគេទៅក៏មិនដែលមានយោបល់»។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ និងអស់សង្ឃឹម ដោយថា អ្នកចេញទៅសុំសិទ្ធិធ្វើនយោបាយមានចំនួនតិច ហើយថា នេះក៏បង្ហាញថា អតីតគណបក្សប្រឆាំងនៅតែមានភាពរឹងមាំមិនអាចបំបែកបាន។

លោកស្រីថា ម្យ៉ាងទៀត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងទទួលរងសំពាធកាន់តែខ្លាំងពីអន្ដរជាតិ ដែលកំពុងជម្រុញឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់។  

លោកស្រីបន្ដថា៖ «ចំនួនវាតិចតួចណាស់ទៅ ធ្វើឲ្យគាត់អស់សង្ឃឹម ធ្វើឲ្យគាត់ឆ្លេឆ្លា។ ទី២ គឺគាត់អត់មានខ្វល់អីហ្នឹងផលប្រយោជន៍ជាតិទេ ពីព្រោះពេលនេះសហគមន៍អឺរ៉ុបគេដាក់ឪសានវាទឲ្យគាត់ស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ តែគាត់អត់ខ្វល់ គាត់តែគំរាម តែព្រមាន ចេះតែកម្ទេច»។

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញ​ថា លោក ហ៊ុន សែន កំពុងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើអតីតបក្សប្រឆាំង ហើយ​លោក​ហៅ​សម្ពាធ​នេះ​ថា វា​ផ្ទុយនឹងការចង់បានរបស់សហគមន៍អន្ដរជាតិ ដែលជំរុញឲ្យកម្ពុជា ងាកទៅស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

បើទោះបីជាទទួងរងសំពាធពីបក្សកាន់អំណាចបែបនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា លោក កឹម សុខា អាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញនាពេលខាងមុខ ប្រសិនបើសហគមន៍អន្ដរជាតិឈានទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាមែននោះ។

លោកបន្ដថា៖ «នេះជាការគំរាមកំហែងថែមទៀតទៅលើការគំរាមកំហែងដែលមានមានពីមុនៗមក ដូច្នេះអ្នកណាដែលជាឧបសគ្គដល់ការសុំសិទ្ធិហ្នឹង នឹងក្លាយជាទិសដៅនៃការគំរាមកំហែង និងការបង្ក្រាបជាបន្ដ។ ប៉ុន្ដែ ខ្ញុំថា នឹងអាចកើតមាន ប្រសិនជាខាងសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងរបបរួចពន្ធ EBA»។

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់ថា បានឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ជាប់ព្រំដែនវៀតណាម​អស់​រយៈ​ពេល​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញ នៅរាជធានីភ្នំពេញ។

ក្រោយពីផ្ទេរមកជាប់ឃុំខ្លួននៅក្នុងផ្ទះវិញហើយនោះ លោក កឹម សុខា ក៏ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមវិធានការតាមផ្លូវតុលាការមួយចំនួន ដូចជាហាមឃាត់មិនឲ្យប្រាស្រ័យទាក់ទងជាមួយបរទេស និងមន្ដ្រីបក្សប្រឆាំងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ