លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​តំណែង​មេ​នគរបាល​​នៅ​ព្រៃវែង ​ក្រោយ​​កូន​​ប្រុស​​បាញ់​​សម្លាប់​​ពលរដ្ឋ​​ម្នាក់​

នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញ ចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែណ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងមេនគរបាល​ម្នាក់នៅឯ​ខេត្តព្រៃវែង​នៅ​ថ្ងៃ​នេះ បើសិនមេនគរបាល​រូបនោះ​លាក់​បាំង​កូនខ្លួន​ឯង​មិន​ឲ្យ​ចូលខ្លួន​ទៅ​ទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោយ​បាញ់បុរសម្នាក់ឲ្យស្លាប់ និងម្នាក់ទៀតរងរបួស។

បុរស​ម្នាក់ ត្រូវ​បាន​មន្ត្រី​នគរបាល​បាញ់​ឲ្យ​ស្លាប់ ហើយ​ម្នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​បង្ក្រាប​មួយ​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែមីនា នៅ​ឯ​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្ថិតក្នុង​ស្រុក​បាភ្នំ។ បុរស​ដែល​ស្លាប់ និង​រង​របួស ត្រូវ​បាន​នគរបាល​អះ​អាង​ថា ត្រូវ​បាន​សង្ស័យ​ថា​ជា​ចោរ​លួច​រថយន្ត។

ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា សមកិច្ចមិនត្រូវប្រើអាវុធបាញ់ទៅលើជនរងគ្រោះទេ បើទោះបីជាជនរងគ្រោះរូបនោះ ជាចោរពិតមែនក៏ដោយ។

លោក ហ៊ុន សែន បាន​ចាត់ទុកការប្រើអាវុធអំឡុង​ប្រតិបត្តិការនោះថា មិនមែនជាជម្រើសល្អ ហើយ​លោក​បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួននគរបាលម្នាក់ទៀតដែលបានរត់គេខ្លួន ហើយ​លោកថា ជាកូនមេនគរបាល​ម្នាក់​ទៀត​ផង។

លោក ហ៊ុន សែន ថា៖ «គ្នាអត់ទាំងមានកាំភ្លើងអីដើម្បីនឹងត្រូវការពារខ្លួនផង ហើយខ្លួនធ្វើរបៀបអញ្ចឹង ហើយថា អ្នកព្រៃវែង ប៉ុន្តែមករស់នៅខាងសែនសុខ ដូចជា មេការសំណង់ ហើយចោទគ្នាថា មកលក់ឡាន រួចហើយស្ទាក់បាននាំគ្នាបាញ់បណ្ដោយ ហើយបាញ់មនុស្សពីរនាក់ ហើយដូចជាកូនមេប៉ូលិសម្នាក់ផង ហើយមេប៉ូលិសត្រូវតែតាមរកកូន​ឲ្យឃើញ បើមិនអញ្ចឹងទេ ទៅទាំងមេប៉ូលិសហ្នឹង»

ក្រៅ​ពី​ប្រតិកម្ម​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​នោះ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក៏បានប្ដេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព​លោក យ៉ន រ៉ាវុធ ផង​ដែរ។

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានានៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។ រូបភាព៖ ហ្វេសប៊ុក Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង រៀបរាប់​ថា​៖ «ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសន្យាថា នឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និង​ជូនសង្គមជាតិយើងទាំងមូល»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការបាញ់ទៅលើជនរងគ្រោះ​ដែលគ្មានអាវុធការពារខ្លួនថា ជាអំពើឃោរឃៅ ដែល​ទាមទារ​ទៅ​រដ្ឋាភិបាល​ឲ្យ​ទោស​ទៅ​លើ​មន្ត្រី​នគរបាល​រូប​នោះ។

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត

លោក អំ សំអាត ប្រាប់ថា៖ «ទោះបីជាអ្នកហ្នឹង​ជាជនសង្ស័យ ឬក៏ជាចោរ ឬក៏អីក៏ដោយ ប៉ុន្តែ បើគេគ្មានអាវុធនឹងតដៃ ហើយយើងទៅដល់បាញ់គេ អាហ្នឹងវាជារឿងខុសច្បាប់ធ្ងន់ធ្ងរបាត់ទៅហើយ»

គេហទំព័រ​នគរបាលជាតិ ឲ្យដឹងថា ពលរដ្ឋ​​លោក យ៉ន រ៉ាវុធ អាយុ ៣២ឆ្នាំ ដែល​មានមុខរបរជាងម៉ៅការសំណង់ និង​មានស្រុកកំណើតនៅក្នុង​ខេត្តព្រៃវែង​នោះ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់​នៅ​ត្រង់​ក្បាល និង​ដង​ខ្លួន ខណៈ​ដែល​លោក វ៉ាន ខេមរិន  ដែលជាអ្នករួមដំណើរជាមួយបានរងរបួស។

ការ​ប្រើ​ប្រាស់​កម្លាំង​ជ្រុល ឬ​ការ​បង្ក្រាប​តាម​តែ​អំពើ​ចិត្ត​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធ បាន​កើត​ឡើង​ជា​រឿយៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជាការ​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ខែ​មករា​កន្លង​មក ការ​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ការ​បាញ់​ប្រហារ​ពី​សំណាក់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ទៅ​លើ​កម្មការិនី​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ក្នុង​ឆ្នាំ​២០១២ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ