ពលរដ្ឋ​កោះកុង​​ជំរុញ​ជា​ថ្មី​ទៅ​ក្រសួង​បរិស្ថាន​ឲ្យ​​ពន្លឿន​ដំណោះ​​ស្រាយ​​បញ្ចប់​វិវាទ​ដី​ធ្លី​ជូន​ពួកគេ​

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន UDG ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាមុខក្រសួងបរិស្ថានជាថ្មីទៀត ដើម្បីតាមដានដំណោះស្រាយដីធ្លីរបស់ពួកគេ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ៊ី ឆាយ

ក្រុម​ពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកពីរក្នុងខេត្តកោះកុង បានជំរុញទៅក្រសួងបរិស្ថានឲ្យពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈ​ដែល​វិវាទនោះ អូសបន្លាយជាង ១០ឆ្នាំ​មក​ហើយ​នោះ។

តំណាងពលរដ្ឋជាង ១០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន UDG ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាមុខក្រសួងបរិស្ថានជាថ្មីទៀត​នៅថ្ងៃនេះ ដើម្បីតាមដានដំណោះស្រាយដីធ្លីរបស់ពួកគេ។

អ្នកស្រី សាំង ពុយ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំកោះស្តេច ប្រាប់ វី.អូ.ឌី ថា អ្នកភូមិប្រមាណ ៧៧គ្រួសារ ស្ថិតក្នុងឃុំចំនួន ៥ នៃស្រុកទាំង ២ បាន​ធ្លាក់​ក្នុង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ញូញៀន របស់ចិនតាំងឆ្នាំ២០០៩ និងធ្លាប់ស្វែង​រក​អន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនលើក​មកហើយដែរ ប៉ុន្តែ ពុំទាន់ទទួលបានដំណោះស្រាយ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងមានកង្វល់ មិនដឹងថា ថ្ងៃណាឆ្នាំណា ក្រុមហ៊ុនបន្តមកយកកន្លែងយើងទៀត ព្រោះតំបន់ខ្លះមានការ ឈូសឆាយ មានការសាងសង់ មានការលក់បន្តទៅឲ្យក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតហើយ។ អញ្ចឹង ពួកយើងបារម្ភខ្លាច មិនទាន់បានដោះស្រាយផង មកឈូសឆាយសាងសង់លក់ទៅក្រុមហ៊ុនផ្សេងទៀត ឲ្យពួកយើងទៅយកសំណងនៅណា?»

អ្នកស្រី សាំង ពុយ ដែលអះអាងថា គ្រួសារគាត់បានប៉ះពាល់ដីធ្លីទំហំ ២៤ហិកតានោះ ឲ្យដឹងថា ដីធ្លីអ្នកភូមិដែលក្រុមហ៊ុនរំលោភយកនោះ គឺមានឯកសារកាន់កាប់ និងទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានគ្រប់គ្រាន់។

អ្នកស្រី ឆៃ គឹមឌុច ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំភ្ញីមាស និយាយថា ក្រុមហ៊ុនបានឈូសឆាយផលដំណាំពួកគាត់ចោល មានដូចជា ស្វាយ ដូង ខ្នុរ និងដំណាំផ្សេងៗទៀត ដោយថា រយៈពេលជាង ១០ឆ្នាំហើយ មិនទាន់ទទួលបានសំណងនៅឡើយទេ។

អ្នកស្រី ឆៃ គឹមឌុច ដែលអះអាងថា គ្រួសារគាត់មានដីទំហំ២៦ហិកតា ត្រូវបានក្រុមហ៊ុនរំលោភយកដែរនោះឲ្យដឹងថា ជុំវិញវិវាទដីធ្លីជាមួយក្រុមហ៊ុន​ចិន​ ញូញៀន នេះ គឺមានការចាប់ខ្លួនពលរដ្ឋម្នាក់ដាក់ពន្ធធនាគាររហូតមកដល់បច្ចុប្បន្នផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងមានការលំបាកច្រើនណាស់ ពីព្រោះពួកយើងបានទៅទិញដីនោះ ដើម្បីធ្វើការបង្ករបង្កើនផលសម្រាប់ចិញ្ចឹមគ្រួសារ ដល់ពេលក្រុមហ៊ុនរំលោភយកមិនឲ្យចូល ធ្វើឲ្យខាតបង់លុយច្រើន គ្មានបង់ធនាគារ​ និងធ្វើឲ្យពួកយើងធ្លាក់ខ្លួនក្រ កូនមិនបានរៀនសូត្រជាដើម»

ខណៈពលរដ្ឋឈរលើកបដាមុខទីស្ដីការ​ក្រសួង​បរិស្ថាន​នោះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្រ្តា បានចេញទៅជួបជាមួយតំណាងពលរដ្ឋ ហើយ​បានស្នើទៅពលរដ្ឋឲ្យត្រឡប់ទៅផ្ទះ​សម្បែង​វិញ និងរង់ចាំការសម្រេចពីថ្នាក់លើដែលលោកសន្យាផ្តល់ចម្លើយនៅដើមខែមេសា​ខាងមុខនេះ។

លោក នេត្រ ភ័ក្ត្រា បញ្ជាក់ប្រាប់តំណាងពលរដ្ឋថា ដីអ្នកភូមិដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុននោះ គឺរដ្ឋាភិបាលសម្រេចប្តូរពីការកាត់ឆ្វៀលទៅជាផ្តល់សំណងទៅតាមតម្លៃទីផ្សារវិញ។

លោកបន្ថែមថា៖ «តាមដែលខ្ញុំទទួលបានព័ត៌មានចុងក្រោយនេះ គឺអ្វីដែលពីមុនមកហ្នឹងនារាករចោលហើយ គឺដោះស្រាយជាសំណង។ អញ្ចឹងហើយ បានជាក្រុមការងារដែលត្រូវដោះស្រាយហ្នឹង គេថា បើឥលូវលុបអាហ្នឹងហើយ ថាតើគណៈកម្មការរបស់ក្រសួងបរិស្ថានត្រូវបន្តដោះស្រាយ ឬរុញទៅឲ្យគណៈកម្មការដោះស្រាយជម្លោះដីធ្លីសម្រាប់ប្រទេសកម្ពុជារួមតែម្តង ដែលមានលោក ជា សុផារ៉ា ជាប្រធាន។ អញ្ចឹង យើងរង់ចាំចំលើយហ្នឹងសិន។ អញ្ចឹង ដើមខែបួន បងតេឡេហ្វូនមកសួរខ្ញុំចុះថា តើយើងទទួលបានចំលើយហើយនៅពីបញ្ហាហ្នឹង»

វីអូឌី មិនសុំការឆ្លើយតប​ពីតំណាងក្រុមហ៊ុន UDG ជុំវិញវិវាទដីធ្លីនេះ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ក្រុមអ្នកភូមិព្រមទទួលយកដំណោះស្រាយរបស់រដ្ឋាភិបាលដែលសម្រេចផ្តល់ជាសំណង ប៉ុន្តែពលរដ្ឋសុំឲ្យការផ្តល់សំណងនោះសមរម្យអាចទទួលបានទាំងអស់គ្នា ដោយពុំមានការបង្ខំ និងបណ្តេញចេញ។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនការដោះស្រាយជូនពលរដ្ឋឲ្យបានឆាប់ ដើម្បី​បញ្ចប់​វិវាទដីធ្លីមួយ​នេះ ដែល​លោក​ថា កើតឡើងដោយសារតែរដ្ឋាភិបាលផ្តល់ដីឲ្យ​ក្រុមហ៊ុនធ្វើការអភិវឌ្ឍ។

​លោកបន្ថែមថា៖ «អាជ្ញាធរគួរតែបង្ហាញឆន្ទៈក្នុងការដោះស្រាយជម្លោះជូនប្រជាពលរដ្ឋបានចប់ទៅ ព្រោះថា ជម្លោះនេះកើតឡើងដោយសារ​រដ្ឋាភិបាលផ្តល់ដីទៅឲ្យក្រុមហ៊ុន ហើយនៅពេលជម្លោះកើតឡើងហើយ យើងជាអាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងបរិស្ថានហ្នឹង មិនមានការខិតខំប្រឹងប្រែងដោះស្រាយទេ ដោយបណ្តោយឲ្យប្រជាពលរដ្ឋរងគ្រោះបែបហ្នឹង»។ 

កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៣ម៉ឺន ៦ពាន់ហិកតា​ ស្ថិត​នៅក្នុង​ស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ទៅ​ដល់​ក្រុមហ៊ុន​ចិន​ ញូញៀន ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ។

អ្នកភូមិអះអាងថា ដំបូងឡើយគម្រោងនេះ បានធ្វើឲ្យប៉ះពាល់ដី​ធ្លី​ទំហំ​ជាង ៦​ពាន់​ហិកតា​របស់​ប្រជាពលរដ្ឋជាង ២០០គ្រួសារ​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​នោះ ប៉ុន្តែ ក្រោយមក ក្រុមហ៊ុន និងរដ្ឋាភិបាលបានសម្របសម្រួលដោះស្រាយជូនពលរដ្ឋបានមួយភាគធំ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារ​ទៀត ស្ថិតក្នុង​ឃុំតានូន ឃុំកោះស្តេច ឃុំភ្ញីមាស ឃុំព្រែកខ្សាច់ និងឃុំថ្មស ដែលមានដីទំហំជិត ១ពាន់ហិកតាទៀត​នោះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយឆ្នាំ២០១៨កន្លង​មក​នេះ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០​ករណីទៀត នៅ​មិនទាន់ត្រូវ​បានដោះស្រាយចប់​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ចុង​ឆ្នាំ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ