អតីត​មន្ត្រី​ជាន់​ខ្ពស់ CNRP ថា នឹងជំរុញឱ្យដោះលែងលោក កឹម សុខា ក្រោយ​ទទួល​បាន​សិទ្ធិ​​នយោបាយ​​ឡើង​​វិញ​

សន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីពន្យល់ និងបកស្រាយចំពោះការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោក រួមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូបផ្សេងទៀត។ រូបភាព៖ សូត សុខប្រាថ្នា

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ៦រូប ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយ​​ បាន​អះអាងថា ពួកគេនឹងបំពេញការងារផ្នែកការទូត និងការងារនយោបាយ ហើយ​ថា ​កិច្ចការ​ទាំង​ទាំង​ពីរ​នេះនឹងជំរុញឱ្យមានការជជែកគ្នារវាងមេដឹកនាំខ្មែរ ឈានទៅរកដំណោះស្រាយជាតិរួម​ ពិសេស​ជំរុញឱ្យមានការដោះលែង​លោក កឹម សុខា។

ថ្លែងក្នុងសិន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ​នេះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលថ្លែងតំណាងឱ្យអតីតមន្ត្រី ៤​រូបផ្សេងទៀតដែលមានវត្តមាន​នោះ អះអាងថា ពួកលោកនឹងនៅតែបន្តជីវិតនយោបាយគណបក្សសង្រ្គោះជាតិដដែល បើទោះបីជាបក្សនេះ​ បច្ចុប្បន្ន ​មិនទាន់រស់ឡើងវិញក៏ដោយ។

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​បន្ថែម​ថា លោក​នឹងធ្វើកាងារមួយចំនួន ដើម្បីជំរុញឱ្យដោះលែង​លោក កឹម សុខា និងផ្តល់សិទ្ធិធ្វើនយោបាយជូនលោកវិញ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលផ្តល់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់​ទាំងអស់ ជូនអតីតមន្ត្រីជាប់ឆ្នោតនេះឡើងវិញទៀតផង។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា៖ «ទីពីរ យើងនឹងធ្វើសកម្មភាពការទូតនៅក្នុងប្រទេសមួយចំនួន ដើម្បីឡប់ប៊ីឱ្យទូតមួយចំនួនអន្តរាគមន៍ ដើម្បីឱ្យមានការជជែកគ្នារវាងខ្មែរនឹងខ្មែរ ក្នុងការដោះលែងលោកប្រធាន កឹម សុខា ហើយយើងនឹងបង្កើតកម្មវិធីមួយចំនួន ដើម្បីគាំទ្រដល់ក្រុមគ្រួសារលោក និងការរស់នៅរបស់លោកមានបញ្ហានៅក្នុងផ្ទះ»

ទោះជាយ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​នៅ​ថ្ងៃនេះ​ផងដែរ​​ថា អតីតមន្ត្រីគណបក្សសង្រ្គោះជាតិដែលទើបទទួលបានសិទ្ធិធ្វើនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ​ក្នុងរូបភាពបក្សប្រឆាំងមួយនេះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «អីចឹងទេ គេមានសិទ្ធិធ្វើនយោបាយ ជួបជុំក្រុមអ្នកគាំទ្រ ប៉ុន្តែ សុំបញ្ជាក់ អាបក្សមួយដែលស្លាប់ទៅហើយ គេមិនត្រូវធ្វើសកម្មភាពតាមរូបភាពបក្សនេះទេ។ អត់បានទេៗ ប៉ុន្តែ គេអាចធ្វើសកម្មភាពជួបជុំអតីតអ្នកគាំទ្របក្សហ្នឹងក្នុងទម្រង់ណាមួយ រឿងរបស់គេ ប៉ុន្តែ ទម្រង់អាងាប់ វាអត់រស់ឡើងវិញទេ»

អ្នកវិភាគនយោបាយ​លោក ឯម សុវណ្ណារ៉ា មើលឃើញថា ​អតីតមន្ត្រីបក្សប្រឆាំងដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានសិទ្ធិស្នើ ឬជំរុញឱ្យដោះលែងប្រធានរបស់ខ្លួន ​​ប៉ុន្តែ ការទាមទារតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបាត់បង់ ​អ្នក​វិភាគ​រូប​នេះថា ជារឿងដែលពិបាក​កើតឡើង​។

ប៉ុន្តែ ក្នុងស្ថានការណ៍បច្ចុប្បន្ន លោក សុវណ្ណារ៉ា អះ​អាង​ថា មានតែសម្ពាធអន្តរជាតិប៉ុណ្ណោះដែលអាចធ្វើឱ្យ​បក្សកាន់អំណាចបន្ទន់ឥរិយាថរបស់ខ្លួន និងជំរុញឱ្យមានការផ្សះផ្សាជាតិពិតប្រាកដកើតឡើង។

លោកបន្តថា៖  «អ្នកធ្វើនយោបាយឡើងវិញ គាត់អាចស្នើសុំឱ្យប្រធានបក្សរបស់គាត់ហ្នឹងមានសេរីភាព ប៉ុន្តែ ប្រធានបក្សមានសេរីភាពជាយន្តការមួយ គេអាចឆ្លើយតប ប៉ុន្តែ យន្តការមួយទៀត រដ្ឋាភិបាល និងគណបក្សកាន់អំនាចមិនឆ្លើយតបទេ។ រឿងនេះ ការផ្តល់សុពលភាពគណបក្សគាត់ឡើងវិញ។ ​កាលណាផ្តល់សុពលភាពគណបក្សគាត់ឡើងវិញ ហើយទាមទារអាសនៈនៅមូលដ្ឋានឃុំ-សង្កាត់ហ្នឹង ខ្ញុំគិតថាវាមិនអាចទៅរួចទេ »។

គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល​ និង​ដកហូតតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់​ រហូតដល់តំណែងតំណាងរាស្ត្រ​គណបក្សប្រឆាំង ទៅចែកជូនគណបក្សផ្សេងទាំងស្រុងកាលពីចុងឆ្នាំ២០១៧។

លើសពីនេះ ​មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ១១៨រូប ត្រូវបានតុលាការហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

មកទល់បច្ចុប្បន្ន មានអតីតមន្ត្រីបក្សប្រឆាំងជាប់បម្រាមចំនួន ៩​រូប​ ដែលបានដាក់លិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយពួកគេទាំងនោះក៏ទទួលបានសិទ្ធិធ្វើនយោបាយឡើវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ