​វិភាគ​៖​ ​តើ​កា​រ​​​សុំ​​សិ​​ទ្ធិ​​​ធ្វើ​​ន​យោបាយ​រ​បស់​ម​ន្ត្រី ជា​កា​​រ​បើ​ក​​ផ្លូវ​​ឲ្យ​​ដោះ​​លែ​ង លោ​ក​​ កឹម​​ សុ​ខា​​ ឬ​​?​​

លោក កឹម សុខា នាពេលកន្លងទៅ

គិតត្រឹមថ្ងៃចន្ទនេះ មានអតីតមន្ត្រីបក្សប្រឆំាង ៩នាក់ហើយ ត្រូវបានផ្តល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ​ ក្រោ​យ​ពី​ពួក​​​គេអនុវត្ត​តាម​ច្បាប់​ដែល​តាក់​តែង​​ឡើងដោយតំណាងរាស្ត្របក្សកាន់អំណាច។

អ្នកទាំង ៩នាក់នោះ ភាគច្រើនជាអតីតអ្នកតំណាងរាស្ត្រ​​ ដែលត្រូវតុលាការកំពូលហាមធ្វើន​យោបាយកា​លពីចុ​ង​ឆ្នាំ​​​២​​០១៧ ជាមួយ​មន្ត្រី ១១៨​នាក់ផ្សេងទៀត ខណៈជម្លោះនយោបាយឈាន​ទៅរំលាយគណប​ក្សប្រឆាំង និងចាប់​ឃុំខ្លួ​​នប្រធានគណបក្ស លោក កឹម សុខា។

​រលកនៃការដើរចេញរបស់អតីតអ្នកតំណាងរាស្ត្រ​បក្សប្រឆាំង ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ ចំពេល​ដែល​ស្ថា​ន​​ការណ៍​នយោ​បា​យ​នៅមិ​នទាន់ស្តារឡើងវិញ តាមការជំរុញរបស់សហគមន៍អន្តរជាតិនៅឡើយ ដូច​ជា​​ កា​រ​ទាមទារឲ្យគណបក្ស​ប្រឆាំងបាន​ដំ​ណើរ​ការ​ឡើងវិញ និងដោះលែងលោក កឹម សុខា ជាដើម។

ភាពចម្រូងសម្រាសនេះ បង្កើតបានជាសំណួរថា៖

តើការទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុង​ការ​​លៈទេសៈនេះ ជា​​ការ​​​​បើក​ផ្លូវ​ឲ្យដោះ​លែង​លោក កឹម សុខា ឬទេ ?

អ្នកវិ​ភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ វិភាគថា លទ្ធភាពតិចបំផុត ដែលថា រលកនៃការចាក​ចេញទៅសុំសិទ្ធិធ្វើន​យោ​បា​​យនៅ​ពេលនេះ ជា​ការ​ត្រួសត្រាយផ្លូវឲ្យដោះលែងលោក កឹម សុខា បើពិនិត្យពីដើមចម​មុនរំលា​យ​គ​ណ​បក្សប្រឆាំង និងមានការចាប់ឃុំខ្លួនមេដឹកនាំគណបក្សនេះ។

ប៉ុន្តែ អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា គណបក្សកាន់អំណាចកំពុងលេងល្បែងដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ បើនៅបន្តឃុំខ្លួនលោក កឹម សុខា។

អ្នកវិ​ភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់

កញ្ញា លី ស្រីស្រស់ ប្រាប់​ថា៖ «ពីព្រោះថា សហភាពអឺរ៉ុប ក៏បានទាមទារឲ្យដោះលែងលោក កឹម សុខា ដែរ។ អញ្ចឹង បើសិនជា​រដ្ឋាភិបា​ល​ដោះ​​​លែង វាជាចំណុចវិជ្ជមានមួយ ដែលរដ្ឋាភិបាលបានធ្វើ ហើយក៏បាន​ជួយឲ្យប្រ​ទេសជាតិយើ​ងមិនជួប​ហានិ​ភ័យ​ដែរ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការដោះលែងលោក កឹម សុខា អាចកើតឡើងលុះ​ណាតែ​សញ្ញា​បែកបាក់​រវាងលោក កឹម សុខា និងលោក សម រង្ស៊ី បានចូលមកដល់។

អ្នកវិភាគរូបនេះ វិភាគថា ចរន្តនយោបាយពេលនេះ អាចជាយុទ្ធសាស្ត្រ​បន្សាបឥទ្ធិពលបក្សប្រឆាំងតាមរយៈ​កាត់ផ្ដាច់មេដឹកនាំចេញពីសមាជិក ក៏​ថា​បាន។

ប៉ុន្តែ លោក ឯម សុវណ្ណារ៉ា វិភាគថា យុទ្ធសាស្ត្របែបនេះ នឹងជំរុញកម្ពុជាជាប់ទណ្ឌកម្ម​ពីសហគ​មន៍អន្ត​​រ​ជា​តិ បើ​រដ្ឋាភិបាល​មិន​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដមួយ​បែបអឺរ៉ុប ដូចមានចែង​ក្នុងកិច្ចព្រ​មព្រៀង​ទី​ក្រុង​ប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា៖ «បើសិនជាឈរលើគោលការណ៍ប្រជាធិបតេយ្យបែបកម្ពុជាហ្នឹង កម្ពុជាប្រឈមនឹង​ហានិភ័យ​នៃការបា​​ត់​បង់ EB​A ហ្នឹងហើយ។ គួរតែរកដំណោះស្រាយ រកវិធានការ រកវិធីសាស្ត្រឆ្លើយតប​នូវអ្វី​ដែលសហភាពអឺរ៉ុប​គេលើ​កឡើ​ង ដែ​ល​កម្ពុជាយើងខ្វះខាតកន្លែងណា កុំឲ្យឈរលើទស្សនៈប្រជាធិបតេយ្យបែបកម្ពុជា។ ខ្ញុំគិតថា យើងអា​ចប្រ​ឈ​​មនឹងការបាត់បង់»

អ្នកវិភាគនយោបាយនៅឯក្រៅប្រទេស លោក​ គឹម​ សុខ មានប្រសាសន៍ថា រលកនៃការដើរចេញ​ទៅសុំសិទ្ធិ​ធ្វើ​នយោបាយនេះ ជា​សញ្ញា​ប្រេះឆា​ស្រាប់ផ្ទៃក្នុង តែលោកថា មិនមែនជាកត្តាជំរុញ​បក្សប្រឆាំងឲ្យ​ធ្លាក់​ប្រជាប្រិយភា​​ព ឬបែ​ក​​បា​ក់ផ្ទៃក្នុងទេ បើលោក កឹម សុខា និងលោក សម រង្ស៊ី នៅតែ​មា​ន​​ជំហររួមគ្នានោះ បើទោះបី​ចំនួនអ្នក​ទៅ​សុំ​សិទ្ធិ​នេះ​ កើនឡើង ៥ដង​ទៀ​ត​​​​ក៏ដោយ។

លោក គឹម សុខ វិភាគទៀតថា ចរន្តដើរចេញនេះ ក៏គ្មានឥទ្ធិពលអ្វីទៅត្រួសត្រាយផ្លូវ​ឲ្យដោះលែងលោក កឹម សុខា ដែរ ហើយ​ថា បើ​ទោះ​បី​ជា​មានការស​ន្យាណាមួយពីគ​ណបក្សកាន់អំ​ណាច ក៏ការសន្យានោះ ស្ថិតក្នុងរូ​បភា​ព​​បោក​បញ្ឆោតដែរ។

លោក គឹម សុខ វិភាគថា លទ្ធភាពនៃការដោះលែងលោក កឹម សុខា លុះណាតែគ​ណបក្សកា​ន់អំ​ណាច​​ដែលដឹ​ក​នាំ​ដោយលោក ហ៊ុន សែន ទប់នឹងសម្ពាធអន្តរជាតិលែងជាប់។

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោក គឹម សុខ មាន​ប្រសាសន៍ថា៖ «ប្រសិនបើការផ្តល់សេរីភាពឲ្យលោក កឹម សុខា ធ្វើនយោបាយពេញលេញ ហើយគំរាមយ៉ាង​ខ្លាំងទៅ​ដ​ល់​​អំ​ណាចរបស់លោក ហ៊ុន សែន នោះច្បាស់ណាស់ លោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ដាច់ខាត»

ជម្លោះនយាបាយនៅកម្ពុជាដែលបានផាត់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា​ចេញពីឆាកនយោបាយនេះ ជំ​រុញឲ្យសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុបនាំមុខគេ គំរាមផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ពិសេសសហភាពអឺរ៉ុប​កំពុង​ដំ​​ណើ​រ​ការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយ​ទុក​ពេល ១៨ខែ គិតពីថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៩។

ជ្រុងមួយទៀតដែលអ្នកវិភាគព្យាករទុកពីលទ្ធភាពនៃការដោះលែង លោក កឹម ​សុខា នោះ គឺនៅពេល​ដែលប​ក្ស​​កា​ន់អំណាច ទប់​ទល់​ទៅ​នឹង​វិធា​នកា​រអន្តរជាតិ​លែងរួច រដ្ឋាភិបាលកម្ពុជាអាចនឹងកែរដ្ឋធម្មនុញ្ញ​ដូច​ប្រទេ​​​ស​ថៃ ដោយទុ​កឲ្យរដ្ឋសភា និងព្រឹ​ទ្ធសភា រួម​គ្នា​ផ្តល់​ទំនុក​ចិត្ត​បង្កើតរដ្ឋាភិបាលជំនួសវិញ ដែលថាយន្តការនេះ លោ​​ក ​ហ៊ុន សែន អាចគេចផុត​ពីទណ្ឌកម្មអន្ត​រជាតិផង ​និង​អាច​បន្ត​ដឹកនាំ​ប្រទេស​បាន​យ៉ាង​តិច ១០ឆ្នាំ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ