រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​បញ្ជាក់​​ជា​ថ្មី​​ថា សិស្ស​ពិការ​ចូល​រៀន​ថ្នាក់​ឧត្តម​ដោយ​មិន​បង់​ថ្លៃ​

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។ (វីអូឌី)

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងជាថ្មីថា សិស្សដែលមាន​ពិការភាពអាចចូលរៀនថ្នាក់ឧត្តម ដោយមិនបង់ថ្លៃនោះទេ។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ បានបង្ហោះលើទំព័រហ្វេសប៊ុក​របស់​ខ្លួនថា​ រដ្ឋមន្រ្តីក្រសួងនេះ គឺ លោក ហង់ ជួន ណារ៉ុន បានលើកឡើងថា សិស្ស​ពិការភាពដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ នឹង​ទទួល​អាហារូបករណ៍​ដោយស្វ័យ​ប្រវត្តិនៅ​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងបន្ថែម​ថា ការផ្ដល់អាហារូបករណ៍នេះចាប់ផ្ដើមតាំងពីពេលដែលក្រសួងអនុវត្តកំណែទម្រង់ថ្មី ហើយក្រសួងកំពុងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ។ លោកបន្ថែមថា អាហារូបករណ៍នេះមិនកំណត់និន្ទេសនោះទេឲ្យតែសិស្សពិការភាពដែលប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ គឺអាចទទួលបានអាហារូបករណ៍ទាំងអស់។

លោក មានប្រសាសន៍ថា ៖«មានជាផ្លូវការហើយ គឺនៅក្នុងការងារកំណែទម្រង់នេះតាំងពីអណត្តិមុនមកដល់អណត្តិនេះ។ ហើយជាពិសេស យើងកំពុងបន្តផ្សព្វផ្សាយឲ្យជ្រាបពីគោលនយោបាយហ្នឹង ឲ្យតែគាត់ប្រឡងជាប់ត្រូវទៅតាមលក្ខខណ្ឌហ្នឹង គឺគាត់ទទួលបានគុណសម្បត្តិដែលមានចែងក្នុងគោលនយោបាយហ្នឹងហើយ»។

នាយកប្រតិបត្តិនៃអង្គការ Aideet Action លោក វន សំភាស់ បានប្រាប់សារព័ត៌មាន វីអូឌី ថា លោកសាទរចំពោះគោលនយោបាយក្រសួង ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យជនពិការមានឱកាសរៀនដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជាគំរូ​ដល់ជនពិការជំនាន់ក្រោយឲ្យចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោក លើកឡើងថា៖ «ជាសង្គមស៊ីវិល យើងសាទរមែនទែនចំពោះគោលនយោបាយរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តឲ្យយុវជនពិការរបស់យើងហ្នឹង មានឱកាសរៀនដល់ឧត្តមសិក្សា ព្រោះគាត់នឹងក្លាយជាធនធានមនុស្សមួយ ជាគំរូ​លើកទឹកចិត្តអ្នកពិការជំនាន់ក្រោយឲ្យព្យាយាមរៀនសូត្រ ហើយអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាមួយគ្នា»។

រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ថ្លែងក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា សិស្សមានពិការភាពដែលកំពុងរៀននៅគ្រប់កម្រិតសិក្សាមានចំនួន ៦០៦១០នាក់ និងបុគ្គលិកអប់រំដែលពិការភាពមានចំនួន១២៥២នាក់៕​
 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ