មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​​ស្នើ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ទាំង​ឡាយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​ក្នុង​ពេល​ចុះល្បាត​​

មន្ត្រីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ ខណៈដែលកម្លាំងចម្រុះកំពុងល្បាតព្រៃ កាលពីវេលាម៉ោង៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញឱ្យពលរដ្ឋទាំងឡាយ ពិសេសមន្ត្រីឧទ្យានុរក្សទាំងអស់ប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការបំពេញការងារការពារធនធានធម្មជាតិនៅក្នុងតំបន់របស់ខ្លួន។

ការស្នើសុំនេះ ក្រោយពេល​មន្ត្រីឧទ្យានុរក្សម្នាក់នៅខេត្តកំពង់ធំ ត្រូវបានជនល្មើសកាប់ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រ្តា មានប្រសាសន៍ថា មន្ត្រីបរិស្ថាន និងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនល្មើសដែលបានកាប់មន្ត្រីឧទ្យានុរក្សនៅ​ឃុំក្រយា ស្រុកសន្ទុក ប៉ុន្តែលោកមិនទាន់អាចជម្រាបជូនអំពីលទ្ធផលនៃការស៊ើបអង្កេតនោះបានទេ។

ជាមួយគ្នានេះ លោកស្នើសុំឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត និងបង្កើនកិច្ចសហការរវាងមន្ត្រីជំនាញជាមួយសហគមន៍ ព្រមទាំងសមត្ថកិច្ចរាល់ពេលចុះល្បាត ឬបំពេញភារកិច្ចការពារព្រៃឈើ​។

លោកមានប្រសាសន៍ថា៖ «ការប្រុងប្រយ័ត្ន ក្នុងការចុះល្បាត ទាំងប្រជាសហគមន៍ផងដែរ ដែលចាំបាច់គឺ ត្រូវជូនដំណឹងឱ្យគ្នាទៅវិញទៅមក ដើម្បីជួយការពារសុវត្ថិភាពគ្នា។ ទីពីរ យើងក៏អំពាវនាវទៅដល់ប្រជាពលរដ្ឋទូទៅចូលរួមទាំងអស់គ្នា ក្នុងការការពារសុវត្ថិភាព។ ហើយសុំឱ្យជនល្មើស​ចាត់ទុកមន្ត្រីឧទ្យានុរក្សរបស់យើង កុំចាត់ទុកជាសត្រូវ ព្រោះយើងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនេះ គឺ សម្រាប់មនុស្សទាំងអស់គ្នា »។

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា បង្ហើបថា ការស៊ើបអង្កេតករណីកាប់ទៅមន្ត្រីឧទ្យានុរក្សនៅឃុំក្រយា សមត្ថកិច្ចបានរកឃើញតម្រុយខ្លះៗហើយ ប៉ុន្តែ លោកមិនបានបកស្រាយលម្អិតទេ។

មន្ត្រីរូបនេះ ថាការប្រុងប្រយ័ត្នរបស់មន្ត្រីខ្លួនតែងតែមាន ប៉ុន្តែ បញ្ហាប្រឈមនៅតែអាចកើតឡើង។

លោក បន្ថែមថា៖ «ប៉ុន្តែ អ្វីដែលហេតុការណ៍ដែលយើងជួបប្រទះ នឹងកើតឡើងនោះ គឺយើងមិនសន្និដ្ឋានបានមុនទេ។ ប៉ុន្តែ វិធានការយើង យើងឱ្យមន្ត្រី ចុះល្បាតហ្នឹងមានការប្រុងប្រយ័ត្ន»។

អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញការពារព្រៃឡង់ លោក សេង សុខហេង យល់ថា ជីវិត​អ្នកការពារព្រៃឈើ ទាំងមន្ត្រីជំនាញ និងប្រជាសហគមន៍ អាចប្រឈមគ្រប់ពេលជាមួយក្រុមជនល្មើស។

លោកថា កន្លងមក ខាងសហគមន៍ការពារព្រៃឈើតែងបង្កើនការប្រុងប្រយ័ត្ន ដូចជា សហការជាប្រចាំជាមួយមន្ត្រីជំនាញឬ អាជ្ញាធរ។ ចុះបំពេញការងារជាក្រុម ចែកវេនគ្នាយាមនៅពេលយប់ និងវិធីសាស្ត្រមួយចំនួនទៀត។

យ៉ាងនេះក្តី​ ដើម្បីកាត់បន្ថយហានិភ័យពីក្រុមជនល្មើសឱ្យកាន់តែមានប្រសិទ្ធភាព លោក សុខហេង ជំរុញឱ្យមានការអនុវត្តច្បាប់ឱ្យបានម៉ឺងមាត់ លុបបំបាត់អំពើពុករលួយ បោសសម្អាតឬ ដកហូតអាវុធកែច្នៃទាំងអស់ជាដើម។

លោក មានប្រសាសន៍ថា៖ «មានន័យថា ប្រសិនបើភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋតែម្តង គ្រប់លំដាប់ថ្នាក់ គាត់អនុវត្តច្បាប់តឹងរ៉ឹង ដោយមិនមានស្តង់ដាពីរបី អីចឹងទៅ ខ្ញុំគិតថា វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយទាំងបទល្មើស កាត់បន្ថយទាំងអំពើហិង្សា » ។

​កាលពីសប្តាហ៍មុន មន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ ដែលប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានជនល្មើសកាប់ជាច្រើនកាំបិត បណ្តាល​ឱ្យរងរបួសធ្ងន់ ខណៈ​ក្រុមខ្លួនចំនួន៥នាក់ ចុះល្បាតព្រៃជួបប្រទះឃើញជនល្មើសចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃ ទន្ទ្រានយកដី​ធ្វើចម្ការ។

កាលពីចុងខែមករា មន្ត្រីឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រដាប់ដោយកាំភ្លើងបាញ់​ឱ្យរងរបួសចំភ្លៅ អំឡុងពេល​ចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រ​ដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីដែរ។

ក្រៅពីករណីមន្ត្រីឧទ្យានុរក្សទាំងនេះ ក៏មានករណីបាញ់ និងវាយប្រហារទៅលើមន្ត្រីបរិស្ថាន និង សកម្មជនការពារធនធានធម្មជាតិជាច្រើនទៀតផងដែរ។​ ក្នុងចំណោមករណីទាំងនោះ ការបាញ់សម្លាប់អតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វទ្ធី កាលពីឆ្នាំ២០១២ គឺជាករណីដ៏ល្បីល្បាញមួយ ខណៈយុត្តិធម៌សម្រាប់គ្រួសារ និងជនរងគ្រោះលើសំណុំរឿងនេះនៅមិនទាន់មាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ