តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនមន្ត្រីអាវុធហត្ថម្នាក់ ​ក្រោយ​​ពី​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ​

​លោក​ សាន្ត​ សុខុម​ កូនប្រុស​លោក​សាន្ត​ ប៊ុនថាន​ មេ​ប៉េអឹម​ខេត្ត​ក្រចេះ​ នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ ចូល​បង្ហាញ​ខ្លួន​នៅ​ទីបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ចាម​ ដេីម្បី​ទទួល​ទោស​កំហុស​។ រូបភាព៖ cpc-news

សាលាដំបូងខេត្តកំពង់ចាម បានសម្រេចឃុំខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅពន្ធនាគារបណ្ដោះ​អាសន្ន​ក្រោយពីមន្រ្តី​រូបនេះដកកាំភ្លើងគំរាមពលរដ្ឋកាលពីថ្ងៃកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩​កន្លងមក។

ដីកាបង្គាប់ឲ្យឃុំខ្លួនចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃនេះ ឲ្យដឹងថា តុលាការ បានសម្រេចឲ្យឃុំខ្លួនមន្ដ្រីអាវុធហត្ថ ឈ្មោះ សាន្ដ សុខុម នៅពន្ធនាគារបណ្ដោះអាសន្ននៅថ្ងៃនេះ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ»

លោក សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​កំពង់ចាម​ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ត្រី និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍​ត្រី សាន្ត ប៊ុនថាន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​តុលាការ​ខេត្តកំពង់ចាម​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ ក្រោយ​ពី​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​ប្ដឹង​ថា បាន​ប្រើ​អំពើ​ហិង្សាដោយ​ចេតនា និង​គំរាម​កំហែង​បាញ់​សម្លាប់នៅ​ក្នុង​ជម្លោះ​មួយ​កាល​ពី​សប្ដាហ៍​មុន។

វីដេអូ​កាមេរ៉ា​សុវត្ថិភាព​មួយ បាន​បង្ហាញ​បុរស​ម្នាក់​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​ បាន​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀត នៅ​ឯ​ហាង​​អ៊ីនធឺណិត​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម។

ក្រោយមានហេតុការណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ព្រមាន​ដក​តំណែង​មេ​ប៉េអឹម​ខេត្ត​ក្រចេះ បើសិនជាមិនបញ្ចុះបញ្ចូលកូនប្រុសដែលដកកាំភ្លើងគំរាមពលរដ្ឋនៅខេត្តកំពង់ចាម ចូលមកដោះស្រាយនៅតុលាការ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ