​លោក​ ​ហ៊ុន​​​ សែន​​ បញ្ជាក់​​ជំហ​រ​ថា​​កង្វល់​អន្តរជាតិ​មិន​មែន​​បន្ទាត់​​​នយោ​បាយ​​ក​ម្ពុ​ជា​​ទេ​

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន ថ្លែងក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0)។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន លើកឡើងថា កង្វល់របស់​អន្តរជាតិ​មិនមែន​ជាបន្ទា​ត់ន​​យោ​​​បា​​យ​រប​​ស់​ក​ម្ពុ​ជា​​ទេ​ ខណៈក្រសួងការបរទេសកម្ពុជា​ធ្លាប់ចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជា កំពុងឆ្លើយ​ត​ប​​ទៅ​​​​នឹង​កង្វល់​របស់សហភាពអឺរ៉ុបជុំវិញ​ល​​ក្ខខ​ណ្ឌ EBA។

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០១៩ នៅរា​ជធា​នី​ភ្នំ​ពេ​ញ នាថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានបន្តលើ​​កឡើង​ពីភាពលំអៀងរបស់សហភាព​អឺរ៉ុប​ ដែលថាផ្តោតលើ​តែកម្ពុជា ប៉ុន្តែមិន​បានចា​ត់​វិធានការ​ទៅលើប្រទេស​ក្នុងតំបន់មួយចំនួនទៀត ដូចជា ប្រទេសថៃ និងមីយាន់ម៉ា ជាដើម ដែល​កំពុង​អនុ​វត្តច្បាប់របស់ពួកគេតែរៀងៗខ្លួនលើដំណើរការបោះឆ្នោត។

មេដឹកនាំកម្ពុជារូបនេះបានអះអាងថា លោកបានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន រួចហើយថា កង្វល់រ​បស់អន្តរជាតិខ្លះមិនមែនជាច្បាប់តម្រូវឲ្យកម្ពុជាអនុវត្តទេ។

លោកថា៖ «មិនមែនជាការជូនសារអីទៅនរណាទេ ក៏ប៉ុន្តែ កង្វល់របស់អ្ន​កដទៃមិនមែនជាប​ន្ទាត់​នយោបាយ​ និង​ជា​​​ច្បា​ប់ដែល​​កម្ពុជាត្រូវអនុវត្តទេ។ កម្ពុជាត្រូវមានច្បាប់របស់ខ្លួន អនុវត្តច្បាប់រ​បស់ខ្លួនមួយដោ​យលែក។ ប្រទេ​សដទៃសុ​ទ្ធតែមានស្ថានភាពខុសៗគ្នា។ បើទទួលស្គាល់ថា ប្រទេសដទៃមានស្ថានភាពខុសៗគ្នា ម៉េចក៏មិនទទួល​ស្គាល់​ថា កម្ពុ​ជា​មា​​នស្ថានភាពខុសគេដែរ»។

ទោះជាការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ មិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែកាល ថ្ងៃទី២០ ខែមីនានេះ ក្រ​សួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយពីជំនួបជាមួយគណៈប្រតិភូអឺរ៉ុប ថារដ្ឋាភិបា​លក​ម្ពុជា​នឹងបន្តសហការជាមួយសហភាពអឺរ៉ុប ក្នុងការលើកតម្តើងសិទ្ធិមនុស្ស ការពង្រឹ​ងល​​ទ្ធិ​ប្រ​​​​ជា​ធិបតេយ្យ និង​នីតិរដ្ឋ ដោយចាត់ទុកថា ប្រព័ន្ធអនុគ្រោះ​ពន្ធ EBA របស់សហភាពអឺរ៉ុប មានសារៈ​សំខាន់ស​ម្រាប់​​សេដ្ឋកិច្ច កម្មក​​រ​ និងព​ល​រដ្ឋ​កម្ពុជា។

លោក ប្រាក់ សុខុន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «វិធានការចុង​ក្រោយមួយចំ​នួនដែលរដ្ឋាភិបា​ល​​បា​ន​​នឹ​​​ងកំពុងប្រកាន់យក ដើម្បីឆ្លើ​យតបទៅនឹ​ងការព្រួយ​បារ​ម្ភរបស់ EU ពាក់ព័ន្ធនឹងលំហនៃប្រជាធិបតេយ្យ សេរី​ភាព​សង្គ​​មស៊ីវិ​ល សិទ្ធិការងារនិងបញ្ហាដីធ្លី»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ហៅសារនយោបាយនេះថា អាច​ជាការ​ទាញ​ទម្លាក់ជីវភាពពលរដ្ឋ ដោយថា បើស្ថានភាពសិទ្ធិមនុស្សមិនត្រូវបានស្តារឡើងវិញ ដូចការជំរុញរប​ស់សហ​គមន៍​​អ​ន្ត​​​រ​ជាតិ អំណោយផលសេដ្ឋកិច្ច និងទីផ្សារការងារពីសហភាពអឺរ៉ុប និងអាមេរិកនឹងត្រូវបាត់បង់។

លោក អំ សំអាត បារម្ភថា ពេលនោះហើយ រដ្ឋាភិបាលនឹងមិនបានបំពេញកា​តព្វកិច្ចធានាដល់សិទ្ធិរស់​រានមា​​នជីវិ​តរ​ប​​​​ស់​ពល​រដ្ឋ​​ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «យើងជាសង្គមស៊ីវិលគ្រាន់តែសំណូមពរ ទី១ ត្រូវថ្លឹងថ្លែងគិតពីប្រយោជន៍ជាតិ ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើ​យត្រូវគិតពីផលប្រយោជន៍​សេដ្ឋកិច្ចជាតិជាធំ ពី​ព្រោះសេដ្ឋកិច្ច​ជាតិនេះ វាមានចរ​ន្តធំណាស់សម្រា​ប់ប្រ​ជា​ព​​ល​រដ្ឋ»។

អ្នកវិភាគនយោបាយ លោក ហង្ស វិទូ មានប្រសាសន៍ថា ការបង្កើនកម្តៅការទូតជាមួយប្លុកលោកសេរី មានស​ហរដ្ឋ​អា​មេរិក និងសហភាពអឺរ៉ុប ជាដើម លោកថា កម្ពុជាអាចនឹងខ្វះលទ្ធភាព​ប្រកួតប្រជែ​ងជាមួយ​បណ្តា​ប្រ​ទេ​​​សក្នុងតំបន់ ។

អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា លក្ខខណ្ឌរបស់អឺរ៉ុបដែលទាមទារឲ្យប្រគល់សងអាសនៈឃុំ-សង្កាត់ ឲ្យទៅ​បក្សប្រ​ឆាំងវិញ ជារឿងអាម៉ាស់សម្រាប់បក្សកាន់អំណាចប្រគល់សងវិញតាមការទាមទាររបស់អឺរ៉ុប។ លោកបន្តថា ការដែលអឺរ៉ុប ជំរុញឲ្យបោះឆ្នោតឡើងវិញ ដែល​មាន​គ​ណប​ក្សប្រឆាំងចូលរួម ក៏ជាក្តីបារម្ភរបស់បក្សកាន់អំណាចដែរ ព្រោះថា លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ និង២០១៧ ដែល​បក្សប្រឆាំងកើនប្រជាប្រិយភាពជាបន្តបន្ទាប់ ជាសញ្ញាណភ័យខ្លាចរបស់បក្សកាន់អំណាច។

ប៉ុន្តែ លោក ហង្ស វិទូ វិភាគថា បើរដ្ឋាភិបាលគិតពីប្រយោជន៍ជាតិ ហើយតម្កល់ប្រយោជន៍​ពលរដ្ឋជាតិពិត​មែនដូច​ការ​​អះអាងនោះ លោកផ្តល់ជាយោបល់ថា មិនគួឲ្យប្រព័ន្ធអនុគ្រោះពន្ធបាត់បង់នោះទេ។

លោកថា៖ «បញ្ហាណាមួយដែលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ រដ្ឋាភិបាលមិនអាចធ្វើការសម្រេចចិ​ត្តដោយឯក​ឯងបានទេ​។​ អញ្ចឹង ពេ​លខ្លះ គេត្រូវបង្កើតនូវកម្មវិធីមួយ សួរយោបល់ពីប្រជាពលរដ្ឋ។ អ​ញ្ចឹង បើសិនពលរដ្ឋស​ម្រេចថាយ៉ាងម៉េច យើងត្រូវធ្វើទៅតាមការសម្រេច​ចិត្តតាមមតិភាគច្រើនរបស់​ប្រជាពលរដ្ឋ។ មិនមែ​នគេបោះឆ្នោត​ឲ្យ​យើ​​ង​ធ្វើជា​តំណា​ង យើ​ងធ្វើអ្វីតាមចិត្តទេ អាហ្នឹង បើសិនជាយើងជា​អ្នកប្រជា​ធិបតេយ្យពិ​តប្រាកដ យើ​ងត្រូវធ្វើ​បែបហ្នឹង»។

សហភាពអឺរ៉ុបកំពុង​ដំណើរនីតីវិធីក្នុង​ការ​ព្យួរ E​BA ជាបណ្ដោះអាសន្ន​ពីកម្ពុ​ជា ក្រោយ​ពីរក​ឃើញថា រដ្ឋាភិបាល​បានប​រា​ជ័យក្នុងការ​បំ​ពេញ​កាត​ព្វកិច្ច​​ក្រោ​មកិ​ច្ច​ព្រៀម​​ព្រៀង។

អង្គ​ការសមាគមជិត៧០ កាលពីសប្តាហ៍មុន ក៏បានចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការព្រួយបារម្ភពីវិធានការរប​ស់​សហភាពអឺរ៉ុបនេះ ។

សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា បាត់បង់ EBA នឹង​ជះ​ឥទ្ធិពលជាអវិជ្ជមាន​ដោយផ្ទាល់ និ​ងប្រយោ​ល​ដល់​ជី​​វ​ភាពរស់នៅ និងសុខមាលភាពរបស់​ពល​រដ្ឋ រួមទាំ​ង​ការអភិវឌ្ឍនៅកម្ពុជាទាំងមូល។

ក្រុមអង្គការសង្គមស៊ីវិលផ្តល់យោបល់ថា កម្ពុជាអាចគេចផុតពីស្ថានភាពដ៏អាក្រក់នេះបាន ប្រសិនបើ​រដ្ឋា​ភិបាល​ប្រឹងប្រែងបំ​ពេញកតាព្វកិច្ច អនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយមានប្រសិទ្ធិភាព ជាពិសេស​មា​ត្រា៣១។ គោរ​ពធម្ម​នុញ្ញ​អង្គ​ការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និ​​​ងអ​​នុស​ញ្ញា​នានា ​ដែ​​ល​​កម្ពុជា​បាន​ផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ