រដ្ឋាភិបាល​ ​ដាក់​​បញ្ចូល​​អង្គការ​​មិន​​ស្វែង​​រក​​ប្រាក់​​ចំណេញ​​ចូល​​ក្នុង​​ការ​​ត្រួត​ពិនិត្យ​​ការ​​លាង​​លុយ​​កខ្វក់​

អាគារទីស្ដីការគណរដ្ឋមន្ត្រី។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​បញ្ចូល​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ទាំង​អស់​ក្នុងការ​វាយ​តម្លៃ​ពី​ការ​លាង​លុយ​កខ្វក់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០១៩ ដល់​២០២៣។

ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចូល​វិស័យ​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ជា​វិស័យ​ដែល​ងាយ​រង​គ្រោះ​ពី​ការ​សម្អាត​ប្រាក់ជា​មួយ​វិស័យ​មួយ​ចំនួន​ទៀត ​ដែល​មាន​ដូចជា ​វិស័យ​ពាណិជ្ជកម្ម​លោហធាតុ និង​ត្បូង​មាន​តម្លៃ វិស័យ​អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ។

ក្នុង​យុទ្ធសាស្ត្រ​នោះ​សរសេរ​ថា៖ « អាជ្ញាធរ​ត្រូវ​វាយ​តម្លៃ​ពី​កម្រិត​ហានិភ័យ​នៃ​ ស.ប.ហ.ភ (ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម) និង​កំណត់​យន្តការ​ទម្រង់​សមស្រប​នៃ​ការ​គ្រប់គ្រង​ការ​ប្រឆាំង​ ស.ប.ហ.ភ ដោយ​មាន​ប្រសិទ្ធភាព​នៅ​ផ្នែក​នានា​នៃ​វិស័យ​ NPOs នេះ » ។

បើ​តាម​ផែន​ការ​សកម្មភាព​របស់​កម្មវិធី​យុទ្ធសាស្ត្រ​នេះ​ អង្គការ​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ទាំង​អស់​នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​វាយ​តម្លៃ​ពី​ខែ​កក្កដា​ ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ​។

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​៤០៩ ចែង​ថា​ នីតិបុគ្គល​​ដែល​ត្រូវ​រក​ឃើញ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់ ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​១រយលានរៀល ដល់​៥រយលានរៀល ហើយ​លើស​ពី​នោះ​ទៀត​ ក៏​អាច​ប្រឈម​នឹង​ការ​រំលាយ​ស្ថាប័ន​ចោល ហាមឃាត់​ការ​ធ្វើ​សកម្មភាព​ បណ្ដេញ​ចេញ​ពី​លទ្ធកម្ម​សាធារណៈ រឹបអូស​ឬ​បំផ្លាញ​ចោល​ទ្រព្យ​សម្បត្តិ​នៃ​ស្ថាប័ន​ទាំង​នោះ​ផង​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន ជ័យ មាន​ប្រសាសន៍​ថា​ អង្គការ​លោក​ស្វាគមន៍​ចំពោះ​ការ​វាយ​តម្លៃ តែ​លោក​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​​នីតិវិធី​នៃ​ការ​វាយ​តម្លៃ​ និង​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​ការ​វាយតម្លៃ​នេះ​ផង​ដែរ​ ជៀស​វាង​ការ​វាយ​តម្លៃ​តែ​រដ្ឋាភិបាល​តែ​ម្ខាង។

លោក​ថា៖ « ហើយ​នីតិវិធី​នោះ​រៀបចំ​ឡើង​ជា​ឧបករណ៍​ដោយ​ការ​មិន​ពេញ​ចិត្ត ​ឬ​​មាន​បុរេ​វិនិច្ឆ័យ​មុន។ តែ​ដូច​ខ្ញុំ​ថា​អ៊ីចឹង អង្គការ​ខ្ញុំ​គ្មាន​អី​ត្រូវ​លាក់លៀម​ព័ត៌មាន​សាធារណៈ​អី​នោះ​ទេ។ ទាំង​ម្ចាស់​ជំនួយ​ ទាំង​ការ​អនុវត្ត​ការងារ​ យើង​តែងតែ​មាន​ការ​សហការ​គ្នា​ជា​មួយ​អាជ្ញាធរ​រដ្ឋាភិបាល ហើយ​ម្ចាស់​ជំនួយ​របស់​យើង​ភាគ​ច្រើន​សុទ្ធ​តែ​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ផង​ដែរ » ។

ប្រធាន​គណៈកម្មាធិការ​ សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា ​លោក សឿន សារឿន សោកស្ដាយ​ចំពោះ​ការ​សម្រេច​ដោយ​ឯកច្ឆន្ទ​បែប​នេះ ខណៈ​លោក​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់លាស់​ដល់​សង្គម​ស៊ីវិល​ពី​នីតិវិធី​នៃ​វាយតម្លៃ​នេះ​ផង​ដែរ។

លោក​ថា៖ « បើ​សិន​មាន​គណៈកម្មការ​រៀបចំ​ដោយ​មាន​សម​ភាគី​ពី​សង្គម​ស៊ីវិល​ និង​អ្នក​ពាក់​ព័ន្ធ​ចូលរួម​ក្នុង​ការ​ពិនិត្យ​មើល​ចំពោះ​ការ​អនុវត្ត​ហ្នឹង ​ជា​រឿង​ដែល​សំខាន់​មែន​ទែន។ ព្រោះ​រឿង​មួយ​ចំនួន​ត្រូវ​ការ​សង្គម​ស៊ីវិល​ដែល​មាន​ការ​យល់​ដឹង​ពី​ជំនាញ​របស់​ខ្លួន​ផ្ទាល់ ​អ៊ីចឹង​គឺ​អាច​ជួយ​ឲ្យ​មាន​សុភវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ » ។ ​

វិធានការណ៍​ថ្មី​របស់​រដ្ឋាភិបាល​នេះ ​គឺ​បន្ទាប់​ពី​កម្ពុជា​អនុម័ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​ឆ្នាំ​២០១៥  ដែល​ក្នុង​នោះ​ក៏​មាន​ការ​តម្រូវ​ឲ្យ​សង្គម​ស៊ីវិល​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ​១​ឆ្នាំ​ម្ដង​ផង​ដែរ។

កាល​ពី​ពេល​ថ្មី​នេះ ​អង្គការ​អន្តរជាតិ​មួយ​បាន​វាយ​តម្លៃ​សេរីភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​រង​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ រាប់​ចាប់​តាំង​ពី​ការ​ចោទប្រកាន់ និង​ការ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​សង្គម​ស៊ីវិល​ជា​ដើម។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ អង្គការ​សមាគម​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ ៥ ៣៦៣ អង្គការ នៅ​ក្នុង​នោះ​សមាគម​មាន​ចំនួន ២,១៧៩ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ ៣ ១៤៩។

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ ឈ្មោះថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) បានដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយនឹងត្រួតពិនិត្យលំហូរហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម ចេញនិងចូលប្រទេសកម្ពុជា។ ការរដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ FATF អាចនឹងបង្កការលំបាកដល់ក្រុមហ៊ុន ក៏ដូចជាបុគ្គលទូទៅ ក្នុងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ