វិស័យ​ឯកជន ​ស្នើរដ្ឋាភិបាល​​ពង្រឹង​ការ​​ផ្គត់ផ្គង់​អគ្គិសនី ទប់​ស្កាត់​​អំពើពុករលួយ ​និង​ពង្រីក​ទីផ្សារ​អឺរ៉ុប​

អគ្គិសនីកម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

វិស័យ​ឯកជន​មួយចំនួន​ ​ស្នើ​រដ្ឋាភិបាលឲ្យ​​ពង្រឹង​សមត្ថភាព​ក្នុងការ​​ផ្តត់​ផ្គង់​អគ្គិសនី ទប់ស្កាត់​អំពើពុ​ក​​រលួយ​ និង​ពង្រីក​ទីផ្សារ​អឺរ៉ុប​ ដើម្បីជំរុញការវិនិយោគឲ្យកាន់​តែមានប្រសិទ្ធិភាព។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​វេ​ទិ​ការ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃសុក្រ​នេះ​ បាន​បញ្ជា​ក់​ជំហ​រថ្មីទៀត​ថា​ កម្ពុជា​នឹង​សម្រេចគោលដៅ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ​ ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់សហភាពអឺរ៉ុបក៏ដោយ ​។

លោកថា៖ «បើទោះបីជាត្រូវរឹតក្រមានឹងចង្កេះ ដើម្បីស៊ីឲ្យតិចក៏ត្រូវតែធ្វើដែរ ក៏ត្រូវតែរឹតដែរ ដើម្បីការពារឯករាជ្យរបស់ប្រទេស។ បើនរណាមួយហើយឱនក្បាលលិតជើងគេ ដើម្បីទទួលបានភាពអនុគ្រោះ មិនបាច់ធ្វើមេដឹកនាំគេទេ»។

ប្រធានសភា​ធុរកិច្ច​អន្តរជាតិ​ លោក​ ប្រេតុន ការនី ​មានប្រសាសន៍បើទោះបីជាកម្ពុជាពេលនេះ មានវឌ្ឍនភាពនៃកំណែទម្រង់ជាច្រើន ក៏ប៉ុន្តែលោកថា កម្ពុជាត្រូវមានច្បាប់ និងបទបញ្ញតិបន្ថែមទៀតដើម្បីជំរុញទំនើបកម្មវិស័យធុរកិច្ច ខណៈបទបញ្ញត្តិបច្ចុប្បន្នមិនទាន់អនុវត្តឲ្យមានប្រសិទ្ធិភាពនៅឡើយ។

មន្ត្រីរូបនេះបញ្ចាក់ថា បើការអនុវត្តច្បាប់នៅទន់ខ្សោយ វានឹងជំរុញឲ្យការប្រកួតប្រជែងមិនស្មើភាពគ្នា។ លោកបន្តថា ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងតម្លៃសមរម្យ​ ជាកត្តាដែលរដ្ឋាភិបាលត្រូវឆ្លើយតបលើកកម្ពស់អ្នកវិនិយោគ។ លោក បន្ថែម​ថា ប្រសិទ្ធិភាពនៃការទប់ស្កាត់អំពើពុករលួយក៏ជារឿងសំខាន់​ដែរ។

លោកថា៖ «តាមពិតខ្ញុំមានការភ្ញាក់ផ្អើល ដោយសារប្រទេសកម្ពុជានៅតែពុំអាចកែលម្អសន្ទស្សន៍នៃការយល់ឃើ​ញអំពី​​អំពើ​ពុករលួយបាន»។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​GMAC លោក​ វ៉ាន់ សូ​អៀង​ ​មានប្រសាសន៍ថា​ វិធានការធ្វើកំណែទម្រង់របស់ដ្ឋាភិបាល ពិតជាបានចូលរួមចំណែកឲ្យវិស័យកាត់ដេរមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ប៉ុន្តែ លោ​កថា វិធានការរបស់សហភាពអឺរ៉ុបពីដំណើរការព្យួរពាក់ព័ន្ធនឹង EBA ក៏តម្រូវឲ្យកម្ពុជាឆ្លើយតបដោយក្លាហានផងដែរ។

លោកថា៖ «​ទោះជាយ៉ាងណាក្តី យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយ ដែលមានការផ្លាស់ប្តូរជាប់ជានិច្ចនៃដំណើរវិវឌ្ឍន៍​ជាប់ជានិច្ច ដូចជា ការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងការព្យូរ EBA ដោយសហភាពអឺរ៉ុប តម្រូវឲ្យមានការឆ្លើយតបភ្លាមៗ និងក្លាហានពីកម្ពុជា»។

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក គិត ម៉េង ក្រៅពីប្រកាសគាំទ្រកំណែទម្រង់របស់ដ្ឋាភិបាល លោកស្នើសុំរដ្ឋាភិបាលឲ្យពិចារណាពង្រីកទីផ្សារនៅប្លុកលោកសេរីបន្ថែមទៀត​។

លោកថា៖ «គោរពស្នើសុំ និងបើកទីផ្សារនៅសហភាពសេដ្ឋកិច្ចសហភាពអឺរ៉ុប អាស៊ី​មជ្ឈឹមបូព៌ា អាហ្វ្រីក ជប៉ុននិងកូរ៉េ។ ទី៣ គោរពស្នើសុំបើកវេទិការរវាងវិស័យឯកជន និងរដ្ឋាភិបាលជារៀលរាល់ឆ្នាំ»។

ជា​ការ​ឆ្លើយតប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ អះអាង​ថា​ វិធានការ​ធ្វើ​កំណែទម្រង់​ជា​កញ្ចប់ ​ដូចជា ​ការ​លុប​កាំសាប​ ដកចេញ​កាំកុងត្រូល​ និង​បញ្ចុះតម្លៃ​តាម​កំពង់ផែ​ ជាដើម ​អាច​ជា​ការកាត់បន្ថយ​ការ​ចំណាយ​ថ្លៃដើម​នៅក្នុង​ស្រុក​។ មេដឹកនាំ​រូប​នេះ​បញ្ជាក់​ថា​ វិធានការ​វះកាត់​ជា​ការទប់ស្កាត់​អំពើពុករលួយ។ ​ចំណែក​ការ​ផ្គត់ផ្គង់​ភ្លើង​ លោក​ក៏សុំ​ការយោគយល់ពីក្រុម​អ្នក​វិនិយោគទាំងនោះផងដែរ​ ដោយថា ​​រដ្ឋាភិបាល​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​តួ​គី​មក​ផ្គត់ផ្គង់​បន្ថែម​។

អ្នកវិភាគ​នយោបាយ ​លោក​ ឯម​ សុវណ្ណារ៉ា​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​បើ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប​។

សហភាពអឺរ៉ុបកំពុង​ដំណើរនីតីវិធីក្នុង​ការ​ព្យួរ E​BA ជាបណ្ដោះអាសន្ន​ពីកម្ពុ​ជា ក្រោយ​ពីរក​ឃើញថា រដ្ឋាភិបាល​បានប​រា​ជ័យក្នុងការ​បំ​ពេញ​កាត​ព្វកិច្ច​​ក្រោ​មកិ​ច្ច​ព្រៀម​​ព្រៀង។

ករណីនេះអង្គ​ការសមាគមជិត៧០ កាលពីសប្តាហ៍មុន ក៏បានចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការព្រួយបារម្ភពីវិធានការរប​ស់​សហភាពអឺរ៉ុបនេះ ។ សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា បាត់បង់ EBA នឹង​ជះ​ឥទ្ធិពលជាអវិជ្ជមាន​ដោយផ្ទាល់ និ​ងប្រយោ​ល​ដល់​ជី​​វ​ភាពរស់នៅ និងសុខមាលភាពរបស់​ពល​រដ្ឋ រួមទាំ​ង​ការអភិវឌ្ឍនៅកម្ពុជាទាំងមូល។

ក្រុមអង្គការសង្គមស៊ីវិលផ្តល់យោបល់ថា កម្ពុជាអាចគេចផុតពីស្ថានភាពដ៏អាក្រក់នេះបាន ប្រសិនបើ​រដ្ឋា​ភិបាល​ប្រឹងប្រែងបំ​ពេញកតាព្វកិច្ច អនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយមានប្រសិទ្ធិភាព ជាពិសេស​មា​ត្រា៣១។ គោរ​ពធម្ម​នុញ្ញ​អង្គ​ការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និ​​​ងអ​​នុស​ញ្ញា​នានា ​ដែ​​ល​​កម្ពុជា​បាន​ផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ