នាយក​រដ្ឋ​មន្ត្រី​​ដក​​ការ​​វិនិយោគ​​ផ្លូវ​​រថភ្លើង​​ពី​​លោក​ គិត ម៉េង​ ឲ្យ​​ក្រសួង​​សាធារណការ​​គ្រប់គ្រង​​វិញ​

លោក ហ៊ុន សែន និងលោក គិត ម៉េង ចូលរួមក្នុងពិធីសម្ពោធរមណីយដ្ឋាន Royal Sands Koh Rong ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា គិត ម៉េង នៅខេត្តព្រះសីហនុ កាលពីខែមេសា ឆ្នាំ២០១៨។ រូបភាព៖ AKP

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ដក​ការ​វិនិយោគ​ផ្លូវ​រថភ្លើង​ពី​ក្រុម​ហ៊ុន ​រ៉ូយ៉ាល​រេល​វេ ​របស់​លោក ​គិត ម៉េង មក​ឲ្យ​ក្រសួង​សាធារណការ​គ្រប់គ្រង​បណ្ដោះអាសន្ន​ មុន​នឹង​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ​។

ក្នុង​វេទិកា​ជួប​ជា​មួយ​វិស័យ​ឯកជន​នា​ព្រឹក​នេះ​ លោក ហ៊ុន សែន​បាន​លើក​ឡើង​ថា ការ​សម្រេច​បញ្ចប់​ការ​ធ្វើ​អាជីវកម្ម​នេះ បន្ទាប់​ពី​មើល​ឃើញ​ថា ​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​មកនេះ​ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ហាក់​មិន​បាន​ទទួល​ជោគ​ជ័យ​ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​ និង​មិន​បាន​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​បាន​គ្រប់​គ្រាន់​នោះ​។

លោក ថា៖ «ឧកញ៉ា គិត ម៉េង ត្រូវយោគយល់ មិនមែនជាទណ្ឌកម្មចំពោះឧកញ៉ាទេ! ឧកញ៉ារួចខ្លួនវិញទេ ផ្ទុយទៅវិញឧកញ៉ាទទួលផលកម្ម ថ្មបាក់ពីអា Toll រត់ចោល។ ខ្ញុំនិយាយដូច្នេះ សុំទោសពីខាងដៃគូអូស្ត្រាលីដែលមានក្រុមហ៊ុនមករកស៊ីចុះកុងត្រាហើយស្រាប់តែទៅបាត់ទៅ។ ទៅបាត់អស់ប៉ុន្មានរឿងហើយ អា ANZ ក៏ទៅបាត់ទៀត មិនដឹងថារកស៊ីយ៉ាងម៉េច? មិនជឿជាក់តែអ្នកដទៃគេជឿជាក់។ ឥឡូវត្រូវមានការសម្រេចត្រូវផ្ទេរយ៉ាងម៉េច? ហើយឧកញ៉ា គិត ម៉េង ទិញអាហ្នឹងមកប៉ុន្មាន រដ្ឋត្រូវប៉ះប៉ូវឲ្យវិញគេត្រូវការបើគេទិញមកហើយឲ្យគេធ្វើយ៉ាងណា? ហើយបើឧកញ៉ាត្រូវការមកចូលរួមដេញថ្លៃទាំងអស់គ្នា ម្ដងនេះចូលដេញថ្លៃទាំងអស់គ្នាអត់មានចងមុងដូចលើកមុន » ។

ខ្សែ​រថភ្លើង​របស់​ក្រុម​ហ៊ុន ​រ៉ូយ៉ាល់​រេល​វេ ចាប់​ដំណើរការ​ដឹក​អ្នក​ដឹក​ដំណើរ​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ទទួល​សិទ្ធិ​វិនិយោគ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​ក្នុង​​ឆ្នាំ​២០០៩ ​សម្រាប់​រយៈពេល​៣០​ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ