រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​​ឲ្យ​ក្រុមហ៊ុន​​លោក គិត ម៉េង បន្ដប្រតិបត្ដិការផ្លូវដែក​ឡើង​វិញ​ក្រោយលោក ហ៊ុន សែន បញ្ជាដក

ការសាកល្បងរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅប្រលានយន្តហោះកាលពីពេលកន្លងទៅ (​រូបថត៖ ហ្វេសប៊ុក Royal Railway Cambodia )

រដ្ឋាភិបាលបានសម្រេចផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឧកញ៉ា គិត ម៉េង បន្ដប្រតិបត្តិការផ្លូវដែកភាគខាងត្បូងដដែល តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពីមានបញ្ជាផ្ទាល់មាត់ពីនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដកសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនមួយនេះ។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាស​ថា ខ្លួន​សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន Royal Railway របស់ឧកញ៉ា គិត ម៉េង បន្ដប្រតិបត្ដិការដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរតាមផ្លូវដែកភាគខាងត្បូងដដែល ដែលខ្សែភ្លើងនេះមានគោលដៅពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន លើកហេតុផលថា ក្រសួងត្រូវការពេលវេលា ដើម្បីត្រួតពិនិត្យទៅលើលក្ខខណ្ឌ និងបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងដំណើរការផ្លូវដែកនេះ។

ម្យ៉ាងទៀត ក្រសួងអះអាងថា នឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញ និងការចូលរួមពីក្រុមហ៊ុនឧកញ៉ា គិត ម៉េង ផង ដើម្បីកែលម្អផ្លូវដែកភាគខាងជើង និងខាងត្បូងសមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សម្រេច​បែប​នេះ តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​ដក​សិទ្ធិ​​វិនិយោគ​ផ្លូវ​រថភ្លើង​ពី​ក្រុម​ហ៊ុន Royal Railway ​របស់​លោក ​គិត ម៉េង មក​ឲ្យ​ក្រសួង​​គ្រប់គ្រង​បណ្ដោះអាសន្នវិញ​ មុន​នឹង​ដាក់​​ដេញ​ថ្លៃ​ជា​សាធារណៈ​។

លោក ហ៊ុន សែន ​បាន​លើក​ឡើងថា ការ​​បញ្ចប់​ការ​ធ្វើ​អាជីវកម្ម​នេះ បន្ទាប់​ពី​មើល​ឃើញ​ថា ​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​មកនេះ​ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ហាក់​មិន​បាន​ទទួល​ជោគ​ជ័យ​ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​ និង​មិន​បាន​បំពេញ​តាមតម្រូវ​ការ​របស់​អតិថិជន​បាន​គ្រប់​គ្រាន់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ