អ្នក​​តាម​ដាន​​បារម្ភ​​ពី​​ការ​​បាត់​​បង់​​​ទំនុក​​ចិត្ត​​​ពី​​អ្នក​​វិនិយោគ​​​ ក្រោយ​រដ្ឋាភិបាល​ប្ដូរ​ជំហរ​ភ្លាមៗ​ជុំ​វិញ​សិទ្ធិ​វិនិយោគ​ផ្លូវ​ដែក

នៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ ទិដ្ឋភាពរថភ្លើង Tramway របស់ក្រុមហ៊ុន The Royal Railway ក្នុងពិធីបើកឱ្យដំណើរការបណ្តោះអាសន្ន សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកពីស្ថានីយអាយស្ម័យានភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានប្រវែងសរុបប្រមាណ ៩.៦១៤៣គម។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម​កម្ពុជា បង្ហាញ​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ ក្រោយ​ការ​សម្រេច​ភ្លាមៗ​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដក​ហូត ហើយ​ក៏​ផ្ដល់​​សិទ្ធិ​វិនិយោគ​រថ​​ភ្លើង​របស់​ក្រុម​ហ៊ុន​ Royal Railway របស់​លោក ​គិត ម៉េង

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ បាន​ប្រកាស​ដក​សិទ្ធិ​វិនិយោគ​ផ្លូវ​រថភ្លើង​ពី​ក្រុមហ៊ុន Royal Railway ក្រោយ​ពី​លោក​ពិនិត្យ​ឃើញ​ថា ក្នុង​​រយៈពេល​ជាង ១០ឆ្នាំ​មកនេះ​ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​មិន​បាន​ទទួល​ជោគ​ជ័យ​ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​ និង​មិន​បាន​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​បាន​គ្រប់​គ្រាន់​​នោះ។

លោក ហ៊ុន សែន ថ្លែង​​ថា៖ «ឥឡូវ​ត្រូវ​មាន​ការ​សម្រេច​ត្រូវ​ផ្ទេរ​យ៉ាងម៉េច? ហើយ​ឧកញ៉ា គិត ម៉េង ទិញ​អាហ្នឹង​មក​ប៉ុន្មាន រដ្ឋ​ត្រូវ​ប៉ះប៉ូវ​ឲ្យ​វិញ​ គេ​ត្រូវ​ការ​ បើ​គេ​ទិញ​មក​ហើយ ​ឲ្យ​គេ​ធ្វើ​យ៉ាងណា? ហើយ​បើ​ឧកញ៉ា​ត្រូវ​ការ​មក​ចូលរួម​ដេញ​ថ្លៃ​ទាំងអស់​គ្នា។ ម្ដង​នេះ​ចូល​ដេញ​ថ្លៃ​ទាំងអស់​គ្នា ​អត់​មាន​ចង​មុង​ដូច​លើក​មុន​ទេ»

ប៉ុន្តែ ​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​របស់​លោក​នៅ​តែ​ផ្ដល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​របស់​លោក គិត ម៉េង សម្រាប់​ប្រតិបត្តិការ​ផ្លូវ​ដែក​នៅ​ភាគ​ខាង​ត្បូង​ដដែល ដរាប​ណា​មិន​ទាន់​មាន​ក្រុមហ៊ុន​ថ្មី​ចូល​មក​ជំនួស​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ការ​ដក​ហូត​សិទ្ធិ​វិនិយោគ​ផ្លូវ​ដែក​ពី​ក្រុមហ៊ុន​លោក គិត ម៉េង នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បុគ្គលិក​កម្មករ​ជាច្រើន​នាក់ ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម ​លោក ប៉ា ច័ន្ទ​រឿន បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ថា ​សេចក្ដី​សម្រេច​ភ្លាមៗ​បែប​នេះ​របស់​មេដឹកនាំ​កម្ពុជា អាច​ប៉ះពាល់​ផង​ដែរ​ទៅ​លើ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ដែល​កំពុង​រក​ស៊ី និង​អ្នក​ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា៖ «ជាទូទៅ​ គេ​ឲ្យ​សារៈសំខាន់​ទៅ​លើ​ការ​អនុវត្ត​ច្បាប់ ជាជាង​គ្រាន់​តែ​ពាក្យ​សម្ដីរបស់​អ្នក​នយោបាយ​ ដូច​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ បើ​យើង​បាន​សិក្សា​លើ​សម័យ​លោក ​លី ក្វាន់​យូ ​មក ​គឺគាត់​បញ្ជាក់​ថា ​ទំនុក​ចិត្ត​នៃ​ប្រទេស​សិង្ហបុរី​ដែល​អាច​ផ្ដល់​ឲ្យ​ដល់​អ្នក​វិនិយោគ​នោះ​ គឺ​ការ​អនុវត្ត​ច្បាប់​មាន​ការ​តឹង​រឹង​រាល់​ការ​សម្រេច​ ឬ​ក៏​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​ មិន​អាច​ស្រ័យ​លើ​មាត់​របស់​មេ​ដឹក​នាំ​ទេ»

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា លី ស្រី​ស្រស់ លើក​ឡើង​ថា ​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ដោយ​ពុំ​បាន​​ពិភាក្សា​ពី​អ្នក​បច្ចេកទេស​ មិន​ត្រឹមតែ​ប៉ះពាល់ដល់​​អ្នក​វិនិយោគ​នោះ​ផ្ទាល់​ទេ​ លើស​ពី​នេះ​ វា​អាច​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ផ្សេង​ទៀត​ផង​ដែរ ខណៈ​បញ្ហា​នយោបាយ​ប្រទេស​កម្ពុជា​មិន​នឹង​នរ​នោះ។

កញ្ញា​ ស្រី​ស្រស់ ប្រាប់​ថា៖ «ប្រទេស​កម្ពុជា​យើង ​វា​អាច​មាន​ស្ថានភាព​នយោបាយ​មិន​សូវ​នឹងនរ បើសិន​ជា​យើង​ចេះ​តែ​ប្រកាស​ដក​សិទ្ធិ​របស់​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​តាម​តែ​ចិត្ត​ចង់​អញ្ចឹង​។ មិន​ថា​ អ្នក​កំពុង​វិនិយោគ​ទេ អ្នក​ដែល​មាន​គម្រោង​វិនិយោគ​ក៏​មើល​ទៅ​លើ​ចរន្ត​នយោបាយ​បែប​ហ្នឹង​ដែរ។ ​ប្រសិន​ជា​ស្ថានការណ៍​នយោបាយ​ហាក់​ដូច​មិន​ទាន់​មាន​លក្ខណៈ​នឹងនរ អញ្ចឹង ​វា​អាច​ហានិភ័យ​ចំពោះ​ក្រុមហ៊ុន​ដែល​គេ​គ្រោង​មក​វិនិយោគ​នៅ​កម្ពុជា»

អ្នក​វិភាគ​សេដ្ឋកិច្ច ​លោក យ៉ង ប៉ាក់ មាន​ប្រសាសន៍​ថា អ្នក​​​វិនិយោគ ​គឺ​ត្រូវ​ការ​ចាំ​បាច់​ណាស់​ក្នុង​ការ​ធានា​ពី​រដ្ឋ​ដល់​កិច្ច​​​សន្យា​វិនិយោគ​របស់​ខ្លួន​ ប៉ុន្តែ លោក​យល់​​ថា ​ករណី​ក្រុមហ៊ុន​ផ្លូវ​ដែក​របស់​លោក គិត ម៉េង អាច​មាន​ការ​ពិភាក្សា​ និង​ត្រួត​ពិនិត្យ​ពី​អ្នក​បច្ចេកទេស​រួច​ហើយ​ពី​ការ​ដក​នេះ។ ​

លោក​ យ៉ង ប៉ាក់ ថា៖ «ខ្ញុំ​គិត​ថា ​យើង​ត្រូវ​តែ​កសាង​ទំនុក​ចិត្ត​ជា​មួយ​អ្នក​វិនិយោគ​ ហើយ​យើង​មិន​អាច​ឃើញ​តែ​មួយ​ភ្លែត​ ហើយ​វាយ​តម្លៃ​ជា​រួម​បាន​ទេ។ ​វា​មាន​ចំណុច​ល្អ​ជា​ច្រើន តែ​រឿង​នេះ​ ខ្ញុំ​យល់​ថា ​បាន​ចរចា​គ្នា​ច្រើន​ហើយ តែ​ប្រហែល​មាន​ការ​យល់​ច្រឡំ​ច្រើន​ ជា​ការ​ដែល​មើល​តែ​មួយ​ភ្លែត។ […] ធម្មតា​មិន​ថា ​នៅ​ប្រទេស​យើង​ ឬ​ប្រទេស​គេទេ បើ​យើង​ឲ្យ​គេ​ហើយ​ដក​វិញ​ភ្លាម ​គ្រាន់​តែ​ជូន​ដំណឹង​តែ​មួយ​ថ្ងៃ​ មិន​ថា​ ប្រទេស​យើង​ឬ​ប្រទេស​ណា​ទេ ការ​អនុវត្ត​ច្បាប់​របៀប​ហ្នឹង​ គ្មាន​អ្នក​ណា​ចង់​រកស៊ី​ជា​មួយ​ទេ»

គម្រោង​វិនិយោគ​ឯកជន​មួយ​ចំនួន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន សម្រេច​ដក​ហូត​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ដូចជា​ គម្រោង​វិនិយោគ​ផ្លូវ២០០៤ និង​ផ្លូវ​វេងស្រេង គម្រោង​វិនិយោគ​ផ្លូវ​ជាតិ​លេខ៤របស់​ក្រុមហ៊ុន AZ របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ស្ពាន​ព្រែកព្នៅ និង​ស្ពាន​ឆ្លង​ដៃ​សមុទ្រ​ខេត្ត​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់។

ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៩​របស់​កម្ពុជា ​ត្រូវ​បាន​ធនាគារ​ពិភពលោក​ចាត់​ថ្នាក់​១៣៨ លើ​១៩០ ​​ដែល​មាន​លំដាប់​ពិន្ទុ​៥៤,៨០​ លើ​១០០ពិន្ទុ ​ខណៈ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​របស់​អាស៊ាន ​ប្រទេស​កម្ពុជា​ជាប់​លេខ​៧ ដែល​បង្ហាញ​ថា​ កម្ពុជា​នៅ​មាន​ភាព​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ