លោក​ ហ៊ុន​ សែន​ ព្រមាន​សហរដ្ឋ​អាមេរិក​កុំ​ឲ្យ​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីកន្លង​ទៅ (VOD/Archive Photo)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីទៀតមិន​អនុញ្ញាត​ឲ្យប្រទេសមហាអំណាចប្រជាធិបតេយ្យមួយ លូកលាន់បញ្ហានយោបាយនៅកម្ពុជា និងសាងកំហុសដូចពីអតីតកាល​ទៀត​នោះ​ឡើយ។

ក្នុងពិធីចែកសញ្ញាបត្រមួយនៅរាធានីភ្នំពេញនាថ្ងៃនេះ លោក ហ៊ុន សែន បានចោទប្រកាន់​ប្រទេស​មហា​អំណាច​មួយ​ថា បានគាំទ្ររបបសេនាប្រមុខ លន់ នល់ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និងទទួលស្គាល់កៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។

លោក ហ៊ុន សែន ថ្លែងថា៖ «តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែ បែរជាគាំទ្ររបបប្រល័យពូជសាសន៍ ហើយគាំទ្រឲ្យគេអង្គុយនៅអង្គការសហប្រជាជាតិ […] ឥឡូវចង់គំរាមកំហែងមកលើយើងបន្ថែមទៀតជាមួយ គ្រាន់តែដើម្បីអាប៉ុន្មានក្បាល​នេះធ្វើសកម្មភាពខុសច្បាប់ យើងកាត់ទោសមិនបានហ្អី? យើងអត់ព្រមទេ។ យើងធ្លាប់ទទួលហើយនូវការហ៊ុមព័ទ្ធផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់យើង យើងក្រណាស់ យើងក្រោកឡើងទាំងលំបាក»។

របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក លន់ នល់ បាន​ទទួល​ការ​គាំ​ទ្រ​ពី​សហ​រដ្ឋ​អាមេរិក​ទាំង​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​នៅ​ចន្លោះ​ឆ្នាំ​១៩៧០ រហូត​ដល់​ការ​ដួល​រលំ​ទាំង​ស្រុង​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥។

ចំណែក​អាសនៈ​កម្ពុជា​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​មហា​អំណាច​ចិន​គាំ​ទ្រ​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី ដែល​ជា​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​គាំ​ទ្រ​ដោយ​ប្រទេស​វៀតណាម ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ​១៩៧៩។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes ប្រាប់ VOD តាម​រយៈ​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃ​នេះ​ថា លោកមិនមានអ្វីឆ្លើយតបចំពោះប្រសាសន៍របស់លោក​ ហ៊ុន សែន នេះទេ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ រិះគន់ថា លោក ហ៊ុន សែន កំពុងបន្ដប្រើយុទ្ធសាស្រ្ដគំរាមកំហែង និងសម្លុតដៃគូប្រកួតរបស់ខ្លួនដដែល ប៉ុន្ដែ យុទ្ធសាស្ដ្រនេះ មិនអាចដោះស្រាយបញ្ហានយោបាយនៅកម្ពុជា និងបន្ថយសម្ពាធ​របស់អន្ដរជាតិនោះទេ។

អតីតអនុប្រធានគណបក្សប្រឆាំងរូបនេះ ជំរុញឲ្យរដ្ឋាភិបាលងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញតាមការចង់បានរបស់សហគមន៍អន្ដរជាតិ ដោយថា ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋ និងបញ្ចៀសទណ្ឌកម្មទាំងឡាយ ដែលអាចធ្លាក់មកលើប្រទេសកម្ពុជា។

លោក មូរ សុខហួរ មានប្រសាសន៍ថា៖ «ប្រសាសន៍របស់លោកធ្វើឲ្យស្ថានការណ៍នយោបាយរឹតតែធ្ងន់ធ្ងរទៅទៀត ជាពិសេសពេលនេះសហគមន៍អឺរ៉ុបកំពុងតាមដានអំពីស្ថានការណ៍សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា […] សហគមន៍អន្ដរជាតិ និងគណបក្សសង្គ្រោះជាតិ គឺយើងទុកឲ្យលោក ហ៊ុន សែន ជាអ្នកដោះស្រាយបញ្ហានេះ EU គេអត់ដកថយទេ​ លោក​ ហ៊ុន សែន និយាយគឺគ្រាន់តែជាយុទ្ធសាស្ដ្ររបស់គាត់ គាត់គ្មានចេះអីក្រៅតែពីការគំរាមនោះទេ»។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ប្រសិនបើការផ្ដល់ជំនួយ ឬការគាំទ្រធ្វើឡើងស្របទៅតាមច្បាប់របស់កម្ពុជានៅក្នុងការពង្រឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការបោះឆ្នោតនោះ លោកថា វាមិនចោទជាបញ្ហានោះទេ។

លោក ឯម សុវណ្ណារ៉ា មើលឃើញថា រដ្ឋាភិបាលគួរបញ្ចៀសភាពតានតឹងជាមួយប្រទេសមហាអំណាច ស្របពេលដែលសហគមន៍អន្ដរជាតិកំពុងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាផងនោះ។

លោកបន្ដថា៖ «គេផ្ដល់ជំនួយ គេផ្ដល់លក្ខខណ្ឌអី ឧទាហរណ៍ផ្ដល់លក្ខខណ្ឌសម្ភារ មធ្យោបាយមកធ្វើបទឧក្រិដ្ឋ បទរំលំរដ្ឋាភិបាល អាហ្នឹងវាខុសច្បាប់ហើយ […]  បញ្ហាប្រឈម EBA របស់អឺរ៉ុប និង GSP របស់អាមេរិក គឺជាកង់មុខហើយ បើសិនជាយើងអាចចៀសបាន ចៀស មិនគួរប្រឈមទេ ព្រោះមហាអំណាចគេមានវិធីផ្សេងៗ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាយើងមានឧបសគ្គ»។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ​កាលពីថ្ងៃទី១៥ ខែកុម្ភៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះរូបរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយថា លោកគឺជា​មនុស្សស្អាតស្អំ និងត្រូវបានគេចាប់ឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ ទាំងគ្មានភស្ដុតាងណាមួយឡើយ។ ប៉ុន្ដែ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍សម្ដែងការភ្ញាក់ផ្អើល និងខកចិត្ត ដោយចាត់ទុកសកម្មភាពនេះ ថា «មិនមានលក្ខណៈការទូត» និង «មិនគោរពអធិបតេយ្យរបស់កម្ពុជា»។

ទាក់ទងនឹងសំណុំរឿង «ក្បត់ជាតិ» ប្រឆាំងលោក កឹមសុខា រដ្ឋាភិបាលក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ប៉ុន្ដែ សហរដ្ឋអាមេរិកវិញ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងមានចរិតនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ