លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​ផ្តាច់​ភ្លើង​នៅផ្ទះ​អ្នក​ដែល​វិភាគ​ខុស​ ជុំវិញ​មូលហេតុ​ខ្វះ​អគ្គិសនី​

នៅថ្ងៃអង្គារ ទី០២​ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជា​ផ្ទាល់មាត់​ទៅ​អាជ្ញាធរ​ឱ្យ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជា​បណ្តោះអាសន្ន​ដល់​អ្នក​ដែល​បាន​និយាយ​ថា ​ការ​ដាច់​ភ្លើង​ជា​ផែនការ​រៀបចំ​ទុក​របស់​រដ្ឋាភិបាល​ ដើម្បី​បាន​លេស​ធ្វើ​វារីអគ្គិសនី​បន្ថែម​។

ក្នុង​ពិធីសម្ពោធ​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពត​ នា​ថ្ងៃទី២ ខែមេសា​នេះ​ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ប៉ុន្មាន​ថ្ងៃនេះ​ មាន​អ្នកវិភាគ​មួយចំនួន​បាន​លើកឡើង​ថា ​បញ្ហា​កង្វះ​ភ្លើង​ប្រើប្រាស់​ជា​ការរៀបចំ​ទុក​របស់​រដ្ឋាភិបាល ​ដើម្បី​យកលេស​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​។

មេដឹកនាំ​រូប​នេះ​ បាន​ប្រតិកម្ម​ថា ​ការវិភាគ​បែបនេះ​បាន​ទម្លាក់កំហុស​មក​លើ​រដ្ឋាភិបាល​ និង​បាន​បញ្ជា​ទៅ​អាជ្ញាធរ​ឱ្យ​ស្វែងរក​ផ្ទះ ​រួច​ផ្តាច់​ការ​ផ្តត់​ផ្គង់​ចរន្ត​អគ្គិសនី​នៅផ្ទះ​របស់​អ្នកវិភាគ​ទាំងនោះ​។

លោក​ថា​៖ «ខ្ញុំ​សង្ឃឹមថា​ អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​ ប្រជាពលរដ្ឋ​នឹង​យល់​ ប៉ុន្តែ​ ពួក​អា​អ្នក​មិន​យល់​ សុំ​ឱ្យ​ហ្អែង​មិន​យល់​ទៀត​ចុះ​។ ឱ្យ​ហ្អែង​ចេញ​មក​វិភាគ​ ដើម្បី​ឱ្យ​អញ​កាត់​ភ្លើង​ហ្អែង​។កាត់​ភ្លើង​ហ្មង​ នរណា​ថា​អីថា​ទៅ​។ ឱ្យ​វា​អត់​ភ្លើង​ក្នុង​ពេ​លចូ​លឆ្នាំ​។ វា​ថា​យើង​ផ្តាច់​ភ្លើង​នេះ​ដើម្បី​យើង​មាន​លេស​ធ្វើ​វារីអគ្គិសនី​ថែម​។ សួរ​ថា ទៅ​ធ្វើ​នៅកន្លែង​ណា​ឥឡូវនេះ​ អា​រ៉ែង​អត់​ឱ្យ​ធ្វើ​ទេ​ ប្រាប់​ឱ្យ​ហើយ​ អារ៉ែង​។

៣សប្តាហ៍​មកនេះ​ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ មួយចំនួន​ រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​ត្រូវ​បាន​កាត់​ផ្តាច់​នៅពេល​ថ្ងៃ​ ធ្វើ​ឱ្យ​អ្នក​ប្រកប​មុខ​រប​មួយចំនួន​ដែល​ពឹងផ្អែក​លើ​ថាមពល​អគ្គិសនី​ពីរ​ដ្ឋ​ត្អូញត្អែរពី​ការ​ខា​តប់​ងប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​។

ប៉ុន្តែ​ រដ្ឋាភិបាល​បាន​ប្រកាស​សុំ​ការយោគយល់​ពី​បញ្ហា​នេះ​ ដោយ​ឱ្យ​រង​ចាំ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​តួ​កគី​មក​ផ្គត់ផ្គង់​បន្ថែម​។

ទោះជាយ៉ាងណា​ ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​នៅក្នុង​ពិធី​នោះ​ មិនបាន​បញ្ចេញ​ឈ្មោះ​ទេ​ ប៉ុន្តែ​កាលពី​ថ្ងៃទី៣០ ខែមីនា​ វិទ្យុ​អាស៊ី​សេរី​បាន​សម្ភាសពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ​រួម​ទាំង​ស្ថាបនិក​មា​តា​ធម្ម​ជាតិ​ លោក​ អា​ឡិច​ ផង​ដែរ​ ដោយ​ដាក់​ចំណងជើង​ថា​ «ពលរដ្ឋ ​និង​អ្នក​បរិស្ថាន​សង្ស័យ​ថា​ ការ​ដាច់​ភ្លើង​ជា​លេស​ដើម្បី​សង់​វារីអគ្គិសនី​បន្ថែម​»

អតីតសកម្មជនបរិស្ថាន លោក អា ឡិច ហៅការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលថាមិនឲ្យតំបន់​អារ៉ែងធ្លាក់ទៅក្នុងដៃក្រុ​មហ៊ុ​នណាមួយ សម្រាប់ធ្វើជាវារីអគ្គិសនីទៅថ្ងៃអនាគតនោះជារឿងគួរឲ្យស្វាគមន៍ ហើយថា លោកក៏មិនបានចោទប្រកាន់រដ្ឋាភិបាល ដូចការអះអាងរបស់នាយករដ្ឋមន្ត្រីនេះដែរ។

ប៉ុន្តែ សកម្មជនបរិស្ថានរូបនេះ បង្ហាញការខកចិត្តទៅនឹងចំណាត់ការនេះ ដោយលោកថារដ្ឋាភិបាលដែល​អនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​​ជាង​​៣០​ឆ្នាំនេះ មិន​ចេះទទួលយកមតិរិះគន់ទៅ​ពិចារណាដោះស្រាយ តែបែរជាមានវិធានការលើអ្នកបង្ហាញពីក្តីកង្វល់ទៅវិញ។

លោក ថា៖ «ការផ្តាច់ភ្លើងរាល់ថ្ងៃហ្នឹង ជាកំហុសធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាល ដែលបានសាងសង់ទំនប់វារីអគ្គិសនីជា​ង​​​៥​​​កន្លែង។ ហើយបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរ ហើយជម្លៀសប្រជាជនរាប់រយគ្រួសារ។ ហើយទីបំផុត ដល់ពេលត្រូវកា​រអគ្គិសនី គឺខ្វះភ្លើងបណ្តោយ។ អាហ្នឹងជាកំហុសធ្ងន់ធ្ងរ។ ហើយកំហុសមួយទៀត គឺអត់មាននរណាសុំទោស អត់មាននរណាលាលែងពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទេ អាហ្នឹងជាកំហុសធ្ងន់ធ្ងរមែនទែន»។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ហៅការប្រើវិធានការនេះថា បានគំរាមកំហែងដល់សេរីភាពបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ ដោយថា មេដឹកនាំប្រជាធិបតេយ្យ ត្រូវបកស្រាយពន្យល់ មិនត្រូវប្រើវិធានការ ជាការឆ្លើយតបទៅលើសេរីភាពបញ្ចេញមតិបែបនេះទេ។

លោកថា៖ «នៅពេលដែលការបញ្ចេញមតិមួយត្រូវបានឆ្លើយតបដោយមធ្យោបាយបែបនេះ រដ្ឋាភិបាលពិតជាអត់បានដឹងថា បញ្ហារបស់ប្រជាពលរដ្ឋ បញ្ហារបស់សង្គមជាតិ របស់ខ្លួនហ្នឹង មានរឿងរ៉ាវអ្វីខ្លះដែលរដ្ឋាភិបាលត្រូវដឹងត្រូវឮ ត្រូវធ្វើការឆ្លើយតបរកដំណោះស្រាយ និងគ្មាននរណាហ៊ានលើកយកមកនិយាយទៀតទេ។ អញ្ចឹង ការដឹកនាំហ្នឹង វាមិនបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ។ ដល់អញ្ចឹងទៅ ការអភិវឌ្ឍហ្នឹង វាមិនមានភាពប្រសើរឡើយ»។

អគ្គិសនីកម្ពុជា​​កាលពី​ថ្ងៃទី​១៨ ខែមីនា​ បានជូនដំណឹងថា ​ការផ្គត់ផ្គង់ភ្លើងមិនគ្រប់គ្រាន់ ដោយសា​​​រ​អា​​កាសធាតុ​ក្តៅ​ខ្លាំង បង្កឲ្យខ្វះខាត​ទឹកខុស​ប្រក្រតី​នៅទំនប់វារីអគ្គិសនីមួយចំនួនដែលកំពុងផលិតថាមពលអគ្គីសនី ​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ ថយ​ចុះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ