រដ្ឋាភិបាល​ទុក​ពេល​៣​ខែ​ឲ្យ​ជន​អន្ដោប្រវេសន៍ ចូល​ដោះស្រាយឯកសារខុសប្រក្រតី

សមត្ថកិច្ចចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិន ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

រដ្ឋាភិបាលបាន ព្រមានចាត់វិធានការច្បាប់ចំពោះជនអន្ដោប្រវេសន៍កាន់កាប់ឯកសារខុសប្រក្រតីដែលនៅសល់ប្រមាណ៨ភាគរយ ប្រសិនបើពួកគេនៅតែរឹងរូសមិនព្រមចូលខ្លួនមកដោះស្រាយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃម្សិលមិញ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល អះអាងថា នៅក្នុងរយៈពេល៣ខែខាងមុខ រដ្ឋាភិបាលនឹងបញ្ចប់ការងារដកហូតឯកសារខុសប្រក្រតីពីជនអន្ដោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា ដែលលោកថា នៅសេសសល់ប្រមាណ ៨ភាគរយ។

លោក សុខ ផល គូសបញ្ជាក់ថា សម្រាប់រយៈពេល៣ខែខាងមុខនេះ ពួកគេអាចមានលទ្ធភាពដាក់ពាក្យស្នើសុំសិទ្ធិក្លាយជាជនអន្ដោប្រវេសន៍ស្របច្បាប់នៅកម្ពុជា ដោយថា អាជ្ញាធរនឹងព្យាយាមចុះអប់រំ និងត្រួតពិនិត្យបន្ថែមទៀតចំពោះជនអន្ដោប្រវេសន៍ណាដែលនៅតែរឹងរូសមិនព្រមអនុវត្តតាមសេចក្ដីអំពាវនាវនេះ មុននឹងរដ្ឋាភិបាលចាត់វិធានការច្បាប់ជាក់ស្ដែងលើពួកគេ។ 

លោក សុខ ផល ថ្លែងថា៖ «រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកឯកសារបានដល់៩២ភាគរយហើយ នៅសល់តែ៧ ឬ៨ភាគរយទៀតទេ នឹងដកហូតឯកសារដែលជនបរទេសកាន់កាប់ […] ហើយបើគាត់មិនឲ្យយើងដកហូតទេ មិនអនុវត្តទេ គឺចុងក្រោយនេះ មានកម្លាំងនាយកដ្ឋានអនុវត្តនីតិវិធីនឹងចុះសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តតាមច្បាប់»។

ការព្រមានបែបនេះ គឺបន្ទាប់ពីអាជ្ញាធរកម្ពុជាអះអាងថា ខ្លួនបានដកហូតឯកសារខុសប្រក្រតីពីជនអន្តោប្រវេសន៍ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា បានជាង៣ម៉ឺន ៥ពាន់ឯកសារបន្ថែមទៀត (៣៥,៤៤១ឯកសារ) ឬស្មើនឹងជិត ២ម៉ឺនគ្រួសារ (១៩,០១០គ្រួសារ) នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ។

បើតាមរបាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ ឯកសារដែលនៅសេសសល់មិនទាន់ដកហូតបានពីជនអន្ដោប្រវេសន៍ទាំងនោះ មានតែ៨ភាគរយទៀតប៉ុណ្ណោះ ឬស្មើនឹងជាង ៥ពាន់ឯកសារ (៥០៩១ឯកសារ)។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ រិះគន់ថា វិធានការអនុវត្តច្បាប់របស់អាជ្ញាធរកន្លងមក គឺធ្វើបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ និងមិនសូវមានប្រសិទ្ធិភាពនោះទេ។

អ្នកតាមដានបញ្ហាសង្គមរូបនេះចង់ឃើញអាជ្ញាធរកម្ពុជាចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ជាពិសេសដាក់ទោសមន្ដ្រីអនុវត្តច្បាប់ ដែលបានចេញលិខិតបញ្ជាក់ឯកសារដល់ជនអន្ដោប្រវេសន៍ទាំងនោះ ដោយថា ដើម្បីបង្ការបញ្ហានេះកុំឲ្យកើតមានជាថ្មី និងរាលដាលកាន់តែខ្លាំងជាងមុន។

លោក បន្ដថា៖ «នៅពេលដែលពួកគេកាន់ឯកសារខុសច្បាប់ បានន័យថា បទល្មើសរបស់ពួកគេអាចនឹងសមរម្យ អាចបញ្ជូនខ្លួនត្រឡប់ទៅវិញ។ នេះមិនទាន់គិតភ្ជាប់ជាមួយនឹងបទល្មើសនៃការប្រើប្រាស់ឯកសារក្លែងក្លាយផង។​ ហើយក្រៅពីនោះ គឺអ្នកដែលចេញឯកសារហ្នឹងឲ្យ យើងសង្ស័យថា អាចនឹងពាក់ព័ន្ធនឹងអំពើពុករលួយធ្ងន់ធ្ងរ។ ហើយជាអំពើពុករលួយមួយដែលប៉ះពាល់ដល់ការអនុវត្តច្បាប់ផ្សេងៗ»។

បើតាមរបាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយដើមឆ្នាំ២០១៨នេះ បានបង្ហាញថា ជនបរទេសរស់នៅប្រទេសកម្ពុជា មានចំនួនជាង ​១៧ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ​រហូតដល់​ទៅ​ជាង ៩៩ភាគរយ។  បើតាមតួលេខនេះ ជន​ជាតិ​វៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួ​ន​ជាង ៧ម៉ឺន៦ពាន់នាក់ ហើយ​ជន​ជាតិ​វៀតណាមជាង ១ម៉ឺន៤ពាន់នាក់​ទៀត កំពុង​រស់​នៅដោយខុសច្បាប់​។

ប៉ុន្ដែ របាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ដដែលចេញផ្សាយកាលពីម្សិលមិញ បង្ហាញថា រយៈពេល៣ខែដើមឆ្នាំនេះ ជនបរទេសបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ មានចំនួនជាង ៧ម៉ឺន៥ពាន់នាក់ (៧៥,៧៤០នាក់) ឬសរុបជាង ១១ម៉ឺននាក់ (១១០,៥០៩នាក់) និងដាក់ពាក្យសុំប័ណ្ណស្នាក់នៅ មានចំនួនជាង ៥ម៉ឺន ៨ពាន់នាក់ (៥៨,១៩៨នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ