រដ្ឋាភិបាល​ប្តេជ្ញា​ពង្រឹង​ច្បាប់ និង​បោស​សម្អាត​បទ​ល្មើស​នៅ​តំបន់​ព្រៃឡង់​

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «គម្រោងព្រៃឡង់បៃតង» រវាងក្រសួងបរិស្ថាន និងអង្គការ Tetra Tech ARD នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នំាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ រូបភាព៖ វេបសាយ ក្រសួងបរិស្ថាន

មន្ត្រីក្រសួងបរិស្ថាននៅតែចាត់ទុកព្រៃឡង់ជាតំបន់មានសក្តានុពល និងមានអត្ថប្រយោជន៍ ដែលត្រូវរួមគ្នាការពារ ហើយខាងក្រសួងក្នុងអាណត្តិទី៦នេះ ក៏ប្តេជ្ញាថែរក្សា និងការពារព្រៃដែនជម្រកសត្វព្រៃមួយនេះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ថ្លែងក្នុងពិធីប្រកាសចាប់ផ្តើមគម្រោង USAID  ព្រៃឡង់បៃតង នាព្រឹកនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា គម្រោងនេះ គឺជាផ្នែកមួយបង្កើន និងពង្រឹងប្រសិទ្ធភាពថែរក្សា និងការពារធនធានធម្មជាតិនៅតំបន់ទេសភាពព្រៃឡង់។

ជាមួយគ្នានេះ លោកអះអាងថា ​ខាងក្រសួងមានយន្តការពង្រឹងការអនុវត្តច្បាប់ ដោះស្រាយបញ្ហានៅសេសសល់ ពិសេសទប់ស្កាត់ និងការពារតំបន់ព្រៃឡង់ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការការពារ និងអភិរក្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់។ ហើយនៅអាណត្តិនេះ ក៏បន្តយកចិត្តទុកដាក់បន្ថែមទៀតលើការងារការពារ និងអភិរក្សនៅក្នុងតំបន់ព្រៃឡង់ទាំងមូល»។

បណ្តាញស្នូលការពារព្រៃឡង់មកពីខេត្តព្រះវិហារ លោក ស្រី ថី យល់ថា ការប្តេជ្ញារបស់ក្រសួងបរិស្ថាន​ក៏មិនខុសពីការប្តេជ្ញាមុនៗនោះដែរ ដោយថា ខាងប្រជាសហគមន៍មានសង្ឃឹមតិចតួចណាស់។

លោកបន្តថា បច្ចុប្បន្នស្ថានភាពបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នៅតែកើតមានឥតឈប់ឈរ ហើយការទប់ស្កាត់ និងបង្ក្រាបពីសំណាក់អាជ្ញាធរពុំមានប្រសិទ្ធភាពនោះឡើយ។

លោកបន្តថា៖ «ទោះបីជាគាត់អះអាងយ៉ាងណា ក៏ដូចជាមិនទាន់មានប្រសិទ្ធភាពទេ នៅឡើយទេ។ ខ្ញុំមើលទៅឃើញមិនសមហេតុសមផលច្រើន ព្រោះនៅក្នុងតំបន់នោះវាមានមន្ត្រីមួយចំនួនច្រើនតែឃុបឃិតជាមួយ បទល្មើសទៅ! វាត្រូវគ្នា ដឹកឈើបានហូរហែរ ជាប្រចាំទាំងយប់ទាំងថ្ងៃ ឥតមានស្រាកស្រាន្តទេ»។

ព្រឹត្តិបត្រព័ត៌មានរបស់ USAID ឱ្យដឹងថា គម្រោង USAID  ព្រៃឡង់បៃតង គឺជាគម្រោងមួយធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងព្រៃឈើនៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ ព្រៃឡង់ ដោយផ្តោតសំខាន់ទៅលើការអភិរក្សធម្មជាតិ សហគមន៍ និងអភិបាលកិច្ចផងដែរ។

ប្រភពដដែលបញ្ជាក់ថា តំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញលាតសន្ធឹងលើផ្ទៃដីជាង៣លានហិកតា។

គម្រោងនេះ អាមេរិកបានផ្តល់ជំនួយជាង២០លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលអនុវត្តដោយ Tetra Tech សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ ​ព្រមទាំង​ដៃគូសហការសំខាន់ គឺក្រសួងបរិស្ថាន។

អ្នកសម្របសម្រួលបណ្តាញសន្តិភាពសហគមន៍ លោក សេង សុខហេង សាទរចំពោះការប្តេជ្ញាចិត្តរបស់មន្ត្រីក្រសួងបរិស្ថានក្នុងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាបទល្មើស ប៉ុន្តែ លោកមើលឃើញថា នឹងមិនមានប្រសិទ្ធភាពទេ។

លោកថា ដើម្បីឱ្យការ​ទប់ស្កាត់បទល្មើសព្រៃឈើ ពិសេសនៅតំបន់ព្រៃឡង់ ម្យ៉ាងដើម្បីឱ្យគម្រោង USAID  បៃតងនេះ ទទួលបានជោគជ័យ រដ្ឋាភិបាលត្រូវមានឆន្ទៈពិតប្រាកដ ដោយអនុវត្តច្បាប់​គ្មានការរើសអើង និងបោសសំអាតអំពើពុករលួយជាដើម។ ​

លោកមានប្រសាសន៍ថា៖ «ព្រោះអ្វីដែលយើងធ្វើការស៊ើបអង្កេត ធ្វើការឃ្លាំមើល ធ្វើការតាមដាន ស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន គឺពិតជាមានការលំបាក។ អ៊ីចឹង ការប្តេជ្ញាចិត្តខ្ញុំមើលឃើញថា នឹងមិនអាចទៅរួច ហើយបើទៅរួច គឺតិចតួចបំផុត»។

រាជរដ្ឋាភិបាល ​បានចេញអនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បង្កើត​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ មាន​ផ្ទៃដី​ជាង៤៣​ម៉ឺន​ហិកតា (៤៣១.៦៨៣) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ៤ រួម​មាន ​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ ​

តំបន់នេះស្ថិតក្រោម​ការ​គ្រប់គ្រងផ្ទាល់​របស់​ក្រសួង​បរិស្ថាន ដោយមានការ​​សហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ