ស្ត្រី​មួយ​ក្រុម​ពាក់​ម៉ាស់​ចុះ​រារាំង​ភរិយា​​និង​​អ្នក​គាំ​ទ្រ​លោក​ រ៉ាត់​ រត្ន​មុនី មិន​ឱ្យ​តវ៉ា​នៅ​ទូត​រុស្ស៊ី​

ស្ត្រីពាក់ម៉ាស់មួយក្រុមដែលអះអាងថា ជាអាជ្ញាធរបាននាំគ្នាទៅរារាំង​គ្រួសារ​ និង​អ្នកគាំទ្រ​លោក​ រ៉ាត់​ រត្ន​មុនី មិន​ឱ្យ​ឈរតវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​បន្តទៀត នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ស្ត្រីពាក់ម៉ាស់មួយក្រុមដែលអះអាងថា ជាអាជ្ញាធរបាននាំគ្នាទៅរារាំង​គ្រួសារ​ និង​អ្នកគាំទ្រ​លោក​ រ៉ាត់​ រត្ន​មុនី មិន​ឱ្យ​ឈរតវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​បន្តទៀត ដោយថា ទោះបីជាពួកគាត់ខំតវ៉ានៅមុខស្ថានទូតនេះ ក៏គ្មានដំណោះស្រាយដែរ។

ភរិយា​ និង​សកម្មជន​ដីធ្លី​ដែល​គាំទ្រ​លោក​ រ៉ាត់​ រត្ន​មុនី​ នៅ​ព្រឹក​នេះ​ បាន​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ជាថ្មី​ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកបកប្រែ​ភាសា​ឱ្យ​ទូរទស្សន៍របស់​រុស្ស៊ី RT ​ក្នុងរឿង​ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​»

ភរិយា​លោក​ រ៉ាត់​ រត្ន​មុនី​ គឺ​អ្នកស្រី​ ឡុង​ គឹ​មហ៊ាង​ ប្រាប់ វី.អូ.ឌី ថា ស្រ្តីមួយក្រុមបាននាំគ្នាទៅចាប់ និងប្រាប់អ្នកស្រីឱ្យឈប់ទៅតវ៉ានៅពីមុខស្ថានទូតរុស្ស៊ីទៀត ដោយថា គ្មានដំណោះស្រាយនោះទេ។ អ្នកស្រីបន្តថា ក្រុមស្ត្រីដែលចុះទៅរារាំងពួកគាត់នោះ គឺមិនបានបង្ហាញពីអត្តសញ្ញាណទេ។

អ្នកស្រីថា៖ «ទោះបីជាខ្ញុំទាមទារថា ឥលូវអ្នកឯងជាប៉ូលិស អ្នកឯងបង្ហាញកាតមក អ្នកឯងជាអ្វីអ្នកឯងបង្ហាញកាតមក។ ស្លៀកពាក់បែបហ្នឹង ហើយអត់មានកាត ហើយមកចាប់ខ្ញុំ វាអត់ត្រឹមត្រូវអ៊ីចឹង គេអត់បង្ហាញទេ។ ខ្ញុំដាក់ការសង្ស័យថា ជាការរៀបចំរបស់អាជ្ញាធរខ្មែរ ដើម្បីឱ្យក្រុមស្ត្រីទាំងអស់ហ្នឹង មករំខាន ឬក៏មកមានបំណងប៉ុនប៉ងអាក្រក់ណាមួយមកលើ ការធ្វើសកម្មភាពរបស់ខ្ញុំ ឬក៏មកបង្កជាហិង្សាណាមួយទៅ ហើយធ្វើឲ្យមានការចាប់ ឬក៏មានការអន្តរាគមន៍ពីអាជ្ញាធរមកចាប់ពួកខ្ញុំដែលតវ៉ាដោយសន្តិវិធីទៅវិញ»។

អ្នកស្រី​បន្ត​ថា​ បើសិនជា​រដ្ឋាភិបាល​រុស្ស៊ី​មិន​ជួយ​អន្តរាគមន៍​ឱ្យដោះលែង​ស្វាមី​ទេ​ អ្នកស្រីនឹង​នៅតែ​បន្ត​តវ៉ា ទោះបីជាអាជ្ញាធរប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំងពួកគាត់ក៏ដោយ។

អភិបាលខណ្ឌចំការមន លោក ព្រំ សំខាន់ មានប្រសាសន៍ថា លោកមិនដឹងរឿងអ្វីទេ ដោយលោកបង្វែរសំណួរនេះឱ្យទៅលោកអធិការខណ្ឌចំការមនវិញ។

លោកថា៖ «ខ្ញុំទៅខេត្ត ដល់ខ្ញុំទៅខេត្តអ៊ីចឹង ខ្ញុំបានផ្ដល់នេះ (រឿងតវ៉ាលោកស្រី ឡុង គឹមហ៊ាង) ឱ្យគេហើយ ខ្ញុំអត់នេះទេបាទ! សួរៗខាងប៉ូលិសបន្តិចទៅ ព្រោះទាក់ទងសន្តិសុខ ប៉ូលិសលោក យិន សាន្ត សួរលោក យិន សាន្ត បន្តិចទៅ។»

អធិការខណ្ឌចំការមន លោក យិន សាន្ត មានប្រសាសន៍ថា លោកមិនបានដឹងករណីនេះទេ ដោយលោកឱ្យសួរសំណួរនេះ ទៅអភិបាលខណ្ឌលោក ព្រំ សំខាន់ វិញ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការមិនបង្ហាញពីអត្តសញ្ញណរបស់ខ្លួនជាអាជ្ញាធរនេះ ថា មិនមានតម្លាភាព ហើយពលរដ្ឋមានសិទ្ធិចោទប្រកាន់ចំពោះជនទាំងនោះថា ជាក្រុមខុសច្បាប់។ លោកបន្តថា ប្រសិនជាការរារាំងបង្កឱ្យមានអំពើហិង្សាកើតឡើងនោះ អ្នកដែលទទួលខុសត្រូវ ចំពោះរឿងនេះគឺជាអាជ្ញាធរ។

លោកថា៖ «ច្បាប់ប្រទេសកម្ពុជាយើង ក្រុមសមត្ថកិច្ចដែលចុះអនុវត្ត [ការងារ] គាត់ត្រូវបង្ហាញតួនាទីមុខងារបស់គាត់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យអ្នកដែលគាត់នៅកន្លែង ទីតាំងទាំងអស់ហ្នឹង គាត់បានដឹងពីអត្តសញ្ញាណអ្នកទាំងអស់ហ្នឹង មិនមែនមកប្រើកាយវិកាយទាំងអស់ហ្នឹង ហើយបើសិនជាមានការបង្កហេតុផ្សេងៗដែលកើតនៅក្នុងកន្លែងហ្នឹង គឺសមត្ថកិច្ចដែលមានវត្តនៅកន្លែងហ្នឹង ក៏ជាអ្នករួមចំណែកទទួលខុសត្រូវ នៅពេលមានបង្កបញ្ហាណាមួយកើតឡើងនៅកន្លែងហ្នឹង»។

កាលពី​ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨​ លោក​ រ៉ាត់​ រត្ន​មុនី​ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ ពាក់ព័ន្ធ​ករណី​ទូរ​ទស្សន​រុស្ស៊ី​ RT​ ផលិត​រឿង​ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ ជា​ការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​។

អ្នកស្រីឡុង គឹមហ៊ាង និង អ្នកគាំទ្រផ្សេងទៀតបានតវ៉ានៅមុខទូតរុស្ស៊ីចំនួន​១២លើកហើយ ចាប់តាំងពីអាជ្ញាធរចាប់ខ្លួនលោករ៉ាត់ រត្នមុនីកាលពីចុងឆ្នាំ២០១៨មក។ ទោះយ៉ាងណា ការតវ៉ានេះមិនទទួលបានការឆ្លើយតបអ្វីទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ