កម្មការិនី​​៥​​នាក់​​រង​​របួស​​ដាច់​​ដៃ ​ក្រោយ​​រថយន្ត​​ដឹក​​កម្មករ​​បុក​គ្នា​​នឹង​​រថយន្ត​​មួយ​​គ្រឿង​​ទៀត​​នៅ​​ស្រុក​​ឧដុង្គ

កម្មាការិនីរងគ្រោះ ក្រោយជួបថ្នាក់ចរចារណ៍មួយក្នុងស្រុកឧដុង្គ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦នឹង២៧នាទី នៅចំណុចលើផ្លូវជាតិលេខ៤៤(១៣១-១៣២) ស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

មន្ត្រី​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា កម្មការិនី ៥​នាក់ បាន​រង​របួស​ដាច់​ដៃ​ម្ខាង បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ពួកគេ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​ឯ​ស្រុក​ឧដុង្គ ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក តាប់ លន បាន​ប្រាប់ ​វីអូឌី​ ថា រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​កម្មករ​​កម្មការិនី​ជាច្រើន​នាក់ បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Hino នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​បណ្ដាល​ឲ្យ​កម្មករ​កម្មការិនី ១២​នាក់​រង​របួស ក្នុង​នោះ​កម្មករិនី ៨​នាក់​រង​របួស​ធ្ងន់ ហើយ​កម្មការិនី ៥​នាក់ បាន​រង​របួស​ដាច់​ដៃ​មួយ​ចំហៀង។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កម្មការិនី​រង​គ្រោះ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា ស្ថិត​ក្នុង​ស្រុក​ឧត្ដុង ហើយ​​លោក​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​រួច​ហើយ។

លោក តាប់ លន បន្ថែមថា៖ «អ្នកបើកបរដឹកកម្មករដែលជាអ្នកបង្កហ្នឹង ខ្ញុំបានឃាត់ខ្លួន និងកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី»

មន្ត្រីជាន់ខ្ពស់ផ្នែកចរាចរណ៍ លោក រុន រ័ត្នវាសនា ឲ្យដឹងកាលពីដើម​សប្ដាហ៍​នេះ​ថា មនុស្ស​ដល់​ទៅ ២០៣​នាក់ បាន​ស្លាប់​ ហើយ​៥១៥​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​៣៨៣​ករណី នៅ​ទូទាំង​ប្រទេស ​នៅ​ក្នុង​ខែមីនា​កន្លង​មក​នេះ ដែលលោកថា ​តួលេខនេះ​ខ្ពស់​ជាង​តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខែ​កុម្ភៈ និង​ខែ​មករា​កន្លង​មក​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ