បទយកការណ៍៖ ប្រជា​​សហគមន៍​​ឡពាង​​បន្ត​​ទាមទារ​​ដី​​មក​​វិញ​ ទោះ​បី​​សង្ឃឹម​​ឈ្នះ​​តិច​តួច​​ក្នុង​​ជម្លោះ​​ជាមួយ​​ភរិយា​​លោក​ ស៊ុយ សែម​ ក្ដី​

អ្នកភូមិឡពាងប្រមាណ៣០នាក់ បានប្រមូលផ្តុំគ្នាមុខសាលាដំបូង ក្នុងករណីរឿងដីធ្លីជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​រយៈពេល​១៣​ឆ្នាំ​ហើយ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ មក​ដល់​ឆ្នាំ​២០១៩​នេះ វា​មាន​រយៈ​ពេល ១៣​ឆ្នាំ​កន្លង​ផុត​មក​ហើយ ​ដែលប្រជា​សហគមន៍​ឡពាង ​នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ជាប់​ផុង​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​ជាមួយ​ភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ហើយ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

ប្រជា​ពលរដ្ឋ​​ឡពាង បាន​ឡើង​ចុះ​ស្វែង​រក​ដំណោះ​ស្រាយ និងអន្តរាគមន៍​ទាំង​នៅ​ឯ​ថ្នាក់​ក្រោម​ជាតិ​ នៅ​ខេត្ត​កំពង់ឆ្នាំង​ផ្ទាល់ និង​នៅ​ថ្នាក់​ជាតិ​ឯ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។

ក្នុង​រយៈ​ពេល​ដែល​ដី​ធ្លី​ពួកគាត់​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​ដំណោះ​ស្រាយ​នោះ ពលរដ្ឋ​សហគមន៍​ឡពាង បាន​រៀបរាប់​បញ្ហា​លំបាក​ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​ពួកគាត់​អះ​អាង​ថា ជា​ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។

រំឭក​ឡើង​វិញ​ទាំង​សំឡេង​អួល​ដើមក​ នៅ​អំឡុង​ពេល​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ដើម​សប្ដាហ៍​នេះ អ្នក​ភូមិ​ឡពាង អ្នកស្រី ហ៊ុល ណា បាន​ប្រាប់​ថា រូប​គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដាំ​ដុះ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​ធ្លី​មាន​ជម្លោះ​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​រឹត​តែ​លំបាក​ថែម​ទៀត។

អ្នកស្រី ហ៊ុល ណា បន្ថែមថា៖ «មានជម្លោះហ្នឹងតាំងពីឆ្នាំ២០០៦មកហើយ។ គេបានជីកប្រឡាយ និងធ្វើរបងព័ទ្ធ។ ពួកខ្ញុំលែងបានចូលបង្ក​បង្កើនផលលើដីខ្លួនឯង បង្កឲ្យពួកខ្ញុំលំបាកទៅៗ រកអង្ករច្រកឆ្នាំងមិនចង់ឃើញ។ រាល់ថ្ងៃពួកខ្ញុំស៊ីស្នួលដេរស្លឹក ដើរចាប់ក្តាម ចាប់កង្កែប ក្តាមលក់ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ រកមួយថ្ងៃមិនចង់គ្រប់មួយថ្ងៃទេ»

ស្រ្តីវ័យ៦៣ឆ្នាំ និងមានកូន ៤នាក់ក្នុងបន្ទុករូបនេះ បន្តថា ក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរំលោភ និងធ្វើរបងព័ទ្ធ​យកដីគាត់អស់ ៤ហិកតា ធ្វើឲ្យគ្រួសារគាត់ពុំមានដីធ្លីសម្រាប់បង្កបង្កើនផលទៀតឡើយ និងធ្វើឲ្យមានការលំបាកក្នុងជីវភាព ហើយ​កូនៗបាត់បង់ការសិក្សា ជាដើម។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំខំដើរជីក ដើរកកាយដំឡូង យកមកចិញ្ចឹមកូនរហូតធំហើយ ហើយអ្វីដែល​ក្រុមហ៊ុនមកយកដីខ្ញុំទាំងដែលខ្ញុំមិនបានលក់មិនបានដូរ ធ្វើឲ្យខ្ញុំវេទនាយ៉ាងនេះ សូមឲ្យរដ្ឋាភិបាលជួយមើលមកពួកខ្ញុំផង ពួកខ្ញុំលំបាកវេទនាខ្លាំងណាស់»

មិន​ត្រឹម​តែ​ជួប​ប្រទះ​បញ្ហា​ជីវភាព​ប៉ុណ្ណោះ​ទេ ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៃ​សហគមន៍​មួយ​នេះ ថែម​ទាំង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួនដាក់​ពន្ធនាគារ​ថែម​ទៀត​ផង។

ក្នុងសម្លៀក​បំពាក់ចាស់ និងមានបំណាស់ផងនោះ ពលរដ្ឋឡពាងម្នាក់ទៀត អ្នកស្រី ឈិត សុខន បាន​និយាយ​មក​កាន់​ វី.អូ.ឌី​ ទាំង​ដៃ​កាន់​កញ្ចប់​បាយ​ ថា ក្រោមជម្លោះដីធ្លីជាមួយអ្នកស្រី ជា ខេង គឺសមត្ថកិច្ចបានចាប់ស្វាមីរបស់គាត់ ដែលជាតំណាងពលរដ្ឋដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំ ដោយសារតែស្វាមីរបស់គាត់ដឹកនាំប្រជាពលរដ្ឋតវ៉ាដីធ្លីការប្រឆាំងក្រុមហ៊ុន។

អ្នកស្រីបន្ថែមថា៖ «វាមិនមែនអយុត្តិធម៌តែលើគ្រួសារទេ គឺអយុត្តិធម៌សម្រាប់ប្រជាជននៅសហគមន៍ឡពាងទាំងអស់គ្នា។ ប្រជាជនខ្ញុំ តែហ៊ានតែតវ៉ា គេ​ចាប់ដាក់គុកទាំងអស់ រហូតប្រជាជនខ្លះខ្លាចរអាដកខ្លួនឈប់តវ៉ា»

អ្នកស្រី ឈិត សុខន រៀបរាប់ទាំងអួលដើមក ថា ក្នុងព្រឹត្តិការណ៍នោះ អ្នកភូមិរងទុក្ខវេទនា និងមានការឈឺចាប់បំផុត ដោយសារពួកគាត់ត្រូវបាត់បង់ដីធ្លី ហើយត្រូវអាជ្ញាធរប្រើហិង្សា និងវាយកម្ទេចសម្ភារមានអង្ករឆ្នាំងបាយរបស់ពួកគាត់ចោលថែមទៀត។

អ្នកស្រីបន្ថែមថា៖ «កាលពីមុន ១០០គ្រួសារជាង ដែលគេដាក់ពាក្យបណ្តឹងតវ៉ា ប៉ុន្តែ គេឃើញចាប់ដាក់គុកច្រើនពេក គេដកខ្លួនចេញខ្លះ។ នៅតែពួកខ្ញុំប៉ុណ្ណោះទេ ទោះគេវ៉ៃបែកក្បាលហូរឈាមម៉េច នៅតែលូនមក។ កាលនោះ នាំគ្នាដើរវាងទម្រាំមកដល់ភ្នំពេញ នាំគ្នាពរកូន លីឆ្នាំងបាយ លីទឹក ជំនាន់គេធ្វើបាបប្រជាជនណាស់។ ដីក៏អស់ ខ្លួនក៏មានទោស សួរថា ពួកយើងឈឺចាប់ប៉ុណ្ណា? កាលពីមានដីធ្វើស្រែធ្វើចំការ ខ្លួនរស់ស្រួល ឥឡូវមានអីទៀត ខ្លួនក៏ចាស់ រកអីបាន ធ្វើអីកើត!»

ថ្មីៗនេះ ប្រជាសហគមន៍ឡពាង បានជំរុញសាលាដំបូង​រាជធានីភ្នំពេញ ឲ្យពន្លឿនដំណើរការរឿងក្តីរបស់ពួគេជាមួយអ្នកស្រី ជា ខេង ខណៈទំនាស់ដីធ្លីនេះអូសបន្លាយរយៈពេលជាង១០ឆ្នាំ ដោយប្រជាសហគមន៍ទាំងនោះអះអាងថា ពួកគេនៅតែបន្តធ្វើការរហូត បើទោះបីជាមានសង្ឃឹមឈ្នះក្តីជាមួយអ្នកស្រី ជា ខេង តិចតួចក៏ដោយ។

តំណាងសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី និយាយថា អ្នកភូមិឡពាងនឹងទទួលបានយុត្តិធម៌ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខអន្តរាគមន៍ ហើយតុលាការកាត់​ក្តីដោយឯករាជ្យ​នោះ។

អ្នកស្រីបន្ថែមថា៖ «ថ្វីត្បិតតែពួកខ្ញុំក្រីក្រ មានទំនាស់ដីធ្លីយូរឆ្នាំយ៉ាងណាក៏ដោយ ពួកយើងនឹងខិតខំរកលុយយកមកឲ្យតុលាការដំណើរការរឿងក្តីរបស់ពួកខ្ញុំ ព្រោះរឿងនេះអយុត្តិធម៌សម្រាប់ពួកខ្ញុំមែនទែន។ ពួកខ្ញុំជាកសិករ ត្រូវការដីត្រឡប់មកវិញ ដើម្បីទុកកូនចៅរបស់ពួកខ្ញុំទៅជំនាន់ក្រោយទៀត»

ស្រី្តអតីតគ្រូបង្រៀនដែលបាត់បង់ការងារដោយសាររឿងតវ៉ាដីធ្លីនេះ បានអំពាវនាវទៅប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីនេះជូនពួកគេឲ្យបានឆាប់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំក៏សំណូមពរទៅដល់រដ្ឋាភិបាលដែរ ក្រឡេកមើលមកពួកខ្ញុំផង ខ្ញុំដោយសារតែតវ៉ាដីធ្លី ត្រូវបានគេបញ្ឈប់ពីការងារ ជួយផ្តល់ការងារ និងដីឲ្យខ្ញុំវិញ។ ខ្ញុំគ្មានទោសកំហុសអ្វីទេ ហេតុអ្វីបានជាគេបញ្ឈប់ពីការងារជាគ្រូបង្រៀន។»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រជាសហគមន៍ឡពាងពិបាក​ឈ្នះក្តីជាមួយអ្នកស្រី​ ជា ខេង ណាស់ ដោយសារ ប្រជាសហគមន៍ទាំងនោះជាពលរដ្ឋក្រីក្រ ប៉ុន្តែ យ៉ាងណា លោកថា ប្រសិនបើអ្នកភូមិឡពាងនៅតែរួមគ្នាតស៊ូទាមទារនោះ ថ្ងៃណាមួយពួកគេអាចទទួលបានដំណោះស្រាយ។

លោកបន្ថែមថា៖ «យើងមើលទៅរឿងក្តីរបស់ពួកគាត់ដូចជាពិបាកក្នុងការ​ឈ្នះក្តីទៅលើក្រុមហ៊ុន ប៉ុន្តែ ទោះយ៉ាងណា យើងមើលទៅក៏ពួកគាត់មិនបោះបង់ចោលក្តីសង្ឈឹមថា នឹងមានយុត្តិធម៌សម្រាប់ពួកគាត់នៅពេលណាមួយ ពីព្រោះអ្វីដែលពួកគាត់បាត់បង់ គឺបញ្ហាដីធ្លីរបស់ពួកគាត់។ ខ្ញុំគិតថា ពួកគាត់អស់ជម្រើស គ្មានជម្រើស​អ្វីក្រៅពីតស៊ូក្រាញននាល ធ្វើយ៉ាងណាស្វែងរកដំណោះស្រាយឲ្យបានសមរម្យសម្រាប់ពួកគាត់»

អ្នកការពារសិទ្ធិមនុស្សរូបនេះ បានអំពាវនាវទៅតុលាការឲ្យមានការយោគយល់ និងអនុគ្រោះចំពោះការតម្រូវឲ្យប្រជាសហគមន៍ឡពាងបង់ប្រាក់ប្រដាប់ក្តីផងដែរ ប្រសិនបើពួកគេពុំមានលទ្ធភាពបង់នោះ។

កាលពីថ្ងៃទី១១ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យប្រជាហគមន៍ឡពាងបង់ប្រាក់ម្នាក់ ៤០ម៉ឺន​រៀល​ ទៅតុលាការ ដើម្បីដំណើរការរឿងក្តីរបស់ពួកគេជាមួយប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម ប៉ុន្តែ ត្រូវបានអ្នក​ភូមិឡពាងស្នើ​សុំពន្យា​ពេលសិន ខណៈតុលាការទុកពេលសម្រាប់ពួកគេតែ ១៥ថ្ងៃ មិនអាចរកថវិកាបង់បាន ដោយថា ពួកគាត់កំពុងខ្វះខាតជីវភាព។

តំណាងពលរដ្ឋឲ្យដឹងថា បច្ចុប្បន្នមានអ្នកភូមិឡពាងជាង ៤០គ្រួសារទៀតដែលមិនទាន់ទទួលបានសំណង ដោយក្នុងនោះមានដីសរុប​ទំហំ ១១០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ