សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនក្រុម​ជន​ជាតិ​ចិនតៃវ៉ាន់នៅពីក្រោយទីតាំងកែច្នៃ​គ្រឿង​ញៀន​នៅរាជ​ធានី​ភ្នំពេញ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបនៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស (ពុំមានការឃាត់ខ្លួនមនុស្ស) កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរកម្ពុជា អះអាងថា នគរបាល​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ជន​ជាតិ​ចិន​តៃវ៉ាន់​ ដែល​ត្រូវ​បាន​កំណត់​ថា ជា​​​មេ​ខ្លោង​ស្ថិតនៅ​ពីក្រោយ​​ទីតាំងកែច្នៃ និងផលិតគ្រឿងញៀនមួយកន្លែង នៅរាជធានីភ្នំពេញ។

សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំងផលិតគ្រឿងញៀនមួយកន្លែង​ ស្ថិតនៅសង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ និងបាន​រកឃើញម៉ាស៊ីនលាយថ្នាំញៀនចំនួន ៩គ្រឿង។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចក៏បានរកឃើញមេថ្នាំមួយចំនួនទៀត ដែលត្រូវ​បាន​សង្ស័យថា ជាគ្រឿងញៀនមានទម្ងន់ដល់ទៅ ១៧៣គីឡូក្រាម។

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ VOD នៅ​ថ្ងៃ​នេះ​ថា ក្រុមជនល្មើសនៅពីក្រោយទីតាំងកែច្នៃគ្រឿងញៀនដ៏ធំមួយនេះ គឺជាជនជាតិចិនតៃវ៉ាន់ ហើយ​លោក​ថា ពួកគេបានរត់គេចខ្លួនបាត់ នៅមុនពេលសមត្ថកិច្ចចុះឆែកឆេរ និងបង្ក្រាបទីតាំងនោះ។

លោក ម៉ក់ ជីតូ អះអាងថា ជនបរទេសទាំងនោះ បានលួចលាក់បង្កប់ទីតាំងកែច្នៃគ្រឿងញៀននៅក្នុងផ្ទះជួលមួយកន្លែង ហើយសមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅរឹបអូសវត្ថុតាងជាច្រើន បន្ទាប់ពីម្ចាស់ផ្ទះជួលមានការសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ច។ លោកបន្ដថា សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនមេខ្លោងគ្រឿងញៀនយកមកផ្តន្ទាទោស។

លោកបន្ដថា៖ «គឺជាជនបរទេស ចិនតៃវ៉ាន់។ ជាទូទៅ ពួកគេឧក្រិដ្ឋជនគ្រឿងញៀនតែងតែចង់បានកម្ពុជាជាកន្លែងផលិត ប៉ុន្ដែ ឧបាយកលនេះ យើងបង្ក្រាបបានរហូត ហើយករណីលើកនេះ អ្នកខ្លះយល់ថា ជាកន្លែងផលិត តាមពិត វាជាការកែច្នៃ។ បើកន្លែងផលិត វាមានសារធាតុគីមីច្រើន ហើយវិធីរបស់វាច្រើន»។

អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ធំៗ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​បទ​ល្មើស​គ្រឿង​ញៀន បាន​រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស។

កាលពីខែកុម្ភៈកន្លងទៅ កម្លាំងចម្រុះក្រសួងមហាផ្ទៃបានឆ្មក់បង្ក្រាបក្លឹបកម្សាន្ដរ៉ក់ ហើយ​ចាប់បានគ្រឿងញៀនប្រហែល ៥០គីឡូក្រាម និងបានឈានទៅឃាត់ខ្លួន និងចោទប្រកាន់លោកឧកញ៉ា គិត ធាង ដែលត្រូវជាម្ចាស់ក្លឹបកម្សាន្ដមួយនេះ រួមទាំងអ្នកជាប់ពាក់ព័ន្ធ ៤នាក់ផ្សេងទៀត។

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ បានប្រាប់ ​វី.អូ.ឌី ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ថា ​មនុស្ស​ដល់​ទៅ ៤,​៣៩៩​នាក់ ក្នុង​នោះ​មាន​ជន​បរទេស ១០៤​នាក់ និង​ស្ត្រី ៣៧២​នាក់ ត្រូវ​​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដល់​ទៅ ២,០៣៣​ករណី នៅ​ទូទាំង​ប្រទេស ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មេសា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ