មន្ត្រី​​ចម្រុះ​​មិន​​ទាន់​​រក​​ឃើញ​​មូល​ហេតុ​​នៃ​​ឃាតកម្ម​​លើ​​ស្ត្រី​​និង​​ចៅស្រី​​នៅ​​កំពង់ចាម​​នៅ​​ឡើយ​​ទេ​

អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន និងមន្ត្រីសមត្ថកិច្ចផ្សេងទៀត ​ចុះទៅពិនិត្យ​នៅទីតាំងកើតហេតុ ជុំវិញករណីឃាតកម្មសម្លាប់ជីដូន និងចៅស្រី។ រូបភាព៖ ផ្ដល់ឲ្យុ

មន្ត្រី​មក​ពី​ស្ថាប័ន​ចម្រុះ នៅ​តែ​ពុំ​ទាន់​អាច​ស្វែង​រក​មូល​ហេតុ​នៃ​ឃាតកម្ម​​​លើ​ស្ត្រីម្នាក់ និង​ចៅ​ស្រី​​របស់​គាត់ ដែល​ត្រូវ​បាន​សម្លាប់ និង​កាត់​ក្បាល នៅ​ឯ​​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាល​ពី​ពីរ​ថ្ងៃ​មុន​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ ខណៈ​ពួកគេ​ថា កំពុង​តែ​បន្ត​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​នេះ​នៅ​ឡើយ។

ស្ត្រី​​ឈ្មោះ ពូ អូន វ័យ ៦៥​ឆ្នាំ និង​ចៅ​ស្រី​របស់​គាត់​ឈ្មោះ ខេង សាវឿន ដែល​ទើប​តែ​មាន​​វ័យ​ ៦​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ដោយ​គ្មាន​ក្បាល​ទាំង​ពីរ នៅ​ចម្ងាយជាង ៣០០​ម៉ែត្រ​ពី​ខាង​ក្រោយ​ផ្ទះ​របស់​គាត់ ស្ថិត​ក្នុង​ភូមិក្នុង​ទួលថ្ម ស្ថិត​ក្នុង​ឃុំ​ថ្មពូន កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា​។

ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី ប្រាប់ វី.អូ.ឌី ​ថា សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ លោកមិនបានប្រាប់ព័ត៌មានលម្អិតទេ។

លោកមានប្រសាសន៍ថា៖ «កំពុងបន្តកិច្ច។ អារឿងការស្រាវជ្រាវ បងត្រូវដឹងថា ការងារវាមានកម្រិតណាស់ មិនអាចមានព័ត៌មានណា ឬ​បញ្ចេញទៅខាងក្រៅ​ណាបានទេ។ យើងកំពុងធ្វើការងារដុតដៃដុតជើងដល់ហើយនេះ»

ឃាតកម្ម​មួយ​នេះ ក៏​ស្ថិត​ក្រោម​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​សំណាក់​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU ​ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​របស់​លោក Scott Neeson ផង​ដែរ។

អង្គភាព CPU បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ពួកគេកំពុងចូលរួមស៊ើបអង្កេតជាមួយអាជ្ញាធកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារជុំវិញករណីឃាតកម្មដ៏សាហាវនេះ​។

មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក​ប្រចាំ​ខេត្តកំពង់ចាម លោក ឡេង សេងហាន លើកឡើងថា ករណីនេះ ខាងលោកគ្រោងនឹងចុះស៊ើបអង្កេតក្នុងពេលឆាប់ៗនេះ។

មន្ត្រីសង្គមស៊ីវិលរូបនេះ បង្ហាញក្តីបារម្ភចំពោះរូបភាពឃាតកម្មដែលមានលក្ខណៈកាន់តែសាហាវបែបនេះ ហើយលោកក៏ជំរុញឱ្យមានស៊ើបអង្កេតឱ្យបានម៉ឹងម៉ាត់ ដើម្បីឈានទៅចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

លោក ឡេង សេងហាន បន្តថា៖ «យើងមានការបារម្ភៗ​ទាំងសុវត្ថិភាព​របស់ប្រជាពលរដ្ឋនៅតំបន់ហ្នឹង បារម្ភទាំងសុវត្ថិភាពធ្វើដំណើរចេញចូលរបស់ពលរដ្ឋនៅក្នុងតំបន់ហ្នឹង និងតំបន់ផ្សេងទៀត។ យើងមិនដឹងថា ថ្ងៃក្រោយទៅ ករណីហ្នឹងវាកើតឡើងទៅលើបុគ្គលណាផ្សេងទៀត យើងអត់ដឹង»

កាលពីចុងឆ្នាំ២០១៣ អំពើឃាតកម្ម​សាហាវមួយក៏ធ្លាប់បានកើតឡើងនៅឃុំថ្មពួននេះដែរ ដោយកាលណោះ បុរស​ជាប្តីម្នាក់ បានកាំបិតកាប់ទៅលើប្រពន្ធ និងកូនស្រីរបស់ខ្លួន បណ្ដាលឱ្យស្លាប់ភ្លាមៗ​ ហើយជនល្មើស​​ក៏ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិ ផ្ទុះកំហឹងនាំគ្នាឡោមព័ទ្ធ​គប់ដុំថ្ម និងព្រួតវាយរហូតស្លាប់នៅហ្នឹងកន្លែងទាំងកណ្តាលថ្ងៃផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ