ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ខេត្ត​កំពង់ស្ពឺ​ជំរុញ​ក្រសួង​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ​

ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ អ្នកមានជម្លោះដីធ្លីមានពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ចំនួន ៦៩៤​នាក់ បាននាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មី​ ដើម្បីសុំឱ្យស្ថាប័ននេះ ផ្ដល់ដំណោះស្រាយថ្មីជូនពួកគេ។ រូបភាព៖ ខាន់ លក្ខិណា

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកចំនួន២ នៅក្នុងខេត្តកំពង់ស្ពឺ បានស្នើទៅក្រសួងរៀបចំដែនដី ឲ្យ​ផ្ដល់សំណង​ឱ្យបានសមរម្យដល់ពួកគាត់ ហើយ​ថា សំណង​ដែលក្រសួងផ្ដល់ឱ្យកន្លងមកនោះ ធ្វើឡើងក្នុងរូបភាពចាប់បង្ខំ។

អ្នកមានជម្លោះដីធ្លីមានពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ចំនួន ៦៩៤​នាក់ បាននាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មី​នៅថ្ងៃនេះ ដើម្បីសុំឱ្យស្ថាប័ននេះ ផ្ដល់ដំណោះស្រាយថ្មីជូនពួកគេ។

តំណាងប្រជាពលរដ្ឋស្រុកឱរ៉ាល់ លោក សឹង្ហ សុខុម  ប្រាប់អ្នកសាព័ត៌មានថា ពលរដ្ឋទាំងពីរស្រុកនេះ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើ របស់ឧកញ៉ា លី យ៉ុងផាត់ តាំងឆ្នាំ២០១០​មក ប៉ុន្តែ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយឡើយទេ។ លោកថា នៅក្នុងអំឡុងឆ្នាំ២០១៨ មន្ត្រីក្រសួងដែនដី និងអភិបាលស្រុក បានចុះទៅដោះស្រាយដល់ផ្ដល់សំណង់ដល់ពួកគាត់ក្នុងមួយគ្រួសារចំនួន ៣០០ ទៅ ៥០០​ដុល្លារ តែពួកគាត់មិនព្រមទទួលយក។

លោក សឹង្ហ សុខម ប្រាប់ថា៖ «ពីរថ្ងៃនេះ សាលាស្រុកបានហៅប្រជាពលដ្ឋទៅ​ឱ្យសំណងតែ ៥០០ដុល្លារ​ដដែល។ អ៊ីចឹង បានជាយើងនាំគ្នាមកដាក់ញត្តិថ្មី សុំការដោះស្រាយថ្មី ព្រោះ ៥០០ដុល្លារ ពួកយើងមិនអាចទទួលយកបានទេ។ ដីចាប់ពី ២ ទៅ ៣​ហិកតា  រហូតដល់អ្នកខ្លះមានដល់ ៧ ទៅ ៨​ហិកតា ហើយគាត់ឱ្យសំណង់តែ ៥០០​ដុល្លារ ហើយប្រើភាសាថា មិនយក គឺអស់ ហើយឈប់ដោះស្រាយ»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ខាត ខន លើក​ឡើងថា សំណង​ដែលប្រជាពលរដ្ឋទាំងអស់យល់ព្រមទទួលយកនោះ គឺដី ១ហិកតា តម្លៃ ៥០០០​ដុល្លារ។

អ្នកស្រី ខាត ខន ប្រាប់ថា៖ «ដីរាប់ហិកតា ដែលម្នាក់ៗមាន ៤ ទៅ ៥​ហិកតា អ៊ីចឹងឱ្យតែ ៣០០ ទៅ ៥០០​ដុល្លារ ហើយឱ្យពួកយើងទទួលយកយ៉ាងម៉េច​។ យើងអត់ទទួលយកបានទេ ព្រោះសំណងអត់សមរម្យ អត់យុត្តិធម៌»

ក្រោយពីតវ៉ាពេញមួយព្រឹកនេះ មន្ត្រីរបស់ក្រសួងដែនដីម្នាក់បានចេញមកប្រាប់ពលរដ្ឋ ចាត់តំណាងចំនួន ៧នាក់ ដើម្បីចូលទៅដោះស្រាយនៅក្រសួង។

វី.អូ.ឌី ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​​ទាំង​ពីរ​រូប​នៃ​​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​លោក សេង ឡូត និង​លោក ឡោ ដាវុធ បាន​ទេ​នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ លោក សឹង្ហ សុខម ដែលបានចូលជួបពិភាក្សាជាមួយក្រសួង បាន​ឱ្យដឹងថា ប្រធានគណៈកម្មកាទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានសន្យាជាមួយពួកគាត់ថា នឹងចុះដោះស្រាយបញ្ហារឿងនេះ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ ដោយមាន​ការ​ចូល​រួម​ពី​អង្គការសង្គមស៊ីវិលផងដែរ។

មន្ត្រីសម្របសម្រួលសហគមន៍​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ញ៉ិល ភាព ជំរុញទៅក្រសួងធ្វើការដោះស្រាយសំណង់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីកុំឱ្យប្រជាពលរដ្ឋដើរតវ៉ាបន្តទៀត។

លោក ញ៉ិល ភាព មាន​ប្រសាសន៍​ថា៖ «បើមិនមានដំណោះស្រាយណា​ឱ្យសមរម្យទេ ដំណោះស្រាយស្ថិតនៅក្រោម ១០០០​ដុល្លារ នៅក្នុងមួយគ្រួសារ អត់គិតដីជាហិកតាអីហ្នឹង គឺមិនអាចទៅរួចទេ ប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ព្រោះអីយើងឃើញថា ការចំណាយរបស់គាត់រយៈពេល ៩​ឆ្នាំ គិតពីឆ្នាំ២០១០ មក គ្រាន់តែសាហ៊ុយគាត់ដើរតវ៉ាស្ថាប័នរដ្ឋសំខាន់ៗ ចុះៗឡើង គឺអស់បាត់ទៅហើយ»

ពលរដ្ឋ​មក​ពី​ស្រុក​ទាំង​ពីរ​នេះ បាន​ចាប់​ផ្ដើម​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ ស៊ូហ្គឺ និង​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គឺ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ចាប់​តាំង​ពី​ឆ្នាំ​​២០១០​មក​ម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ