យុវជន​ថៃ​ចង់​បញ្ចប់​ល្បិច​ចាស់​គំរឹល​របស់​អ្នក​នយោបាយ​ជំនាន់​មុន​

ប្រធានគណបក្សអនាគតឆ្ពោះទៅមុខ លោក ថាណាថន ជូងហ្គ្រោងហ្គ្រាងគីត (Thanathorn Juangroongruangkit) ក្នុងសន្និសីទកាសែតមួយកាលពីឆ្នាំ២០១៨។ រូបភាព៖ chiangraitimes.com

ក្រុមយុវជនជំនាន់ថ្មីរបស់ថៃដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតដណ្តើមតំណែងដឹកនាំរដ្ឋាភិបាលអះអាងថា ពួកគេចង់បញ្ចប់ល្បិចចាស់គំរឹលប្រើដដែលៗរបស់អ្នកនយោបាយជំនាន់មុន ហើយធ្វើឱ្យប្រទេសដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដវិញ។

ក្នុងចំណោមគណបក្សចំនួន​៨២ ដែលចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ គឺគណបក្សអនាគតឆ្ពោះទៅមុខ (​Future Forward Party) មានការចាប់អារម្មណ៍ច្រើនពីមហាជន។ មូលហេតុនៃការចាប់អារម្មណ៍ដោយសារបក្សនេះជាបក្សថ្មី ទើបបង្កើតឡើងកាលពីឆ្នាំ២០១៨ ដឹកនាំដោយក្រុមយុវជន ហើយទទួលបានសំឡេងគាំទ្ររហូតដល់ជាង៦លាន ២សែនសំឡេង។

តាមលទ្ធផលមិនផ្លូវការ គឺគណបក្សរបស់ក្រុមយុវជននេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីគណបក្ស ផាឡាង ផ្លាចារ៉ាត (Palang Pracharath) របស់ពួកយោធា និងគណបក្សភឿថៃ (Pheu Thai) របស់ក្រុមគាំទ្រលោក ថាក់ ស៊ីន។​

ប្រធានគណបក្សអនាគតឆ្ពោះទៅមុខ លោក ថាណាថន ជូងហ្គ្រោងហ្គ្រាងគីត (Thanathorn Juangroongruangkit) កាលពីមុនបោះឆ្នោត បញ្ជាក់ថា ការបង្កើតគណបក្សនេះឡើងមិនមែនគ្រាន់តែដើម្បីចូលរួមបោះឆ្នោតទេ គឺដើម្បីបញ្ចប់ល្បិចកលរបស់អ្នកនយោបាយជំនាន់មុន ហើយធ្វើឲ្យប្រទេសថៃដំណើរការតាមបែបប្រជាធិបតេយ្យពេញលេញវិញ។​

ក្រោយការបោះឆ្នោតលទ្ធផលមិនផ្លូវការ បានបង្ហាញថា គណបក្សអនាគតឆ្ពោះទៅមុខបានចងសម្ព័ន្ធជាមួយគណបក្ស៦ផ្សេងទៀត រួមទាំង គណបក្សភឿថៃ ផង ដើម្បីទប់ទល់ជាមួយគណបក្សដឹកនាំដោយពួកយោធា។​

ទោះយ៉ាងណា មនុស្សជំនាន់ថ្មីចង់លុបបំបាត់ ឬកែទម្លាប់មនុស្សជំនាន់ចាស់មិនមែនជារឿងងាយស្រួលទេ។​ គ្រាន់តែសំឡេងឆ្នោតកើនឡើង និងបញ្ជាក់ជំហរចូលរួមជាមួយក្រុមប្រឆាំងភ្លាម មេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ រងបណ្តឹងបន្តបន្ទាប់ភ្លាម។​

បណ្តឹងទី១ ទាក់ទងជាមួយលោក ថាណាថន បង្កការបះបោរដោយជួយដល់ក្រុមអ្នកតវ៉ាទាមទារឱ្យបើកសិទ្ធិសេរីភាពនៅក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១៥។ ចំណែកបណ្តឹងទី២ ចោទថា ពាក់ព័ន្ធការអត្ថាធិប្បាយតាមហ្វេសប៊ុកកាលពីឆ្នាំមុន ដែលចែករំលែកព័ត៌មានមិនពិត។

ក្នុងបទចោទទាំងនេះ បើសិនជាសមត្ថកិច្ចរកឃើញកំហុសដូចការចោទប្រកាន់ ប្រធានបក្សវ័យ៤០ឆ្នាំរូបនេះ ប្រឈមជាប់ពន្ធនាគារប្រមាណ៩ឆ្នាំ ខណៈតុលាការកោះហៅឲ្យលោកចូលខ្លួនបំភ្លឺនៅថ្ងៃទី២៦ ខែមេសាខាងមុខ។​

លោក ថាណាថន អ្នកនយោបាយចេញពីត្រកូលមហាសេដ្ឋីរូបនេះ បញ្ជាក់ថា ការចោទប្រកាន់នេះជារឿងនយោបាយ ហើយជាល្បិចកលដែលអ្នកនយោបាយជំនាន់មុនតែងប្រើដដែលៗ។​

នៅក្នុងដំណាក់កាលនេះ គេនៅមិនទាន់ដឹងថា តើលោក ថាណាថន ត្រូវចាប់ដាក់ពន្ធនាគារ ត្រូវគេចចេញពីប្រទេស ឬមានការសម្របសម្រួលនយោបាយណាមួយនោះទេ។​ ចំណែកគោលដៅចង់លុបបំបាត់របៀបធ្វើនយោបាយរបស់មនុស្សជំនាន់មុននេះ អាចបានសម្រេច ឬយ៉ាងណាក៏នៅតែមានភាពមិនទាន់ច្បាស់លាស់ដែរ។​

ទោះយ៉ាងណា បើសិនជាមានការចាប់ខ្លួនលោក ថាណាថន មែននោះ ចលនាតវ៉ានៅក្នុងប្រទេសថៃអាចនឹងផ្ទុះឡើងទៀតមិនខាន  ព្រោះបក្សនេះអ្នកគាំទ្រភាគច្រើនជាយុវជនដែលកំពុងពុះកញ្ជ្រោលក្នុងការផ្លាស់ប្តូរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ