រដ្ឋាភិបាល​ ថា​កំពុង​ចាត់​​វិធានការ​ដោះស្រាយ​​ករណី​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​នៅ​ខេត្ត​រតនគិរី​

ជ្រូកដែលបានឆ្លងជំងឺប៉េស្តជ្រូក ហើយស្លាប់ ត្រូវបានយកទៅកប់ចោល។ រូបភាព៖ ហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

មន្ត្រីជំនាញកសិកម្មបានអះអាងថា ពួកគេបានចាត់វិធានការមួយចំនួន ដូចជា ទប់ស្កាត់ការចរាចរសាច់ជ្រូក និងសត្វជ្រូកនៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងភូមិមួយជាប់ព្រំដែនវៀតណាមនៅ​ខេត្តរតនគិរី ព្រមទាំងបន្តតាមដានករណីនេះបន្ថែមទៀត​។

ប្រធានមន្ទីរករសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សូយ សូណា ឱ្យ វី.អូ.ឌី ដឹង​ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ តាំងពីថ្ងៃទី២២ ខែមីនា  ដោយថា មកទល់ពេលនេះមានសត្វជ្រូករបស់អ្នកភូមិប្រមាណ៥រយក្បាល​បានងាប់ និងបំផ្លាញចោល។

ប្រធានមន្ទីរកសិកម្មដដែលប​ន្តថា ជំងឺនេះបានផ្ទុះឡើងតែភូមិសោមកានិញមួយប៉ុណ្ណោះ ហើយអាជ្ញាធរជំនាញបានចាត់វិធានការទាន់ពេលវេលា ប៉ុន្តែ ក៏នៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀតផងដែរ។ ​

លោកមានប្រសាសន៍ថា៖ «ស្ថានភាពនេះ យើងបានទប់ស្កាត់ទាន់ពេលវេលាពាក់ព័ន្ធ​ការផ្ទុះនៅភូមិមួយនៅភូមិសោមកានិញ នៅស្រុកអូរយ៉ាដាវ ហើយសភាពសត្វក្រៅពីនេះ យើងបានបាញ់ថ្នាំសម្លាប់មេរោគ ផ្សព្វផ្សាយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មិនឱ្យមានការដឹកជញ្ជូនសត្វជ្រូកចេញពីភូមិហ្នឹង ឬ ភូមិដទៃចេញចូលទេ។ យើងបានប្រកាសពីក្រសួងកសិកម្ម គឺហាមការធ្វើចរាចរណ៍សត្វជ្រូកពីតំបន់ផ្ទុះជំងឺហ្នឹង។ យើងបានចាត់វិធានការពីកន្លែងផ្ទុះជំងឺហ្នឹងប្រហែល៣គីឡូម៉ែត្រ បាញ់ថ្នាំការពារ និងស្រាវជ្រាវ​ ព្រោះខ្លាចវាឆ្លងរាលដាល។ អ៊ីចឹងយើងត្រូវទប់ស្កាត់»។

មន្ត្រីជំនាញដដែលឱ្យដឹងថា អាការៈជំងឺប៉េស្តជ្រូកអាហ្វ្រិកពិបាកមើលបន្តិច ដោយ​ជាប្រភេទជំងឺ​ថ្មី ប៉ុន្តែ គេអាចសង្កេតឃើញថា ជំងឺនេះធ្វើឱ្យសត្វជ្រូកទន់ដៃទន់ជើង មិនស៊ីចំណី ឬស៊ីបាយ និងហើមពោះពេលជ្រូកងាប់ ជាដើម។

អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា ជាជំហានដំបូង មន្ត្រីជំនាញសន្និដ្ឋានថា ករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅភូមិសោមកានិញ អាចកើតឡើងដោយសារការចរាចរទំនិញតាមម៉ូតូដែលមានបន្លែ និងសាច់សត្វផ្សេងៗ រវាងពលរដ្ឋ​ស្រុកអូរយ៉ាដាវជាមួយពលរដ្ឋវៀតណាម។

លោកអះអាងថា បច្ចុប្បន្នជំងឺនេះ មិនបានកើតឡើងនៅតំបន់ ឬខេត្តផ្សេងទៀតឡើយ ហើយជំងឺនេះក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។

លោកបន្តថា៖ «យើងចាត់ចូលជាជំងឺមិនឆ្លងពីសត្វមកមនុស្សទេ។ អ៊ីចឹង ការបរិភោគមិនមានអ្វីជាបញ្ហាទេ ខ្ញុំបញ្ជាក់ជូនអីចឹង ក៏ប៉ុន្តែអ្វីដែលយើងបារម្ភ គឺកាលណាគាត់វះកាត់សត្វហ្នឹង គាត់នឹងចែកគ្នាហើយ មិនអីចឹង? អីចឹងទេ ផ្ទះផ្សេងទៀតដែលមានជ្រូកដែរ ហើយអត់ឈឺ យកសាច់ហ្នឹងទៅបរិភោគ នាំមេរោគឈឺហ្នឹងទៅ គឺសត្វគាត់នឹងឈឺដូចគ្នា។ អ៊ីចឹងការរាតត្បាតវាកាន់តែខ្លាំង»។

កាលពីថ្ងៃទី២ ខែមេសា ក្រសួងកសិកម្ម ​បានចេញសេចក្តីប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ដោយណែនាំឱ្យស្ថាប័នជំនាញត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបសុព្យាបាល។

បន្ថែមពីនេះ ត្រូវផ្អាកការទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចេញ ចូល ឬឆ្លងកាត់តំបន់ផ្ទុះជំងឺក្នុងរង្វង់៣គីឡូម៉េត្រ។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លង និងមិនបង្កផលប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែ ជំងឺនេះបណ្តាលឱ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូត១០០ភាគរយ ដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែម្តង។

ក្រសួងកសិកម្ម កាលពីថ្ងៃទី២ ខែមេសាដដែល ក៏បានចេញលិខិតមួយជូនអភិបាលខេត្តរតនគិរី ដោយស្នើឱ្យជួយចាត់វិធានការជាបន្ទាន់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកាចសាហាវនេះផងដែរ។ 

អគ្គនាយក​ក្រុម​ហ៊ុន ​ម៉ុង ឬទ្ធី និង​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​នៅ​កម្ពុជា លោក ម៉ុង ឫទ្ធី បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ ហើយ​ក៏​បាន​​ជំរុញ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ផ្សេង​ទៀត​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់បន្ថែមទៀត។  ​

លោក មានប្រសាសន៍ថា៖ «អ៊ីចឹង ខ្ញុំប្រុងប្រយ័ត្នតាំងពីមិនទាន់ផ្ទុះជំងឺម្លេះ ហើយនៅតំបន់ខ្ញុំក្រោមការគ្រប់គ្រង​របស់ខ្ញុំ ដែលខ្ញុំបានជួយកសិករខ្នាតតូចប្រហែល១២០កសិដ្ឋានហ្នឹង គឺខ្ញុំប្រុងប្រយ័ត្នតាំងពីមិនទាន់ផ្ទុះជំងឺម្លេះ ហៅមកប្រជុំណែនាំអីទាំងអស់ មិនមែនផ្ទុះជំងឺហើយបានប្រយ័ត្នទេ។ ខ្ញុំឃើញថា រដ្ឋាភិបាល ក្រសួងកសិកម្ម បានប្រឹងប្រែងទប់ស្កាត់ខ្លាំងណាស់ គឺយ៉ាងសកម្មបំផុត។ ខ្ញុំមើលទៅមិនទាន់ឃើញរីករាលដាលចេញពីអូរយ៉ាដាវហ្នឹងទៅកន្លែងណាទៀត មិនទាន់មានឃើញទេ បាទ។»

ទីប្រឹក្សាអង្គការសេដាក លោក សម ពិទូ យល់ថា ប្រសិនបើរដ្ឋាភិបាលអាចទប់ស្កាត់ការនាំសត្វជ្រូកចូលពីប្រទេសវៀតណាម ទាំងច្រកព្រំដែនអន្តរជាតិ និងច្រករបៀងបាន គឺអាច​ធានាសុវត្ថិភាពដល់កសិករ និងអាជីវករដែលចិញ្ចឹមជ្រូកខ្នាតតូច និងខ្នាតធំនៅកម្ពុជា​។

លោកបន្តថា៖ «បើសិនជាគ្មានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងទេ ពេលនោះហើយដែលធ្វើឱ្យ បញ្ហាជ្រូកនៅស្រុកខ្មែរយើងហ្នឹងកើតឡើង ហើយពេលនោះកសិករ ក៏ដូចជាអាជីវករ ដែលចិញ្ចឹមជ្រូកខ្នាតធំហ្នឹង មានការខាតបង់»។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៨​កន្លងទៅ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រីក​រាល​ដាល​ក្នុង​ខេត្ត និង​តំបន់​ចំនួន​​២៥ នៅ​ប្រទេស​ចិន ដែល​ពេលនោះ​ អាជ្ញាធរ​​ចិន​បាន​សម្លាប់​ជ្រូក​ចោល​រាប់​ម៉ឺន​ក្បាល។

ក្រោយ​ផ្ទុះ​ជំងឺ​នេះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម ហៅ​កាត់​ថា​ FAO​ បាន​ព្រមាន​ថា ​​ជំងឺប៉េស្ត​​ជ្រូក​អាហ្វ្រិក​ដែល​​កើតឡើង​នៅ​ចិន​ អាច​រីក​រាល​ដាល​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​​អាស៊ី​។ ការព្រមាននេះ មិនបានយូរប៉ុន្មានផង កាលពីខែកុម្ភៈ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក៏បានផ្ទុះឡើង​នៅប្រទេសវៀតណាមតែម្តង។

អង្គការ FAO​ ដដែល ​បាន​ឲ្យ​ដឹង​ដែរ​ថា មេរោគ​ជំងឺនេះ​​ធន់​​ខ្លាំង ​ហើយ​អាច​រស់​​នៅ​បាន​យូរ ពោល​គឺ​វា​អាច​ស៊ាំនឹង​អាកាសធាតុ​​ក្តៅ​ខ្លាំង ត្រជាក់​ខ្លាំង ហើយ​មិន​​តែប៉ុណ្ណោះ​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់​ជ្រូក​ក្រៀម​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ