ក្រសួង​ការពារ​ជាតិ​ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​​ទុក​​​ចិត្ត​​លើ​ក​ង​ទ័ព ក្រោយ​​មាន​​អ្នក​បន្លំ​​វាយ​ប្រហារ​រដ្ឋាភិបាល​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ រូបភាព៖ AP / ហេងស៊ីនិត

ក្រសួងការពារជាតិ ​អំពាវនាវ​ទៅ​ពលរដ្ឋ​ «ត្រូវ​មានទំនុក​ចិត្ត​លើក​ងយោ​ធពល​ខេមរភូមិន្ទ​ កុំ​ចាញ់​ឧបាយកល​ ក្រុម​ទុច្ច​រិត​» ដើម្បី​រួមគ្នា​ការពារ​រដ្ឋាភិបាល​។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​ក្រសួងការពារជាតិ​ អះអាង​ថា​ ថ្មី​ៗនេះ​មាន​ជន​ទុច្ចរិត​មួយចំ​នួន​​បាន​បង្កើត ​Facebook​ បន្លំយក​រូប​នាយទាហាន​ទៅ​វាយ​ប្រហារ​រដ្ឋា​ភិបាល​។ក្រសួង​ចាត់ទុកថា​ ទង្វើ​នេះ​ថា ​«ខុសច្បាប់​ ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​»

លិខិត​ដដែល​បញ្ជាក់​ថា​ កងយោធពល​ខេមរភូមិន្ទ​ រក្សា​ជំហរ​ស្មោះត្រង់​ការពារ​រដ្ឋាភិបាល​ ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប៉ុន​ប៉ង​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ និង​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មាន​«ទំនុកចិត្ត​លើក​ងយោ​ធពល​ខេមរភូមិន្ទ​ កុំ​ចាញ់​ឧបាយកល​ក្រុម​ទុច្ចរិត​ទាំងអស់​នោះ​»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការពារ​ជាតិនេះ​ ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​រង្ស៊ី​ បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ពី​រូបភាព​ពលរដ្ ឋ​និង​កងទ័ព​នៅ​អាល់​សេរី​ ធ្វើបាតុកម្ម​ទម្លាក់​មេដឹកនាំ​របស់​ខ្លួន​បានសម្រេច​ និង​អំពាវ​ទៅ​ពលរដ្ឋ​ខ្មែរ​ឲ្យ​យក​គំរូ​នេះ​។

លោកថា​៖ «កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ប្រទេស​កម្ពុជា​ ត្រូវតែ​យក​គំរូ​តាម​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ប្រទេស​ Alg​érie ​គឺ​ឈប់​គាំទ្រ​ជន​ផ្តាច់​ការ ​ហ៊ុន​ សែន​ ទៀត​ទៅ​ តែ​បែរ​មក​គាំទ្រ​ប្រជារាស្ត្រ​ខ្មែរ​វិញ​ ដែល​ចង់​បំបាត់​អំណាច​ផ្តាច់​ការ​​ដូច​នៅ​ប្រទេស​ Alg​érie​ អញ្ចឹង​ដែរ​។»

អ្នកវិភាគ​វ័យក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​អ្នកនយោបាយ​នៅតែ​សាច​ទឹកដាក់​គ្នា​ កម្ពុជា​អា​ច​​នឹ​ង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ ពី​វិធានការ​របស់​សហគមន៍​អន្តរជាតិ​ដែល​ជំរុញ​ឲ្យ​ស្តារ​ប្រជាធិបតេយ្យ​។

អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា​ អ្នកនយោបាយ​គួរ​ចាប់ដៃ​គ្នា​ស្វែងរក​ដំណោះស្រាយ​តម្កល់​ប្រយោជន៍ជាតិ​​ជាធំ​ ជាជាង​គិតតែ​ប្រយោជន៍​បក្ខពួក​ ហើយ​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ​ក្លាយជា​ជនរងគ្រោះ​ដោ​យសារតែ​ជម្លោះ​នយោបាយ​នេះ​។

កញ្ញា​ថា​៖ «រឿង​អ្វីក៏ដោយ ​បើសិនជា​យើង​ឲ្យ​តម្លៃ​ជាតិ​ជាធំ​ ខ្ញុំ​ជឿ​ថា​ វា​គ្មានអ្វី​ដែល​មិន​អាច​ធ្វើ​បានទេ​ តែ​ផ្ទុយទៅវិញ​ បើ​​រដ្ឋាភិបាល​គាត់​អាច​អនុវត្ត​ទៅលើ​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប​បាន​ រដ្ឋាភិបាល​ក៏​ទទួល​បានការ​សាទរ​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ការ​ថា​ចេះបន្ទន់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​នៅពេល​ដែល​ប្រទេសជាតិ​កំពុងតែ​ជួប​បញ្ហា​»។

សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​នីតិវិធី​ក្នុង​ការ​ព្យួរ​ EBA​ ជា​បណ្ដោះអាសន្ន​ពី​កម្ពុជា​ ក្រោយពី​រក​ឃើញថា​ រដ្ឋាភិបាល​មួយ​នេះ​ បាន​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្រោម​កិច្ច​ព្រម​ព្រៀង​។

អង្គការ​សមាគម​ជិត៧០ កាលពីដើម​ខែ​នេះ​ អះអាង​ការបាត់បង់ ​EBA​ នឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដោយ​ផ្ទាល់​ និង​ដោ​យ​ប្រយោល​ដល់​ជីវភាពរស់នៅ​ និង​សុខមាលភាព​របស់​ពលរដ្ឋ ​រួម​ទាំង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំងមូល​ ។

ប៉ុន្តែ ​ពួកគេ​ផ្តល់​ជា​យោ​បល់​ថា​ កម្ពុជា​អាច​គេច​ផុត​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ​បាន​ ប្រសិនបើ​រដ្ឋាភិបាល​ប្រឹងប្រែង​បំពេញ​កតា​ព្វ​កិច្ច​អនុវត្ត​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ ប្រកបដោយ​មាន​ប្រសិទ្ធិ​ភាព​។ គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិមនុស្ស​ និង​អនុសញ្ញា​នានា​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ជា​មួយ​​អង្គការសហប្រជាជាតិ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ