សង្គម​​ស៊ីវិល​ហៅ​​ការ​​រារាំង​​របស់​​អាជ្ញាធរ​​មិន​​ឲ្យ​​យុវជន​​បរិស្ថាន​​រៀប​ចំ​​សង្ក្រាន្ត​​ថា ​បំពាន​​សិទ្ធិ​​ចូលរួម​​របស់​​យុវជន​

ទិដ្ឋភាពនៅទីតាំងសង្ក្រាន្តយុវជនប្រលាយបឹងត្របែក មុនពេលដែលអាជ្ញាធរចុះរារាំង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ យុវជនបរិស្ថាន San Dara Vit

សកម្មជន​សិទ្ធិ​មនុស្ស បាន​ហៅ​សកម្មភាព​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​​រារាំង​ក្រុម​យុវជន​បរិស្ថាន​មិន​ឲ្យ​រៀបចំ​ពិធី​បុណ្យ​សង្ក្រាន្ត​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក​ ថា ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​លើ​សង្គម​ស៊ីវិល ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​​ជាតិ និង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ណែនាំ​ពី​រដ្ឋាភិបាល។

ក្រុមយុវជនសំរាមបាននាំគ្នារៀបចំកម្មវិធី​សង្រា្កន្ត​មួយ​នៅលើប្រឡាយទឹកស្អុយបឹងត្របែក​កាលពីថ្ងៃទី៦ ខែមេសា​សប្ដាហ៍​មុន ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាការបំផុសឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាបរិស្ថាននៅរាជធានីភ្នំពេញផងដែរ។

ប៉ុន្តែ ការរៀបចំពិធីនេះ ត្រូវបានអាជ្ញារខណ្ឌចំការមន​រារាំង​​ទៅ​វិញ ហើយ​អះ​អាង​ថា មិន​បាន​សុំ​ការ​អនុញ្ញាត ឬ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជាមុន​នោះ​ឡើយ។

អាជ្ញាធរ បាន​អអះ​អាង​ថា ទីតាំងដែលក្រុមយុវជនរៀបចំធ្វើសង្ក្រាន្តមិនមានអនាម័យល្អ ហើយ​ថា ព្រួយបារម្ភខ្លាចអំពី​ផល​ប៉ះពាល់ទៅ​លើ​សុខភាព និងសុវត្ថិភាពរបស់អ្នកចូលរួមផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អះអាងថា អាជ្ញាធរចុះ​ហាម​ឃាត់ក្រុមយុជនមិនឱ្យធ្វើសង្ក្រាន្ត ដោយសារ ពួកគេមិនបានជូនដំណឹងទៅអាជ្ញាធរ។

លោកថា៖ «ប្រទេសយើងមានច្បាប់ ការធ្វើសកម្មភាពសាធារណៈ លោក ប្អូនៗទៅយកសាឡាងដែលគេធ្វើនៅនោះ យកមករៀបចំ ដោយមិនមានការជូនដំណឹង ដោយមិនមានការស្នើសុំអីហ្នឹង។ តើយើងឆ្លុះបញ្ចាំងយ៉ាងម៉េច? អ៊ីចឹងទេ នេះជាមេរៀនដែលយើងចង់ប្រាប់ថា យើងអត់អាចធ្វើអី ទៅយកសាឡាងគេមករៀបចំ ធ្វើពិធីដោយមិនមានការសុំ មិនមានការជូនដំណឹង មិនមានការអនុញ្ញាតពីគេដែរ»។

ទោះជាយ៉ាងណា ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បាន​ចាត់​ទុក​សកម្មភាព​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នេះ​ថា ជា​ការ​រំលោភ​លើ​សិទ្ធិ​ចូល​រួម​របស់​ក្រុម​យុវជន ហើយ​លោក​ជំរុញ​ទៅ​អាជ្ញាធរ​ឲ្យ​ជ្រើស​រើស​ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន​វិញ។

លោកថា៖ «ខ្ញុំគិតថា អាហ្នឹងវាគ្រាន់តែជាហេតុផលមួយ ដើម្បីបញ្ឈប់មិនឱ្យមានមហាសង្ក្រាន្ត​យុវជនបរិស្ថាន និងជាការរំលោភសិទ្ធិរបស់យុវជនក្នុងការចូលរួមកិច្ចការការងារសង្គមហ្នឹង ជាពិសេសទាក់ទងនឹងការងារបរិស្ថានហ្នឹង»។

លោក អំ សំអាត មើល​ឃើញ​ថា សកម្មភាព​រារាំង​របស់​អាជ្ញាធរ​ខណ្ឌ​ចំការមន បាន​កើត​ឡើង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ផង​ដែរ ដែល​បាន​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​​ឲ្យ​​បង្កើន​កិច្ចសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។

លោក ស ខេង បញ្ជាក់ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះ​បញ្ជីត្រឹ​មត្រូវ​នៅ​ក្រសួ​ង​ម​​ហាផ្ទៃ ពួកគេអាចធ្វើសកម្មភា​ពបាន មិនបាច់ជូនដំណឹងទៅអាជ្ញាធរដូចពេលមុនៗនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ