លោក សម រង្ស៊ី ស្នើឲ្យសហគមន៍អន្ដរជាតិ ថ្កោលទោសការគំរាមចាប់ខ្លួនថ្នាក់​ដឹកនាំជាន់​ខ្ពស់​បក្ស​ប្រឆាំង

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី ទទូចឲ្យសហគមន៍អន្ដរជាតិថ្កោលទោសតុលាការកម្ពុជា ដែលបានចេញដីកាបង្គាប់ឲ្យ​ចាប់ខ្លួនមន្ត្រី​ជាន់​ខ្ពស់ ៨​រូប​របស់​បក្សប្រឆាំង។

​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកា​កាលពីថ្ងៃទី១២ ខែមីនា​កន្លង​មក​នេះ បញ្ជា​ទៅ​កម្លាំង​​សាធារណៈ​តាមចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្រោមការចោទប្រកាន់​ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ក្រៅពីលោក សម រង្ស៊ី អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៧រូបទៀត ក៏ស្ថិតក្នុងដីកាចាប់ខ្លួនផងដែរ រួមមាន លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក ឡុង រី និងលោក អ៊ូ ច័ន្ទឫទ្ធិ។

ប៉ុន្ដែ តាមរយៈបណ្ដាញសង្គមធ្វីតធ័រ​កាលពីម្សិលមិញ លោក សម រង្ស៊ី បានអំពាវនាវឲ្យសហគមន៍អន្ដរជាតិថ្កោលទោសដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការនេះ ហើយ​ចាត់​ទុក​ដីកានេះ​ថា ត្រូវ​បាន​ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការគំរាមកំហែងបន្ថែមទៀតពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។

លោក សម រង្ស៊ី សរសេរលើបណ្ដាញសង្គមធ្វីតធ័រថា៖ «ខ្ញុំសូមឲ្យបណ្ដារដ្ឋាភិបាលនៃប្រទេសដែលជាមិត្តនឹងកម្ពុជា និងជាពិសេសប្រទេសគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កុំទទួលយកដីកាបង្គាប់ចាប់ខ្លួនប្រឆាំងមេដឹកនាំ ៨នាក់របស់គណបក្សប្រឆាំងនៅកម្ពុជា»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ គូសបញ្ជាជាថ្មីថា ក្រុមមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនាពេល​ខាងមុខ បើទោះជាពួកគេទទួលរងការគំរាមចាប់ខ្លួនពីសំណាក់តុលាការក៏ដោយ។

លោកស្រី មូរ សុខហួរ អះអាងទៀតថា គម្រោងធ្វើមាតុភូមិនិវត្តន៍នេះ គឺដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយ ដែលឈានទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន និងអហិង្សា ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ 

លោកស្រី មូរ សុខហួរ បន្ដថា៖ «ដីកាទាំងអស់នេះសុទ្ធតែចេញមកពីតុលាការដែលជាឧបករណ៍នយោបាយនៃលោក ហ៊ុន សែន។ គោលដៅរបស់យើង គឺការត្រឡប់ទៅវិញនៃលោកប្រធានស្ដីទី សម រង្ស៊ី ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ ដោះលែងលោកប្រធាន កឹម សុខា។ យើងរៀបចំដោយមានការប្រុងប្រយ័ត្នមិនអាចឲ្យមានអំពើហិង្សា ក៏ដូចជាការបាត់បង់ផលប្រយោជន៍ ឬប្រទេសជាតិទេ យើងទៅដើម្បីរកដំណោះស្រាយ»។

អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការអំពាវនាវរបស់លោក សម រង្ស៊ី មិនមានឥទ្ធិពលអ្វីមកលើស្ថាប័នតុលាការនោះទេ។ លោកក៏ប្រាប់ឲ្យអតីតក្រុមមេបក្សប្រឆាំងចូលមកតតាំងក្ដីតាមផ្លូវតុលាការនៅកម្ពុជា ជាជាងការថ្លែងសារនយោបាយពីក្រៅប្រទេស។

លោក ជិន ម៉ាលីន បន្ដថា៖ «ការអំពាវនាវរបស់គាត់ជារឿងធម្មតាដែលតែងតែស្រែករកអ្នកនេះ ស្រែករកអ្នកនោះ។ ប៉ុន្ដែ មិនមានប្រយោជន៍ មិនមានឥទ្ធិពលអ្វីទៅលើតុលាការទេ សំខាន់គឺគាត់ធ្វើការការពារខ្លួនតាមច្បាប់ទៅ ប្រសិនបើគាត់មានភាពស្អាតស្អំពាក់ព័ន្ធនឹងបទល្មើសដែលគេចោទ»។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ វិភាគថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គឺមួយផ្នែក​អាចជួយដោះស្រាយបញ្ហានយោបាយដែលកំពុងជាប់គាំង ហើយមួយផ្នែកទៀត គឺស្រោចស្រង់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯង។

កញ្ញាមើលឃើញថា មកទល់ពេលនេះ អ្នកនយោបាយខ្មែរនៅមិនទាន់បង្ហាញចំណុចស្រុះស្រួលគ្នាណាមួយឡើយ ហើយវាអាចបង្កជាវិបត្តិក្នុងសង្គមទៅថ្ងៃមុខ ប្រសិនបើលោក សម រង្ស៊ី មិនមានផែនការ និងយុទ្ធសាស្ដ្រច្បាស់លាស់ទប់ទល់នឹងបក្សកាន់អំណាចទេនោះ។

កញ្ញាបន្ដថា៖ «លើកនេះ ប្រសិនបើលោក សម រង្ស៊ី មិនអាចត្រឡប់ចូលប្រទេសទេ ខ្ញុំគិតថា អនាគតទៅមុខទៀត ជីវិតនយោបាយគាត់ក៏ប្រហែលជាពិបាកប្រកួតប្រជែងជាមួយបក្សកាន់អំណាចដែរ […] ប្រសិនបើលោក សម រង្ស៊ី មានយុទ្ធសាស្ដ្រល្អ អាចវិលត្រឡប់ចូលវិញ វាក៏ជាមធ្យោបាយមួយដែលអាចដោះស្រាយដែលកំពុងជាប់គាំងមួយចំនួន ហើយនៅពេលនោះ យើងដឹងហើយថា តើវាជាឆន្ទៈរបស់រដ្ឋាភិបាលក្រុងភ្នំពេញចង់ដោះស្រាយ ឬក៏អត់»។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស បន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ចំណែក​​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង ៧​រូប​ទៀត សុទ្ធ​តែ​និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ