លីកាដូ​ជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាល​ដោះស្រាយបញ្ហាស្ត្រីជាប់ពន្ធនាគារឱ្យបានឆាប់រហ័ស

ស្ដ្រីដែលជាប់ក្នុងពន្ធនាគារ ជាមួយនឹងកូនតូចៗរបស់ពួកគេ។ (រូបភាព៖ របាយការណ៍សង្ខេបចេញផ្សាយ ខែតុលា ឆ្នាំ២០១៨ របស់អង្គការលីកាដូ)

អង្គការលីកាដូ ទទូចជាថ្មីទៀតដល់ស្ថាប័នពាក់ព័ន្ធ ​​ឱ្យដោះស្រាយបញ្ហា​ស្ត្រីកំពុងជាប់ឃុំ ពិសេសស្ត្រីមានកូនតូច និងមានផ្ទៃពោះឱ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសបញ្ហាប្រឈមកើតឡើងទៅលើពួកគេបន្តទៀត។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ លីកាដូបានលើកឡើងថា កុមារ​ និង​ម្ដាយ​របស់ពួកគេ ព្រមទាំងស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំ ត្រូវប្រឈម​នឹងបញ្ហា​ជាច្រើន​ ដូចជា​ ខ្វះខាត​របបអាហារសម្រាប់បរិភោគ​ ទឹក​ប្រើប្រាស់ ​និង​​​សម្លៀក​បំពាក់​ ព្រមទាំង​គ្រឿង​សម្អាត​អនាម័យ​ផ្សេងៗ។​

អង្គការ​លីកាដូ បាន​លើក​ឡើង​ទៀត​ថា បញ្ហា​ទាំងនេះ ​គឺមាន​ស្ថានភាព​អាក្រក់ខ្លាំង​ ដោយសារ​ការប្រើប្រាស់​នីតិវិធី​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ច្រើន​ហួសហេតុ​ពេក​ និង​កង្វះខាត​នៃការ​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​ដែលមាន​ស្រាប់ ​ដូចជា​​ ពាក្យបណ្ដឹង​សុំនៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​ ជាដើម។​

ប្រធានការិយាល័យផ្នែកអង្កេតនៃការអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​របស់​លោក​បាន​ជំរុញ​​ជា​ថ្មី​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យ​ពន្លឿន​ការងារ​នេះ​ បន្ទាប់​ពី​មើលឃើញថា ដំណើរការនីតិវិធីនៅភាពយឺតយ៉ាវ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «អីចឹង គឺស្ត្រី​ដែលមានកូនតាមម្តាយ ឬ​ស្ត្រីដែលមានផ្ទៃពោះ គឺមានជួបបញ្ហាទាក់ទងបញ្ហាសុខភាពហ្នឹងខ្លាំង។ ហើយមួយទៀត ស្ត្រីដែលជាប់ពន្ធនាគារ ហើយមានកូននៅខាងក្រៅហ្នឹង គ្មានអ្នកនៅថែទាំ​ទៅលើកូនរបស់គាត់ដែលនៅខាងក្រៅ ហើយស្ត្រីភាគច្រើនទៀតក៏មានការប្រឈមមុខ​ជាមួយការបែកបាក់គ្រួសារដែលខ្លួនជាប់ពន្ធនាគារ»

លីកាដូ​​ក៏បាន​សរសេរ​លិខិត​ទៅ​ក្រសួង​​មហាផ្ទៃ ​ក្រសួងយុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី ​ដោយស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងនេះ​ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន​ ដើម្បី​​ចាត់វិធានការ​ និងស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​ ​ចំពោះ​ស្ថានភាព​ស្រ្តីជាប់​ពន្ធនាគារ​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ដោយ​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​ដែល​មានស្រាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ វី.អូ.ឌី ដឹងនៅថ្ងៃនេះថា ខាងក្រសួងបានសហការជាមួយភាគីតុលាការ និងក្រសួងផ្សេងទៀត ធ្វើការងារនេះបានច្រើនដោយផ្អែកទៅលើគោលការណ៍មនុស្សធម៌។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ នៅមិនទាន់អាចសរុបតួលេខរឿងក្តីទាំងនោះបាននៅឡើយទេ ដោយថា ​ត្រូវដោះស្រាយទៅតាមភាពជាក់ស្តែង​នៃសំណុំរឿងនីមួយៗ ​ផ្អែកលើ​មូលដ្ឋានច្បាប់។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «ធ្វើម៉េចពន្លឿននីតិវិធីពាក់ព័ន្ធនឹងស្ត្រីហ្នឹងឱ្យបានឆាប់ ឈានដល់សាលក្រមស្ថាពរទៅ គាត់អាចទទួលបានប្រកាសនៃការលើកលែងទោស និងបន្ធូរបន្ថយទោស។ ប្រសិនបើគាត់នៅជាប់ក្នុងដំណើរការនីតិវិធី មិនទាន់មានសាលក្រមស្ថាពរទេ ប្រហែលជាអាចមានការធានាពីមេធាវីដើម្បីឱ្យ​នៅក្រៅឃុំបណ្តោះអាសន្ន ទៅតាមនីតិវិធីច្បាប់។ អាហ្នឹងជាអ្វីដែលយើងបានធ្វើ​ដោយ ធ្វើម៉េចដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ»

កាលពីខែកុម្ភៈ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានបញ្ជាឱ្យក្រសួងកិច្ចការ​នារី និង​ក្រសួង​យុត្តិធម៌ ត្រូវពិនិត្យពន្លឿននីតិវិធី និងសម្រួលទោសដល់អ្នកជាប់ឃុំជាស្ត្រីនៅក្នុងពន្ធនាគារទាំងអស់ ដោយ​ថា ដើម្បីឈានទៅដោះលែងពួកគាត់​​ឱ្យមានសេរីភាពឡើងវិញ​ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន រៀបរាប់​ថា៖ «គឺត្រូវដោះស្រាយ លើកលែង និង​សម្រួលទោស ដោយមិនបាច់រង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ​ ២០១៩​នេះ គឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឲ្យពួកគាត់បានទៅផ្ទះវិញ»

កាល​ពី​ខែកុម្ភៈដដែល  លោក ស ខេង ធ្លាប់បានបង្ហាញក្តីកង្វល់នៃភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយ​ថា បច្ចុប្បន្ន ចំនួនអ្នកជាប់ឃុំនៅពន្ធនាគារទាំងអស់មានចំនួន​ជាង ៣ម៉ឺននាក់។ ​ លោកថា អ្នកជាប់ឃុំប្រមាណ ២ ភាគ ៣ គឺពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយថា ក្នុងនោះ មានអ្នកជាប់ឃុំយ៉ាងច្រើន មិនទាន់ជម្រះក្តីទេ។ ​

របាយការណ៍របស់អង្គការលីកាដូ កាលពីចុងឆ្នាំ២០១៨ មានចំណងជើងថា «ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ​ដោយ​ធ្វើការងារទៅលើពន្ធនាគារចំនួន ១៨កន្លែង​ក្នុងចំណោមពន្ធនាគារចំនួន ២៨កន្លែង នៅទូទាំងប្រទេស បាន​រក​ឃើញ​ថា ក្នុងចំណោមជនជាប់ឃុំចំនួនជាង ២ម៉ឺននាក់(២៥ ៩២៦) មានអ្នកជាប់ឃុំជា​ស្ត្រី​ចំនួនជាង ២ពាន់នាក់(២ ២៤៣) ហើយប្រហែល​ពាក់កណ្តាល​នៃស្ត្រី​ដែល​បានជាប់ឃុំទាំង​អស់​នោះ  តុលាការមិនទាន់សម្រេច​ផ្តន្ទាទោស​ពីបទ​ល្មើស​ជាក់លាក់​ណាមួយ​នៅ​ឡើយ​ទេ។

លីកាដូអះអាងថា ​ការឃុំខ្លួន​បណ្តោះ​អាសន្ន​​រង់​ចាំសវនាការ​ច្រើន​ហួស​ហេតុ ​​ធ្វើឲ្យស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់​ កាន់តែធ្ងន់ធ្ងរ​ឡើង ​ហើយផ្តល់ផល​ប៉ះពាល់​ដល់​ជន​ងាយ​រង​គ្រោះ​មួយ​ចំនួន​ ដូចជា កុមារ​ដែល​រស់នៅ​ជាមួយម្តាយ​ក្នុងពន្ធនាគារ ឬ​ស្រ្តី​មាន​ផ្ទៃពោះ​ដែល​សម្រាល​កូន​​ក្នុងពន្ធនាគារ។

សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថា បច្ចុប្បន្នក្នុងចំណោមពន្ធនាគារ១៨ ដែលលីកាដូបានឃ្លាំមើល ​មានកុមារ​ចំនួន​១១៣នាក់​ និង​ស្ដ្រី​មានផ្ទៃពោះ​ចំនួន ៣៨នាក់​ កំពុង​ជាប់ឃុំ​​​​​។​ វិបត្តិនេះ​​​ធ្វើឱ្យ​មាន​ស្ថានភាព​កាន់តែ​អាក្រក់ឡើង​ ខណៈ​ចំនួនកុមារ​ដែល​នៅជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ បាន​កើន​ឡើង​​​ស្ទើរតែ​ទ្វេដង​​ចាប់តាំង​ពី​​​ ខែមករា​ ឆ្នាំ២០១៧​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ