មន្ដ្រី​ក្រសួង​មហាផ្ទៃ​ ថា​ការ​ហូរ​ចូល​ផលិតផល​ខុស​ច្បាប់​អាច​មក​ពី​ភាព​​ចន្លោះ​ប្រហោង​របស់​សមត្ថកិច្ច​

សន្និសីទសារព័ត៌មានស្ដីពីឱសថក្លែងក្លាយ ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

មន្ដ្រីរដ្ឋាភិបាល អះអាងថា ខ្លួនរឹបអូសបានឱសថខុសច្បាប់មួយចំនួនបន្ថែមទៀត ហើយបន្ទោសបញ្ហានេះទៅលើជនខិលខូច និងភាពចន្លោះប្រហោងរបស់មន្ដ្រីអនុវត្តច្បាប់។

ក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ជ​ សុ​ផា​ន់​ណា មានប្រសាសន៍ថា កាលពីថ្ងៃទី២៧ ខែមីនាកន្លងមកនេះ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់ឱសថបូរាណចិន ៣កន្លែង ​ស្ថិតសង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមលោក មៀ​ជ​ សុ​ផា​ន់​ណា ប្រតិបត្តិការបង្ក្រាបនេះ អាជ្ញាធរចាប់បានឱសថខុសច្បាប់ និងផុតសុពលភាព ជាង ១ម៉ឺន៨ពាន់គ្រាប់ (១៨ ១៦០គ្រាប់) ដែលសុទ្ធសឹងជាប្រភេទឱសថបង្កើន និងជំនួយផ្លូវភេទ។ ក្រៅពីវត្ថុតាងទាំងអស់នេះ អាជ្ញាធរ​ក៏រកឃើញជនសង្ស័យជាពលរដ្ឋខ្មែរកាត់ចិនចំនួន ៣នាក់ ដែលជាម្ចាស់ទីតាំង ហើយថា កំពុងកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន លោក មៀ​ជ​ សុ​ផា​ន់​ណា មានប្រសាសន៍ថា ផលិតផលខុសច្បាប់ទាំងនេះ ត្រូវបានលួចលាក់ដឹកជញ្ជូនមកពីប្រទេសជិតខាង ហើយលោកក៏ទទួលស្គាល់ថា សមត្ថកិច្ចកម្ពុជាមានភាពឆកល្វែងមួយចំនួនផងដែរចំពោះបញ្ហានេះ។

លោកបន្ដថា៖ «ចូលមកច្រើនតាមច្រកព្រំដែន តាមយន្ដហោះ តាមបណ្ដាប្រទេសជិតខាង ហើយកញ្ចប់ឱសថអស់ទាំងនេះ គឺវេចខ្ចប់នាំចូលមក ដោយជួលកាល ខាងសមត្ថកិច្ចដែលត្រួតពិនិត្យ គ្នាក៏មិនបានដឹង ឬមិនឃើញ ឬអាចការឆកល្វែងខ្លះរបស់សមត្ថកិច្ច ដែលយើងនឹងបន្ដពង្រឹងប្រព័ន្ធយន្ដការជាមួយគ្នា ដើម្បីទប់ស្កាត់ឱសថអស់ទាំងនេះ»។

ក្នុងពិធីកិនកម្ទេចផលិតផលក្លែងក្លាយកាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានស្ដីបន្ទោសមន្ដ្រីជំនាញរបស់លោកផងដែរ ហើយថា លោកនឹងលែងចូលរួមពិធីដុតកម្ទេចផលិតផលក្លែងក្លាយទៀតនោះទេ ប្រសិនបើអាជ្ញាធរមិនអាចចាប់បានអ្នកប្រព្រឹត្តមកដាក់ទោស។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី រិះគន់ទៅលើកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ដែលថា បានធ្វើឲ្យបញ្ហាផលិតផលក្លែងក្លាយនេះកើតឡើងដដែលៗ ហើយអាជ្ញាធរបានត្រឹមតែបង្ហាញ ឬដុតចោលទំនិញខុសច្បាប់ទាំងនេះជាសាធារណៈ ប៉ុន្ដែ មិនឃើញមានការចាប់ខ្លួនអ្នកនៅពីក្រោយយកមកដាក់ទោសនោះទេ។

លោកជំរុញឲ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យបញ្ហានេះរីករាលដាល និងបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកបន្ដថា៖ «សំខាន់ទី១ គឺការតាមដាន អត់មានពិបាកទេ គឺអ្នកណាអ្នកនៅពីក្រោយ អ្នកណាថៅកែកន្លែងហ្នឹង។ ហើយទី២ សួរថា របស់ហ្នឹងនាំចូលតាមច្រកណា? អញ្ចឹងទៅមើលច្រកទៀត អ្នកណាអ្នកអនុញ្ញាតឲ្យរបស់ហ្នឹងចូល អាហ្នឹងចាប់តែម្ដង ២ដងទៅ យើងអាចបង្ក្រាបបានហើយ។ ប៉ុន្ដែ បើគ្រាន់តែដុតប៉ុណ្ណឹង ហើយរកអ្នកនៅពីក្រោយមិនឃើញទេ ខ្ញុំគិតថា វាអត់មានប្រសិទ្ធភាពទេ»។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ហាញថា ក្នុងរយៈពេល ១២ខែ កាលពីឆ្នាំ២០១៧ ស្ថាប័ននេះ​បានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក្លែងក្លាយ​ខុស​ច្បាប់​​ចំនួន​ប្រមាណ​៦០០តោន។ ក្រោយមក​នៅក្នុងឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូសទំនិញក្លែងក្លាយ ហើយដុតបំផ្លាញចោលជាបន្តបន្ទាប់ ដែលមានជាង២០០តោន ខណៈនៅដើម២០១៩នេះ សមត្ថកិច្ចក៏បានចុះបង្រ្កាបបានទំនិញក្លែងក្លាយរាប់រយតោនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ