យុវជន​ ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើន​​យន្តការ​ដោះស្រាយ​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន

យុវជន​ឈ្មោះ សុវណ្ណារ៉ា ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ រូបភាព៖ ហេង វិចិត្រ

យុវជន​ជំរុញ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​បង្កើន​ការ​ផ្សព្វផ្សាយ និង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​បាន​ដល់​ទី​ជនបទ​ ដើម្បី​សម្រួល និង​ដោះស្រាយ​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន។

ក្នុង​កិច្ច​សន្ទនា​គោលនយោបាយ​ស្ដីពី​យុវជន និង​ការងារ ​ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន តស៊ូ​មតិ និង​គោល​នយោបាយ​ហៅ​កាត់​ថា API យុវតី​ដែល​កំពុង​រៀន​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ​កញ្ញា ស្រ៊ាង សុរិយា បាន​លើក​ឡើង​ថា ​បញ្ហា​កង្វះ​ព័ត៌មាន និង​ការងារ​ដែល​មាន​កម្រិត​ហួស​សមត្ថភាព​ពួកគេ ​កំពុង​ចោទ​ជា​បញ្ហា​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹម​ជីវិត។

កញ្ញា​ សុរិយា ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ការងារ​បន្ថែម​ទៀត​ដល់​យុវជន ​​ជា​ពិសេស​យុវជន​នៅ​តាម​ជនបទ​ឲ្យ​បាន​ដឹង​ពី​ឱកាស​ការងារ​នៅ​កម្ពុជា​នេះ។

កញ្ញា​សុរិយា៖ «យុវជន​ដែល​គាត់​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​ គឺ​គាត់​អត់​សូវ​ពិបាក​ប៉ុន្មាន​ទេ​! មាន​ន័យ​ថា ​គាត់​ដឹង​ថា ​អ្វី​ទៅ​ជា​ក្រុមហ៊ុន សូម្បី​ Job agency ក៏គាត់ស្គាល់ សូម្បី​តែ​ការ​តាំង​ពិព័រណ៍​ការងារ​ ក៏​គាត់​ស្គាល់​ គឺ​គាត់​ដឹង​ព័ត៌មាន​ច្រើន​ណាស់។ តែ​យើង​ផ្ដោត​លើ​យុវជន​ដែល​នៅ​តាម​ជនបទ​វិញ​ ដោយសារ​អី​ គឺ​ខ្ញុំ​ចង់​ឲ្យ​ខាង​រាជរដ្ឋាភិបាល ​គាត់​មាន​បង្កើន​នូវ​មន្ត្រី​ជំនាញ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​ឲ្យ​ច្រើន ​ឲ្យ​ទទួល​ព័ត៌មាន​បាន​ស្មើ​គ្នា​ កុំ​ផ្ដោត​តែ​លើ​រាជធានី​ភ្នំពេញ​ច្រើន ​ព្រោះ​អី​នៅ​តាម​បណ្ដា​ខេត្​ក៏​យើង​ត្រូវ​ការ​ព័ត៌មាន​នេះ​ដូច​គ្នា​ដែរ»។

យុវជន​ឈ្មោះ សុវណ្ណារ៉ា ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើក​ឡើង​ពី​ការ​លំបាក​ដែល​គាត់​ធ្លាប់​ជួប​នៅ​ពេល​ដែល​ស្វែង​រក​ការងារ​ធ្វើ​ថា ​ដោយ​សារ​ កង្វះ​ព័ត៌មាន ហើយ​ការងារ​មួយ​ចំនួន​ទៀត ​គឺ​ខុស​ទៅ​នឹង​ជំនាញ​ដែល​លោក​រៀន​ ដែល​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​ជា​ខ្លាំង​។

លោក​ថា៖ «ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ទៅ​ដល់​ដៃ​យុវជន​ ឬ​មួយ​ក៏​អត់​ ដូច​ជា​ រូប​ខ្ញុំ​ផ្ទាល់​ ហើយ​មួយ​ទៀត​ គឺ​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​ជំនាញ​ដែល​ខ្ញុំ​ត្រូវ​រក​ហ្នឹង​ អត់​ទាន់​មាន​តម្រូវ​ការ​ផ្សព្វផ្សាយ មាន​ន័យ​ថា​ គេ​រើស​ដែរ​ តែ​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ហ្នឹង​បាន​គ្រប់គ្រាន់។ [សំណួរ៖ ធ្វើ​ម៉េច​បាន​ជា​ប្អូន​ទទួល​បាន​ការងារ​ដែល​ធ្វើ​សព្វថ្ងៃ?] គឺ​តាមរយៈ​មិត្តភ័ក្ដិ។»

​ក្នុង​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ​ API បាន​រក​ឃើញ​ថា​ បញ្ហា​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​យុវជន​កំពុង​ប្រឈម​នឹង​បញ្ហា​អត់​ការងារ​ធ្វើ​នោះ​ បណ្ដាល​មក​ពី​ បញ្ហា​កង្វះ​ព័ត៌មាន​ជា​សាធារណៈ​ ស្ថាប័ន​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​កម្រិត​មធ្យម និង​ខ្ពស់​មិន​គ្រប់គ្រាន់ និង​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​យុវជន​នៅ​មាន​កម្រិត។

អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ លោក ឡៅ ហ៊ីម ​មាន​ប្រសាសន៍​ក្នុង​កិច្ចពិភាក្សា​នៅ​ព្រឹក​នេះ​ ថា​រដ្ឋាភិបាល​បាន​បង្កើត​រួច​ហើយ​នូវ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​គ្រប់​ខេត្ត​រាជធានី និង​ក៏​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​នៅ​តាម​ខេត្ត​ទាំង​អស់​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ​លោក​ទទួល​ស្គាល់​បញ្ហា​ដែល​យុវជន​កំពុង​ជួប​ប្រទះ​នេះ និង​សន្យា​យក​ទៅ​ពិភាក្សា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ។

លោក​ថា៖ «ក៏​ប៉ុន្តែ​ ក៏​ចង់​ជម្រាប​ជូន​ថា​ ស្ថាប័ន​រដ្ឋ​មួយ​មិន​អាច​ធ្វើ​តែ​ឯង​បាន​ទេ។ វា​ត្រូវ​​រួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​ក្មួយ​ៗ​ដែល​ជា​យុវជន​ផង​ដែរ។ ព្រោះ​បើ​សិន​ជា​យើង​និយាយ​ថា​ សម្រាប់​តែ​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល​ អាច​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ធ្វើ​តែ​ឯង​នោះ ​ប្រហែល​ជា​មិន​អាច​ធ្វើ​តែ​ឯង​បាន​ទេ។» 

ប្រធាន​វិទ្យាស្ថាន តស៊ូ​មតិ និង​គោល​នយោបាយ លោក ឡាំ សុជាតិ មាន​ប្រសាសន៍​ថា​ យុវជន​គឺ​ជា​កម្លាំង​ពលកម្ម​ដែល​មាន​សក្ដានុពល​មួយ​ក្នុង​ការ​ជំរុញ​ដល់​ការ​រីក​ចំរើន​សេដ្ឋកិច្ច​ជាតិ​ ហើយ​ការ​រក​ការងារ​ដល់​យុវជន​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ​រួម​ទាំង​វិស័យ​ឯកជន​ផង​ដែរ។​

លោក​ថា៖ «ការងារ​របស់​រដ្ឋ​មិន​អាច​ផ្ដល់​ឲ្យ​យុវជន​អស់​ទេ​ តែ​វិស័យ​ឯកជន​ និង​អង្គការ​សង្គម​ស៊ីវិល​ ហើយ​យុវជន​ខ្លួន​ឯង​ត្រូវ​ចេះ​បង្កើត​ការងារ​ អញ្ចឹង​យើង​ត្រូវ​សហការ​គ្នា​គ្រប់​ទាំង​អស់​។»

បើ​តាម API បច្ចុប្បន្ន​យុវជន​ជាង​៤២​ភាគរយ​កំពុង​ជួប​ប្រទះ​បញ្ហា​ទីផ្សារ​ការងារ និង​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​ពិភព​លោក និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កាល​ពី​ឆ្នាំ​២០១៣ ​ឲ្យ​ដឹង​ថា ​យុវជន​កម្ពុជា​ដែល​មាន​អាយុ​១៥​ឆ្នាំ​ឡើង ​មាន​ជាង​៤២​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​៤​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប ​​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ក្នុង​នោះ​មាន​ជាង​១ពាន់នាក់​មិន​អាច​រក​ការងារ​ធ្វើ​បាន៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ