លោក​ ហ៊ុន​ សែន​ លើក​យក​​វិធា​នកា​រ​ប្រ​ឆាំង​​អំពើ​ពុក​រលួយ​​បញ្ចូល​​ក្នុង​​សារ​​ជូន​ពរ​​ឆ្នាំ​​ថ្មី​​

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៣,៨៦៦នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរឆ្នាំថ្មីដោយ​ភ្ជាប់​ជាមួយនឹងការ​ប្តេជ្ញាចិត្តរបស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើពុករលួយផងដែរ​​។

ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​កម្រា​ស់៥ទំព័រដែល​ចេញ​កាលពីថ្ងៃទី​៣ ខែមេសា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ ក្រៅពី​បង្ហាញ​ពី​សមិ​ទ្ធិ​ផល​របស់​រដ្ឋាភិបាល​ កំណើន​សេដ្ឋកិច្ច​ វិធានការ​នានា​ ដែល​លោក​ហៅថា ​ដើម្បី​រក្សា​ស្ថេរ​ភាព​នយោបាយ​ មេដឹកនាំ​រូប​នេះ​ក៏បាន​ប្តេជ្ញា​ថា​ រដ្ឋាភិបាល​នឹង​បន្ត​វះ​កាត់​លើ​យន្ត​ការ​ធ្វើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​ ក្នុង​នោះ​មាន​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ផង​ដែរ​។

លោក ​ថា​៖ «រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​តាម​អភិក្រម​ងូតទឹក​ ឆ្លុះកញ្ចក់​ ដុះ​ក្អែល​ ព្យាបាល​ និង​វះកាត់​។ ក្នុង​នោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ ​និង​ថ្នាក់ក្រោម​ជាតិ​ ការ​ធ្វើ​កំណែទម្រង់​មជ្ឈការ ​និង​សហ​វិមជ្ឈការ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ មានប្រសាសន៍​ថា​ កំណែទម្រង់​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​ អាច​ពិបាកនឹងធ្វើ​ទៅ​បាន ​​បើ​គ្មាន​ឆន្ទៈ​ពិត​ពី​មេដឹកនាំ​  ​ដោយ​លោក​ថា​ អំពើពុករលួយ​ពេលនេះ ​វា​បាន​ចាក់ឬស​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ ពិសេស​បញ្ហា​គ្រួសារនិយម​។

អ្នកឃ្លាំមើល​ពីអ​ភិបាល​កិច្ច​រូប​នេះ​ ផ្តល់​ជា​យោ​បល់​ថា ​ដើម្បី​សម្រេចជោគជ័យ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​រដ្ឋាភិបាល​ត្រូវ​ចាប់​ផ្តើម​លុប​បំបាត់​អំពើពុករលួយ​បែប​គ្រួសារ​និយម​ពី​ថ្នាក់​កំពូល​មុនគេ​។

លោក​ ថា​៖ «បញ្ហា​បក្ខពួក​និយម​ ការ​ទទួល​បាន​មុខតំណែង​ដោយសារតែ​ការ​សូកប៉ាន់​ ដោយសារតែ​បក្ខពួក​ អាហ្នឹង​ជា​ឫស​គល់។ ​ដូច្នេះ​ គេ​ត្រូវ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​កាត់បន្ថយ​ទំនាស់​ផលប្រយោជន៍​ ធ្វើឲ្យ​ប្រព័ន្ធ​មួយ​ស្អាតស្អំ ​កុំ​ឲ្យ​មានការ​សូកប៉ាន់​»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ បណ្ឌិត​ មាស​ នី​ មានប្រសាសន៍​ថា​ ការ​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយលក្ខណៈ​ទ្រង់ទ្រាយ​ធំ​នឹងមិនអាចទៅ​រួចទេ​​ បើ​ស្ថាប័នរដ្ឋ​នៅតែ​មាន​ឪពុក​ជា​ប្រធាន​ស្ថាប័ន​ កូន​ជា​ជំនួយការ​នោះ​។

លោក​ មាស​ នី​ បង្ហាញ​ការ​ព្រួយបារម្ភ​ទៀត​ថា​ វិធានការ​នេះ​អាច​ជា​អាវុធ​មុខ​ពីរ​ បើ​យន្តការ​ធ្វើ​កំណែទម្រង់​គ្មាន​ភាព​ស្មោះត្រង់​។

លោក​ មានប្រសាសន៍ថា​៖ «បើ​មិន​អីចឹង​ទេ​ អា​វិធានការ​កំចាត់​អំពើពុករលួយ​ហ្នឹង ​វា​នឹង​ក្លាយជា​ឧបករណ៍​មួយ​កំពុង​តែ​រង​ការរិះគន់​ខ្លាំង​នៅ​ប្រទេស​ចិន​។ បច្ចុប្បន្ន​ហ្នឹង ​លោក​ ស៊ី​ ជីង​ពីង​ មេដឹកនាំ​ចិន​ហ្នឹង ​យក​វិធានការ​ប្រឆាំង​អំពើពុករលួយ​ហ្នឹង​ទៅ​គាបសង្កត់​អ្នក​ដែល​មាន​មតិ​ប្រឆាំង​ យើង​អត់​ចង់​ឃើញ​ការអនុវត្ត​បែបហ្នឹង​ក្នុង​ប្រទេស​កម្ពុជា​ទេ​»។

លោក​ មាស​ នី​ ពន្យល់​ទៀត​ថា​ បើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ បង្ក្រាប​បានតែ​មនុស្ស​មួយ​ក្រុម​ ច្បាប់​នឹង​ក្លាយជា​ឧបករណ៍​ពង្រឹង​អំណាច​អ្នក​ពុករលួយ​មួយ​ក្រុម​ទៀត​ដែល​មាន​ឥទ្ធិពល​ក្នុង​ស្ថាប័នរដ្ឋ​។

នៅដើម​ឆ្នាំ២០១៨​ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញផ្សាយ​សន្ទស្សន៍​វាយតម្លៃ​ថា​ អំពើពុករលួយ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

អង្គការ​នេះ​ រក​ឃើញ​ទៀត​ថា ​ការដែល​កម្ពុជា​មាន​ចំណាត់ថ្នាក់​អំពើពុករលួយ​ខ្ពស់​បែបនេះ​ ដោយ​ថា​ ការ​ធ្វើ​កំណែទម្រង់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើពុករលួយ ​ដែល​ត្រូវ​បាន​លើកឡើង​ដោយ​អ្នកជំនាញ​ផ្នែក​អភិបាលកិច្ច ​អ្នកជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ផ្តល់​ជា​អនុសាសន៍​ថា ​ដើម្បី​ស្តារ​បញ្ហា​នេះ​ រដ្ឋាភិបាល​ ត្រូវលើ​កកម្ពស់​ការចូលរួម​យ៉ាងសកម្ម​របស់​សង្គម​ស៊ីវិល​ លើកកម្ពស់​ការយល់​ដឹង​របស់​សាធារណជន​ ពង្រឹង​ការអនុវត្ត​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ដែល​ប្រឆាំង​នឹង​អំពើពុករលួយ ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ