អភិបាល​រាជធានី​ភ្នំពេញ​ ប្រាប់​​ទៅ​​អាជ្ញាធរ​ទាំងអស់​ឲ្យ​​ចូលរួម​បើក​លំហរ​សេរីភាព​ដល់​សង្គម​ស៊ីវិល​

វេទិកាស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អភិបាលរាជធានីភ្នំពេញ អំពាវនាវទៅមន្រ្តីក្រោមឱវាទ​ទាំងអស់ត្រូវជួយសម្របសម្រួលដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពដោយសេរី គ្មានការគំរាមកំហែង ដើម្បីឱ្យស្របទៅតាមច្បាប់ និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ 

ក្នុងវេទិកាភាពជាដៃគូរវាងអាជ្ញាធររាជធានីភ្នំពេញជាមួយសមាគម-អង្គការមិនមែនរដ្ឋាភិបាល​​ នៅថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១២ មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់សង្គមស៊ីវិលក្នុងការធ្វើសកម្មភាពដោយសេរី និងគ្មានការគំរាមកំហែង។

លោក លើកឡើង​ថា៖ «សូមជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ក៏ដូចជា សមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សនៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើសកម្មភាពដោយសេរី គ្មានការគំរាមកំហែង និងមិនលំអៀង ស្របទៅតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គោលការណ៍ណែនាំ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន»។

អនុប្រធានក្រុមប្រឹក្សា អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ លោក ដេត ប៊ុនថុន គាំទ្រចំពោះការអំពាវនាវនេះ ដោយថា កន្លងមក អជ្ញាធរមូលដ្ឋានតែងតែបដិសេធមិនឱ្យពួកគាត់រៀបចំវេទិកាផ្សេងៗនៅតាមមូលដ្ឋាន ទោះបីជាពួកគាត់បានដាក់លិខិតស្នើសុំការអនុញ្ញាតពីអាជ្ញាធរក៏ដោយ។

លោក ថា៖ «អ៊ីចឹង ខ្ញុំគិតថា បើតាមរយៈថ្ងៃនេះ ដោយសារតែមានការចូលរួមពីអភិបាលខណ្ឌផងដែរ ខ្ញុំគិតថា ពេលត្រឡប់ទៅវិញ គាត់អាចផ្ដល់ព័ត៌មានហ្នឹងទៅដល់អាជ្ញាធរដែនដី។ ហើយអាជ្ញាធរដែនដីអាចនឹងសហការជាមួយយើង»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ស្វាគមន៍ចំពោះការអំពាវនាវរបស់សាលារាជធានីភ្នំពេញ ដោយចាត់ទុកថា វាជាសញ្ញាវិជ្ជមានមួយឈានទៅស្តារទំនាក់ទំនងជាមួយសង្គមស៊ីវិលឡើងវិញ។

លោកថា៖ «​ខ្ញុំគិតថា វាជាការល្អ ហើយវាក៏ជាការបង្ហាញអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍទាំងអស់គ្នាដែរ ប៉ុន្តែ អ្វីដែលសំខាន់ ដោយសារយើងមានបទពិសោធន៍ និងមេរៀនកន្លងមក ជាពិសេសរាជធានីភ្នំពេញដែលមានបញ្ហាមួយចំនួនរវាងអង្គការសង្គមស៊ីវិលជាមួយនឹងអាជ្ញាធរ។ យើងរង់ចាំមើល ថាតើអាជ្ញាធរទាំងអស់ហ្នឹង គាត់ផ្ដល់កិច្ចសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីបើកលំហរសេរីភាពការងាររបស់អង្គការសង្គមស៊ីវិលដល់កម្រិតណា យើងនឹងធ្វើការតាមដានមើលបន្តទៅទៀត»។

ក្នុងវេទិកាភាពជាដៃគូរវាងអាជ្ញាធររាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល នាព្រឹកមិញនេះ គឺមានតំណាងសង្គមស៊ីវិលចូលរួមចំនួន ៧០០នាក់ ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ស ខេង បានចេញលិខិតណែនាំមួយ តម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្ត ឲ្យ​រៀ​បចំវេទិកាពិគ្រោះយោបល់ជា​មួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នា​នា​នៅ​មូល​ដ្ឋាន ឲ្យ​បាន​​​​ទៀងទាត់រាល់ឆមាស ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូទៀត។

លោក ស ខេង បញ្ជាក់ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះ​បញ្ជីត្រឹ​មត្រូវ​នៅ​ក្រសួ​ង​ម​​ហាផ្ទៃ ពួកគេអាចធ្វើសកម្មភា​ពបាន មិនបាច់ជូនដំណឹងទៅអាជ្ញាធរដូចពេលមុនៗនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ