ស្វាយចន្ទីបន្តធ្លាក់ថ្លៃធ្វើឲ្យកសិករនៅកំពង់ធំប្រឈមបំណុលធនាគារ

ស្ដ្រីជាកសិករម្នាក់កំពុងបេះយកគ្រាប់ស្វាយចន្ទិ សម្រាប់ទុកលក់ទៅអោយឈ្មួញ។ រូបភាព៖ ហ៊ុន ឌីម៉ូ

កសិករ​នៅ​ក្នុង​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ត្អូញត្អែរថា តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះជិតពាក់កណ្តាលក្នុងឆ្នាំនេះ​ បើប្រៀបធៀបឆ្នាំមុន​ ដែលធ្វើឲ្យពួកគេពុំមានប្រាក់គ្រប់គ្រាន់ដើម្បីសងធនាគារ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។

កសិករដាំស្វាយចន្ទីកំពុងមមាញឹកប្រមូលផលស្វាយចន្ទី ប៉ុន្តែ ពួកគេព្រួយបារម្ភអំពីកង្វះប្រាក់សងធនាគារនៅពេលដែលតម្លៃធ្លាក់ចុះបន្តបន្ទាប់ក្នុងឆ្នាំនេះ ហើយពួកគេអំពាវនាវដល់រដ្ឋាភិបាលជួយស្វែងរកទីផ្សារមួយច្បាស់លាស់សម្រាប់ដំណាំប្រភេទនេះ។ មន្ត្រីកសិកម្មស្នើឲ្យកសិករចងក្រងជាសហគមន៍កសិកម្ម ដើម្បីស្វែងរកដំណោះស្រាយអំពីបញ្ហាទីផ្សារដែលកំពុងកើតមានឡើង។

កសិករម្នាក់ឈ្មោះ យ៉ាន់ វិត រស់នៅក្នុងឃុំក្រយា ស្រុកសន្ទុក ដែលមានដីចំការស្វាយចន្ទី៤ហិកតា និងបានម៉ៅចំការស្វាយចន្ទី១០ហិកតាពីករសិករផ្សេងទៀត បានត្អូញត្អែរថា ឆ្នាំនេះតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃជិតពាក់កណ្តាល ដែលធ្វើឲ្យលោកខាតបង់ប្រាក់ជាច្រើនក្នុងការចំណាយទៅលើជី ថ្នាំកសិកម្ម និងកម្មករ។ លោកថា ដើមរដូវឆ្នាំ២០១៨ ស្វាយចន្ទីមានតម្លៃ៨៧០០រៀលក្នុង១គីឡូក្រាម បន្ទាប់មកធ្លាក់ត្រឹម ៥៧០០រៀលក្នុង១គីឡូក្រាម នៅចុងរដូវនៃប្រមូលផល ប៉ុន្តែ ក្នុងឆ្នាំនេះគ្រាប់ស្វាយចន្ទីមានតម្លៃត្រឹមតែ ៦២០០រៀល​ក្នុង១គីឡូក្រាម ហើយធ្លាក់មកនៅ ៣៥០០រៀលក្នុង១គីឡូក្រាម នៅដើមខែមេសានេះ។

លោក យ៉ាន់ វិត បាននិយាយថា៖ «ឆ្នាំមុនតម្លៃខ្ពស់ តែចន្ទីខ្ញុំខូច។ តែឆ្នាំនេះ ចន្ទីល្អគួរសម តែតម្លៃទាប។ ខ្ញុំចំណាយអស់ច្រើនលើថ្នាំ និងកម្មករ ប្រហែលមិនរួចខ្លួនទេ។»

លោក យ៉ាន់ វិត បានបន្តថា ប្រាក់ដែលយកមកធ្វើចំការ និងម៉ៅចន្ទីនោះ បានមកពីកម្ចីមីក្រូហិរញ្ញវត្ថុ។ លោកបានម៉ៅចំការស្វាយចន្ទីក្នុងតម្លៃ៦០ម៉ឺនរៀលក្នុង១ហិកតា។​ លោកថា នឹងមិនមានប្រាក់គ្រប់គ្រាន់ក្នុងការសងការប្រាក់ ឬប្រាក់ដើមនោះទេ ដោយសារ តម្លៃបន្តធ្លាក់ចុះយ៉ាងដូច្នេះ។ លោកអំពាវនាវទៅរដ្ឋាភិបាលឲ្យជួយគិតគូរ និងដោះស្រាយបញ្ហាទីផ្សារ និងតម្លៃ។

លោក យ៉ាន់ វិត បានបន្ថែមថា៖ «ចង់ឲ្យរដ្ឋាភិបាលគិតគួរជួយ គិតគូរកសិករយើងផង តម្លៃ…ខំប្រឹងមកហើយ…នេះមិនរួចខ្លួនទេ។ មិនទាន់ប្រមូលបានដើមទុនមកវិញផង នេះថ្លៃធ្លាក់ម្ល៉ឹង។»

កសិករ​​ដាំស្វាយ​ចន្ទីម្នាក់ទៀតដែលមានដី៥ហិកតា ក្នុងស្រុកសន្ទុក គឺលោក​ ឃុត ម៉ូត បានលើកឡើងថា ឆ្នាំ​នេះ ​លោក​បាន​ចំណាយថវិកាច្រើនសម្រាប់​ទិញ​ថ្នាំ ​និង​ជី​។​ លោកថា​ ជីមួយប៉ាវមានតម្លៃ១២ម៉ឺនរៀល ទៅ១៣ម៉ឺនរៀល តាមប្រភេទជីល្អ និងមិនសូវល្អ ប៉ុន្តែ នៅពេល​លក់គ្រាប់ស្វាយចន្ទី​​វិញ​មានតម្លៃ​ថោក​ ដែល​ធ្វើ​ឲ្យ​លោក​ប្រឈម​ការ​ខាត​បង់​ផង​ដែរ​។ ​លោកក៏ចង់ឲ្យមន្ត្រីជំនាញចុះជួយបង្រៀនពីបច្ចេកទេសថែទាំ និងការប្រើប្រាស់ជី និងថ្នាំកសិកម្ម ព្រមទាំងជួយរកទីផ្សារឲ្យផង។

លោក ឃុត ម៉ូត បាននិយាយថា៖ «ចង់ឲ្យជួយរកទីផ្សារ និងបង្រៀនកសិករឲ្យធ្វើដំណាំហ្នឹងឲ្យវាត្រូវ កុំឲ្យវាខុសខាត លើថ្នាំ លើជីថ្នាំ។ វាខុសបច្ចេកទេស អ៊ីចឹង។»

ឈ្មួញកណ្តាលទិញគ្រាប់ស្វាយចន្ទីម្នាក់នៅឃុំក្រយា ស្រុកសន្ទុក គឺលោក ហេង ស្រូយ បានលើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីឡើងចុះវាអាស្រ័យខាងឈ្មួញនៅប្រទេសវៀតណាមជាអ្នកកំណត់ ព្រោះទីផ្សារស្វាយចន្ទីសព្វថ្ងៃ គឺពឹងផ្អែកវៀតណាមទាំងស្រុង។ លោកថា ឈ្មួញវៀតណាមផ្តល់តម្លៃថោក ឬថ្លៃទៅលើគុណភាពរបស់គ្រាប់ស្វាយចន្ទី។

លោក ហេង ស្រូយ​ បានមានប្រសាសន៍ថា៖ «មូលហេតុខាងវៀតណាមបញ្ចុះតម្លៃ គឺបន្ទោសមកពីភ្លៀង និងស្វាយចន្ទីអន់គុណភាព។»​

ប្រធាន​ការិល័យកសិកម្ម​ស្រុកសន្ទុកនៃមន្ទីរកសិកម្មខេត្តកំពង់ធំ លោក​ ណាវ រ៉ា លើកឡើងថា​បញ្ហា​តម្លៃ​កសិផល​នេះ​ គឺ​កើត​មាន​ស្ទើរ​តែ​រាល់​ឆ្នាំ​ដែល​បណ្ដាល​មក​ពី​ឈ្មួញ​វៀតណាមជាអ្នកកំណត់​តម្លៃ។ លោក​ជំរុញ​ដល់​កសិករ​គួរ​ងាក​មក​ប្រមូល​គ្នា​ចង​ក្រង​ជា​សហគមន៍​កសិកម្ម​ និង​សហការ​ជាមួយ​ការិយាល័យកសិកម្មស្រុក ​ដើម្បី​​រក​ច្រក​ចេញ​ឲ្យ​កសិករ​ទាំង​នោះ​​។

លោក ណាវ រ៉ា មានប្រសាសន៍ថា៖ «ទីផ្សារវាគួបគ្នា មិនមែនតែយើងម្នាក់ទៅរួចទេ។ វាសំខាន់ផ្នែកពាណិជ្ជកម្មហ្នឹងហ្មង ផ្នែកពាណិជ្ជកម្ម ផ្នែកឯកជនមានទុនធំៗ វិនិយោគ»។

ចំពោះការផ្សព្វផ្សាយបច្ចេកទេស លោកថា មន្ត្រីជំនាញបានចុះបង្រៀនដល់ពលរដ្ឋជាច្រើន ប៉ុន្តែពលរដ្ឋមិនសូវចាប់អារម្មណ៍។ ពួកគាត់ចាប់អារម្មណ៍តែខាងក្រុមហ៊ុនលក់ថ្នាំ និងជីកសិកម្ម។

លោក ណាវ រ៉ា បន្ថែថា​៖ «ដើរសឹងតែគ្រប់​កន្លែង​ដែរ ប៉ុន្តែភាគច្រើន មិនសូវយកចិត្តទុកដាក់ ជាមួយកសិកម្មប៉ុន្មានទេ ភាគច្រើនហៅបង្រៀនមិនសូវចង់ចូលផងសព្វថ្ងៃ។ មិនដឹងម៉េចដែរ ពិបាកដែរ។»

ក្រសួងកសិកម្ម កាលពីខែមីនា ឆ្នាំ២០១៩ បានសម្រេចបង្កើតក្រុមការងារសិក្សាជួយជំរុញការអភិវឌ្ឍដំណាំស្វាយចន្ទី ដោយធ្វើយ៉ាងណាបង្កើនទិន្នផលគ្រាប់ស្វាយចន្ទីស្រស់បរិមាណ១លានតោន នៅឆ្នាំ២០១៩នេះ។ ក្រុមការងារនេះមានសមាជិក២៣រូប មកពីនាយដ្ឋាននានានៃក្រសួងកសិកម្ម និងប្រធានមន្ទីរកសិកម្មខេត្តមួយចំនួនផងដែរ។

បើតាមក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុងមួយឆ្នាំៗ កម្ពុជាបានចេញគ្រាប់ស្វាយចន្ទីទៅលក់នៅប្រទេសវៀតណាមប្រមាណ១០០ពាន់តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ