សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថករណីគ្រឿងញៀន

លោក ហោ រ៉ាពិណាត ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ​មន្ទីរ​ជំនាញ​បានឃាត់ខ្លួន ហើយកំពុង​ស៊ើប​អង្កេត និង​សាកសួរ​​បន្ថែម​ទៀត​លើ​ឈ្មោះ ហោ រ៉ាពិណាត ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មុន​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោក​ មាស វីរិទ្ធិ ​បាន​ឲ្យ ​VOD ដឹង​ថា មន្ទីរ​ជំនាញ​កំពុង​ស៊ើប​អង្កេត និង​សួរ​ចម្លើយ​បន្ថែម​លើ​ឈ្មោះ​ ហោ រ៉ាពិណាត​។ លោកបន្តថា ​ប្រហែលជាត្រូវការ​៤៨​ម៉ោង ដល់​៧២​ម៉ោង​ទៀត មុន​នឹង​បញ្ជូន​ទៅ​តុលាការ។

លោក​ថា៖ «ការ​ឃាត់​ខ្លួន​នោះ ​គឺ​ផ្អែក​ទៅ​លើ​តម្រុយ និង​ភស្តុតាង ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្ដែង​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន ​ដែល​ភស្តុតាង​ហ្នឹង​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ក្នុង​ដែន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​​។»

សមត្ថកិច្ចបានឃាត់ខ្លួនលោក ហោ រ៉ាពិណាត នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ នៃ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងមនុស្ស២នាក់ផ្សេងទៀត កាលពីម្សិលមិញ នៅក្នុងខណ្ឌច្បារអំពៅ។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង គាំទ្រ​ចំពោះ​វិធាន​ការ​នេះ​ ដោយ​ថា​ ជា​គំរូ​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​មួយ​ដែល​ជា​ជំហាន​នៃ​ការ​សំអាត​មន្ត្រី​មិន​ល្អ​ចេញ​ពី​តួនាទី​រដ្ឋ ខណៈ​លោក​ជំរុញ​ឲ្យ​មាន​វិធានការ​បន្ថែម​ទៀត​ទៅ​លើ​ឈ្មួញ​ជួញ​ដូរ​ធំ​ៗ និង​អ្នក​ផ្សំ​គំនិត​ផង​ដែរ។

លោក​ថា៖ «មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ ក៏​ដូច​ជា​មន្ត្រី​សាធារណៈ​ គឺ​ជា​មុខ​សញ្ញា​ដែល​ត្រូវ​បោស​សំអាត​មុន​គេ ត្រូវ​ចាត់​វិធាន​ការ​មុន​គេ​ គឺ​មន្ត្រី​របស់​រដ្ឋ​ហ្នឹង​ហើយ បន្ទាប់​មក​ទើប​យើង​អាច​បោស​សំអាត​ទៅ​ដល់​ប្រជាពលរដ្ឋ​បាន។ ជាមួយ​គ្នា​នោះ​ដែរ​ យើង​ឃើញ​ថា ​គួរ​តែ​បោស​សំអាត​ពាក់ព័ន្ធ​នឹង​រឿង​ឈ្មួញ​ដូរ​ធំ​ៗ​​ជា​មួយ​មន្ត្រី​អនុវត្ត​ច្បាប់​ផង​ដែរ។»

តាមរបាយការណ៍សមត្ថកិច្ច ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៩​នេះ សមត្ថកិច​បង្ក្រាបបទល្មើសគ្រឿងញៀនបាន​ចំនួន ២០៣៣ករណី និងឃាត់មនុស្សចំនួន៤៣៩៩នាក់ ក្នុងនោះស្រី៣៧២នាក់ ជនបរទេស១០៤នាក់។ របាយការណ៍​ដដែល​ឲ្យ​ដឹង​សមត្ថកិច្ចបានរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង៩៦គីឡូក្រាម កញ្ឆាក្រៀមចំនួន ២៩២៩៧ដើម និងចាប់យកសម្ភារមាន រថយន្ត១១គ្រឿង ម៉ូតូ២៨០គ្រឿង ទូរសព្ទ៩០៦គ្រឿង និងជញ្ជីង៦២គ្រឿង ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ