អភិបាល​ខេត្ត​បាត់ដំបង​រំឭក​ឱ្យ​ប្រយ័ត្ន​ចំពោះ​ការនិយាយ​ថា មន្ត្រី​ព្រំដែន​ទារ​លុយ​ពី​ពលករ​

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងធ្វើការបង្ហាញស្តីពីវឌ្ឍនភាព របស់ខេត្តបាត់ដំបង ជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលប្រជុំ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តបាត់ដំបង

អភិ​បាលខេត្តបាត់ដំបងរំឭកឱ្យមានការប្រុងប្រយ័ត្នចំពោះអ្នកនិយាយថា អាជ្ញាធរច្រកដូង នៅព្រំដែនកម្ពុជា-ថៃ ទារលុយខុសច្បាប់ពីប្រជាពលរដ្ឋខ្មែរដែលធ្វើការងារនៅប្រទេសថៃហើយត្រឡប់មកលេងស្រុកកំណើតវិញនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។​

រយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានមួយចំនួនផ្សព្វផ្សាយថា មន្ត្រីកម្ពុជា និងថៃនៅច្រកដូង បានទារលុយក្រៅផ្លូវការពីពលករខ្មែរម្នាក់៣០០បាត ស្មើនឹងប្រមាណ៣៥០០០រៀល។​

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ថ្លែងប្រាប់ វី.អូ.ឌី តាមទូរសព្ទនៅថ្ងៃនេះថា មន្ត្រីនៅច្រកព្រំដែនដូង និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានជួយសម្របសម្រួលដល់ពលករខ្មែរ ដែលមកពីធ្វើការនៅប្រទេសថៃ ឱ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយមិនតម្រូវឱ្យពលករណាម្នាក់បង់ប្រាក់ដូចការចោទប្រកាន់នោះឡើយ។ លោកក៏បានរំឭកឲ្យអ្នកចោទប្រកាន់មានការប្រុងប្រយ័ត្ន។​

លោកថា៖ «ដូចមិនមានវាយ [បំពេញឯកសារ] យកលុយម៉េច ៣០០បាត ប្រយ័ត្នតែមានករណីណាមួយ ហើយទៅនិយាយពាក្យហ្នឹង វាប៉ះពាល់ធំណាស់ បុគ្គលខ្លះមានបំណងធ្វើឱ្យល្អក់កករអ៊ីចឹងទៅ ក៏វាអាច អាហ្នឹងខ្ញុំមិនទាន់ថាទេណា ប៉ុន្តែ ប្រើពាក្យគ្រប់គ្នាអ៊ីចឹង ហើយមួយថ្ងៃចំនួន៥ ទៅ៦ពាន់នាក់ ហើយអាហ្នឹងយ៉ាងម៉េចទៅ ឥឡូវខ្ញុំសួរទៅមួយភ្លែតសិន។»

អភិបាលខេត្តរូបនេះ សុំពេលដើម្បីទាក់ទងសួរមន្ត្រីពាក់ព័ន្ធជុំវិញការចោទប្រកាន់នេះ ប៉ុន្តែពេល វី.អូ.ឌី ហៅទូរសព្ទសាកសួរម្តងទៀត លោកប្រាប់ថា ជាប់ប្រជុំ។​

វី.អូ.ឌី មិនអាចសុំការបំភ្លឺពីប្រធានច្រកព្រំដែនដូង លោក ហម សំខាន់ បានទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។​

មន្ដ្រីកម្មវិធីសិទ្ធិការងារពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ដែលបានចុះទៅដល់ច្រកព្រំដែនដូង មានប្រសាសន៍ថា អាជ្ញាធរខ្មែរ និងថៃ មិនបានជួយសម្របសម្រួលដល់ពលករខ្មែរដែលធ្វើដំណើរមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំបានងាយនោះទេ ដោយថា អាជ្ញាធរទាំងពីរបានឃុបឃិតគ្នាយកប្រាក់ពីពលករក្នុងម្នាក់ៗចំនួន ៣០០បាត។

លោកថា៖ «ដូចជាមិនមានថ្លៃស្អីទេ គេយកអ៊ីចឹងតែម្តង បើឱ្យប្រាប់ថា ជាថ្លៃស្អីវាអត់មាន វាអត់មាននៅក្នុងសេចក្ដីប្រកាសអីហ្នឹង វាអត់មាន។ អាហ្នឹង គឺជាការយកឆៅ [យកឥតច្បាប់] អ៊ីចឹងតែម្ដង ព្រោះខាងថៃក៏ប្រកាសមិនឱ្យយក ហើយខាងរដ្ឋាភិបាលកម្ពុជាក៏ប្រកាសមិនឱ្យយកលុយដែរ ហើយវាក៏ដូចជាអត់មានលក្ខខណ្ឌណាត្រូវយកលុយផង បើយើងគិតទៅវាអត់មាន។ និយាយទៅលុយ ៣០០បាតហ្នឹង វាអត់ទាក់ទងនឹងរឿងសេវាកម្មរបស់រដ្ឋអីទេ និយាយដោយខ្លី គ្រាន់តែជារឿងយកក្រៅទេ»។ ​

លោកចាត់ទុកការយកប្រាក់ពីពលករខ្មែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះថា ជាការប្រព្រឹត្តអំពើពុករលួយ ដោយសារ ប្រាក់ដែលអាជ្ញាធរបានយកពីពលករនោះមិនបានចូលរដ្ឋ។ លោកស្នើទៅរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតករណីនេះ។

លោកថា៖ «បើសិនជាយកលុយខុសពីគោលការណ៍របស់រដ្ឋាភិបាលបានប្រកាស ទាំងរដ្ឋាភិបាល​ថៃ ទាំងរដ្ឋាភិបាលកម្ពុជា គួរតែមានចំណាត់ការក្នុងរឿងនេះឱ្យបានជាបន្ទាន់ បើសិនជាមើលឃើញថា ជាអំពើពុករលួយអីទាំងអស់នេះ។ យើងឃើញហើយថា ស្ថាប័នជាតិយើង ACU គួរតែធ្វើការតួ្រតពិនិត្យអំពីបទល្មើសពុករលួយឱ្យមានប្រសិទ្ធភាព ដូចជាសម្ដេចនាយកលោកបានប្រើអភិក្រមទាំងប្រាំនេះ គួរតែប្រើឱ្យមានប្រសិទ្ធភាពទាំងអស់ កុំប្រើតែចំពោះបុគ្គល អារឿងទាំងអស់នេះធំណាស់ គួរតែតាមដានថាវាយ៉ាងម៉េច។»

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា និងថៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយឯកភាពគ្នាជួយសម្រួលដល់ពលករខ្មែរស្របច្បាប់ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ឱ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃរក្សាសិទ្ធិទិដ្ឋាការ (Re- Entry Visa) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

អនុប្រធានអង្គការភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង សុំមិនធ្វើអត្ថាធិប្បាយ ដោយថា ជាប់រវល់ប្រជុំ លោកឱ្យសួរសំណួរទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ។ ករណីនេះ ប្រធានអង្គការភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកទាមទារឱ្យអ្នកសារព័ត៌មានលិខិតទៅ។

លោកថា៖ «សុំទោស ខ្ញុំមិនទទួលតាមទូរសព្ទទេបាទ! សូមសរសេរលិខិតមក ខ្ញុំឆ្លើយតាមលិខិតជូនទៅវិញណា៎!»

ក្នុងសារជូនពរឆ្នាំថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តថា រដ្ឋាភិបាលនឹងបន្តវះកាត់លើយន្តការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្នុងនោះមានទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញផ្សាយ​សន្ទស្សន៍វាយតម្លៃកាលពី​ឆ្នាំ២០១៨​​ ថា​ អំពើពុករលួយ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

អង្គការ​នេះ​ ក៏បានរក​ឃើញ​ទៀត​ថា ​ការដែល​កម្ពុជា​មាន​ចំណាត់ថ្នាក់​អំពើពុករលួយ​ខ្ពស់​បែបនេះ​ ដោយសារ ​ការ​ធ្វើ​កំណែទម្រង់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើពុករលួយ ​ដែល​ត្រូវ​បាន​លើកឡើង​ដោយ​អ្នកជំនាញ​ផ្នែក​អភិបាលកិច្ច ​អ្នកជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ