ពលរដ្ឋ​មួយ​ក្រុម​នៅ​ក្រចេះ​សុខ​ចិត្ត​អត់​ដី មិន​ទទួល​យក​របស់​ជា​កម្មសិទ្ធិ​អ្នក​ដទៃ​

មន្ត្រីរៀប​ចំក្រសួងដែនដីនគរូបនីយកម្ម បានលើកឡើងក្នុងកិច្ចប្រជុំជាមួយពលរដ្ឋដែលមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ នៅក្នុង​វត្តសាមគ្គីរង្ស៊ី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

ប្រជាពលរដ្ឋមានជម្លោះដីមួយក្រុមរស់នៅឃុំ២ធ្នូ ស្រុកស្នួល ប្តេជ្ញាមិនទទួលយកដីដែលអាជ្ញាធរវាស់ចែកឱ្យទេ ដោយពួកគេអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋផ្សេងបានរស់នៅ និងមានដាំដំណាំយូរឆ្នាំណាស់មកហើយ។​

កាលពីថ្ងៃទី៥ ខែមេសានេះ រដ្ឋបាលខេត្តក្រចេះ ព្រមានដកហូតយកដីធ្លីពីអ្នកភូមិនៅឃុំ២ធ្នូ ស្រុកស្នួលវិញ ដែលអាជ្ញាធរខេត្តនេះ អះអាងថា អ្នកភូមិទាំងនោះមិនព្រមចូលទៅកាន់កាប់ដីដែលអាជ្ញាធរបានវាស់វែងចែកឲ្យតាមមុខសញ្ញា។

ពលរដ្ឋនៅភូមិជើងឃ្លេរម្នាក់ លោក ស៊ីវ រី ដែលមិនបានចូលទៅកាន់កាប់ដីដែលអាជ្ញាធរចែកឲ្យប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា រូបគាត់ និងពលរដ្ឋផ្សេងទៀតមិនព្រមចូលទៅប្រើប្រាស់ ឬកាន់កាប់ដីដែលអាជ្ញាធរវាស់ចែកឲ្យ ដោយសារ ដីនោះជាន់លើដីពលរដ្ឋផ្សេងទៀតដែលបានរស់នៅយូរឆ្នាំ និងមានផលដំណាំរួចទៅហើយ។

លោកបន្ថែមថា៖ «ដីដែលចែកឲ្យនោះសុទ្ធតែដំណាំរបស់គេ ឲ្យទៅធ្វើយ៉ាងម៉េច? សុទ្ធតែស្វាយចន្ទី ធុរ៉េន កៅស៊ូ តាង៉ែន សុទ្ធតែម្រេច ឲ្យទៅធ្វើម៉េចកើត? បើរឿងមិនពិត ខ្ញុំអត់ចេះនិយាយទេ បើសិនជាចែកឲ្យមកខ្ញុំ អត់មានទំនាស់ គឺ​ខ្ញុំសម្ងំធ្វើហើយ ព្រោះខ្ញុំអត់មានដីសម្រាប់ដាំដុះទេ ដល់តែចែកប៉ះចំដំណាំរបស់គេ ឲ្យខ្ញុំទទួលយកយ៉ាងម៉េច? ហើយអាជ្ញាធរចេះបង្ខំឲ្យយក ហើយបើមិនយកត្រូវដកយកមកវិញ។ ពលរដ្ឋឯណាហ៊ានទៅឆ្ការដំណាំរបស់គេ តើផ្នែកសន្តិសុខនៅថ្ងៃខាងមុខនោះវាយ៉ាងម៉េច?»

តំណាងពលរដ្ឋ លោក តូច ឌុល មានប្រសាសន៍ថា ករណីអាជ្ញាធរបែងចែកដីឲ្យពលរដ្ឋមួយក្រុមប៉ះពាល់លើដីពលរដ្ឋមួយក្រុមទៀតនោះ នឹងបង្កឲ្យមានជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ។

លោកបន្ថែមថា៖ «អាជ្ញាធរត្រូវរកវិធីយ៉ាងម៉េច ដោះស្រាយជូនប្រជាជនខាងនោះឲ្យបានសមរម្យទៅ ដល់ពេលយើងនាំគ្នាទៅកាប់បំផ្លាញផលដំណាំពួកគាត់ចោលអញ្ចឹង វាទៅជាខុសច្បាប់ទៀតហើយ។ យើងអាជ្ញាធរ! ពលរដ្ឋខាងនោះក៏កូន ពលរដ្ឋខាងនេះក៏កូន ឥឡូវយើងស្រាវជ្រាវថា ពួកគាត់ប៉ុន្មាននាក់ធ្វើបញ្ជីវាស់វែងដីចែកដូចពួកខ្ញុំទៅ ព្រោះអីដីនៅក្នុងចំណុចដូចគ្នាអញ្ចឹងបាត់បង់ដូចគ្នា ហើយបើយើងទៅកាប់បំផ្លិចបំផ្លាញរបស់គាត់អញ្ចឹង ឲ្យគាត់ទៅនៅណា?»

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ លោក យ៉ិន បុទុម មានប្រសាសន៍ថា អាជ្ញាធរព្រមានដកយកពីពលរដ្ឋវិញនោះ គឺក្រុមពលរដ្ឋដែលមិនធ្លាប់មកមើល ឬកាប់ឆ្ការសោះក្រោយចែករួច ហើយថា សម្រាប់ពលរដ្ឋដែលទទួលបានដីជាន់លើដីពលរដ្ឋផ្សេងទៀតនោះ គឺអាជ្ញាធរកំពុងធ្វើការងារដោះស្រាយបន្ត។

លោកបន្ថែមថា៖ «បញ្ហាដីហ្នឹង វាមានអាដីមានដំណាំផង និងដីទទេផង ជាដីព្រៃដែលក្រុមហ៊ុនគេយកមកវៃជាឡូតិ៍ ដល់ក្រុមការងាររាល់ថ្ងៃកំពុងប្រចាំការនៅទីនោះ កំពុងបោះទីតាំងលើដីទទេហ្នឹង។ ប្រសិនបើពលរដ្ឋនៅតែមិនព្រមចូលទៅយក ទៅដាំដុះ ទៅសម្អាតទៀត អាហ្នឹងប្រឈមនឹងការដកហូតមកវិញហើយ»

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរមានការបែងចែកជូនពលរដ្ឋជាន់លើដីពលរដ្ឋផ្សេងទៀតមែននោះ អាជ្ញាធរគួរធ្វើការសម្របសម្រួលដោះស្រាយឡើងវិញ មិនគួរយកពលរដ្ឋទៅប៉ះទង្គិចគ្នាឡើយ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនបើអាជ្ញាធររុញពលរដ្ឋឲ្យប៉ះទង្គិចគ្នានោះ គឺមិនអាចដោះស្រាយបញ្ហាវិវាទដីធ្លីនេះបានចប់ឡើយ និងអាចបង្កឲ្យមានអំពើហិង្សារវាងពលរដ្ឋ និងពលរដ្ឋថែមទៀតមិនខាន។

លោកបន្ថែមថា៖ «អាជ្ញាធរមិនគួរណាធ្វើការដកហូត ឬក៏ជំរុញបង្ខំឲ្យពលរដ្ឋហ្នឹងទៅប៉ះទង្គិចគ្នាអ៊ីចឹងទេ គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់មកជជែកគ្នា ព្រោះពលរដ្ឋដែលគាត់រងគ្រោះ ដែលគាត់បានប្រើប្រាស់ដីនៅតំបន់ហ្នឹង ហើយយើងយកពលរដ្ឋម្ខាងទៀតដែលគាត់កំពុងតែត្រូវការដីមកប្រើប្រាស់ហ្នឹងទៅប៉ះទង្គិចគ្នា ច្បាស់ជាពួកគាត់មិនអាចទទួលយកបានទេ។ អ៊ីចឹង ក្នុងនាមជាអាជ្ញាធរ សម្របសម្រួលរឿងនេះឡើងវិញ ដើម្បីដោះស្រាយបញ្ចប់បញ្ហា»

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែមេសានេះ រដ្ឋបាលខេត្តក្រចេះឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៦៨៩គ្រួសារ ក្នុងចំណោមពលរដ្ឋ៨៧៨គ្រួសារដែលត្រូវទទួលបានដី គឺបានចូលទៅកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលគណៈកម្មការបានវាស់វែងដីសម្បទានសង្គមកិច្ចចែកជូនពេលកន្លងមក ខណៈពលរដ្ឋ១៨៩គ្រួសារទៀតមិនបានចូលកាន់កាប់ ឬប្រើប្រាស់ដីរបស់ខ្លួនឡើយ។

រដ្ឋបាលខេត្តក្រចេះបញ្ជាក់ថា ក្រុមការងាររបស់ខេត្តកំពុងបោះជំរុំ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋត្រូវទទួលបានដីក្នុងរយៈពេល១៤ថ្ងៃ ប្រសិនបើពលរដ្ឋទាំងនោះ ជាពិសេសពលរដ្ឋនៅក្រុម៨ ដល់ក្រុម៣៦ មិនមកចូលរួមការពារដីក្នុងរយៈពេល១៤ថ្ងៃជាមួយអាជ្ញាធរទេ នឹងត្រូវដកហូតយកដីពួកគេមកជាដីរដ្ឋវិញ ដោយគិតត្រឹមថ្ងៃទី១២ ខែមេសាខាងមុខនេះ។

កាលពីថ្ងៃទី១១ ខែមករា ពលរដ្ឋជាង១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅ​ស៊ូ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ បានព្រមទទួលយកដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលក្នុងមួយគ្រួសារ​២ហិកតា ដើម្បីបញ្ចប់ជម្លោះ បន្ទាប់ពីពួកគេឡើងមកតវ៉ានៅភ្នំពេញចំនួន១១ដង។ ប៉ុន្តែ នៅថ្ងៃទី៥ ខែមីនា ពលរដ្ឋរាប់រយនាក់បានឡើងមកតវ៉ាដល់ភ្នំពេញម្តងទៀត ដោយថា អាជ្ញាធរខេត្តបានបែងចែកដីឲ្យពួកគាត់ជាន់លើដីរបស់ពលរដ្ឋមួយក្រុមផ្សេងទៀតដែលបានកាន់កាប់ដីនោះយូរឆ្នាំ និងមានផលដំណាំធំៗរួចទៅហើយ ដែលធ្វើឲ្យពួកគេមិនអាចទទួលយកបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ