កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​សុំ​ជំនួយ​បច្ចេកទេស ព្រោះ​ម្រេច​ងាប់​ច្រើន​ខុស​ធម្មតា​

ដំណាំម្រេចរបស់ប្រជាកសិករនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបភាព៖ ផ្ដល់ឲ្យ

កសិករនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពាវនាវសុំជំនួយបច្ចេកទេសពីរដ្ឋាភិបាល ព្រោះដំណាំម្រេចរបស់ពួកគាត់ឆ្នាំនេះ ងាប់ច្រើនខុសឆ្នាំមុនៗ ពិសេសក្នុងរដូវក្តៅនេះ។​

កសិករនៅឃុំដារ ស្រុកមេមត់ លោក សន នាង រៀបរាប់ថា ដំណាំម្រេចរបស់លោកជាង១ហិកតា ក្នុងចំណោមម្រេច៤ហិកតា បានងាប់អស់ ហើយលោកក៏បានយកដីនោះទៅដាំដំណាំកៅស៊ូ  កាហ្វេ និងដំណាំហូបផ្លែផ្សេងទៀត។

លោកយល់ថា បញ្ហាម្រេចងាប់ច្រើននៅឆ្នាំនេះ អាចដោយសារបច្ចេកទេសប្រើថ្នាំ ឬជីមិនបានត្រឹមត្រូវ ម្យ៉ាងបញ្ហាអាកាសធាតុក្តៅខ្លាំងពេកនាពេលបច្ចុប្បន្ន និងបញ្ហាជំងឺផ្សិត ជាដើម។

កសិករដាំម្រេចជិត១០ឆ្នាំរូបនេះ ប្រាប់ថា​ កន្លងមក ម្រេចធ្លាប់ងាប់ខ្លះដែរ ប៉ុន្តែ មិនធ្លាប់ងាប់ច្រើនដូចពេលនេះឡើយ ហើយបញ្ហានេះធ្វើឱ្យប្រជាកសិករបារម្ភអំពីបញ្ហាប្រឈមក្នុងជីវភាព ពិសេសប្រឈមបញ្ហាបំណុលធនាគារតែម្តង។

លោកបន្ថែមថា៖ «ខ្ញុំសំណូមពរទៅមន្ទីរ ឬក្រសួងកសិកម្ម ផ្នែកដំណាំម្រេចហ្នឹង ជួយបើកវគ្គបណ្តុះបណ្តាលដល់កសិករ ឬក៏ផ្តល់ជាយោបល់ផ្សេងៗ។ ទីពីរ ឱ្យជួយរកមីក្រូហិរញ្ញវត្ថុដែលមានការប្រាក់ទាបបំផុតជូនកសិករ ទើបគ្នាមានលទ្ធភាពតទៅមុខទៀត»។

ដំណាំម្រេចជាដំណាំប្រភេទវល្លិ៍ ​ដាំក្នុងរយៈពេល១ឆ្នាំកន្លះនឹងទទួលផល ដោយម្រេចអាចផ្តល់ផលក្នុង១ហិកតា ​ចន្លោះពី៣ ទៅ៦តោន។

ម្រេចក្នុងមួយហិកតា កសិករអះអាងថា អាចដាំបានចំនួនពីជាង១ពាន់ជន្លង់ ទៅជាង២ពាន់ជន្លង់អាស្រ័យលើស្ថានភាពដី ហើយចំណាយដើមទុនប្រមាណ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយហិកតា ឬលើសពីនេះ ដោយថា ដើមទុនបច្ចុប្បន្នភាគច្រើន កសិករខ្ចីបុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។

ប្រធានសហគមន៍កសិកម្មដំណាំម្រេចដារ-មេមត់ លោក ហុង សាន អះអាងថា ដំណាំម្រេចនៅស្រុកមេមត់​ពិតជាងាប់ច្រើនលើសពីបណ្តាឆ្នាំមុនៗប្រាកដមែន ដោយថា ដំណាំម្រេចរបស់កសិករប្រមាណ៧៥ភាគរយ នៅឃុំដារ ជួបប្រទះបញ្ហានេះ។

ប្រធានសហគមន៍ម្រេចរូបនេះ សម្តែងក្តីបារម្ភចំពោះបញ្ហាម្រេចងាប់ច្រើន​ ហើយលោកគ្រោង​ផ្សព្វផ្សាយដល់កសិករឱ្យបង្កើនការថែទាំម្រេចរបស់ខ្លួនបន្ថែមទៀត។ ​

លោកមានប្រសាសន៍ថា៖ «ផ្សាយដំណឹងដល់សមាជិកហ្នឹង កាត់បន្ថយអាជាតិគីមីហ្នឹង ហើយដល់ពេលធ្លាក់ភ្លៀងមក យើងធ្វើស្មៅឱ្យបានស្អាត។ ដល់ពេលរដូវរំហើយ អស់ទឹកភ្លៀង យើងកាត់ស្បៃអាមួយម៉ែត្រចងបន្ថែមវាទៀត ជួយទប់កម្តៅហ្នឹងណា!»

លោក ហុង សាន លើកឡើងថា ក្រៅពីបញ្ហាម្រេចងាប់ កសិករនៅស្រុកមេមត់ក៏ប្រឈមបញ្ហាធ្លាក់ចុះ​តម្លៃ​​​ខ្លាំងនាពេលបច្ចុប្បន្ន ដោយកសិករលក់បានក្នុង១គីឡូក្រាម​តម្លៃ៨០០០រៀល ខណៈកាលឆ្នាំ២០១៨ ​ពួកគាត់អាចលក់បានតម្លៃ​ជាង១ម៉ឺនរៀលក្នុង១គីឡូក្រាម។

តម្លៃម្រេចនៅខេត្តត្បូងឃ្មុំដែលហក់ឡើងខ្ពស់ គឺកាលពីឆ្នាំ២០១៤-២០១៥ ដោយកាលណោះពលរដ្ឋលក់បានតម្លៃប្រមាណ៤ម៉ឺនរៀល (៤០០០០) ក្នុងមួយគីឡូក្រាម ហើយក៏បន្តធ្លាក់ថ្លៃជាបន្តបន្ទាប់។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថា មន្ត្រីជំនាញកំពុងចុះស្រង់ទិន្នន័យ​ម្រេចដែលងាប់ ដោយថា កន្លងមក ខាងមន្ត្រីកសិកម្មខេត្តក៏ធ្លាប់បានចុះណែនាំដល់កសិករអំពីបច្ចេកទេសដាំដុះ និងថែទាំ ជាដើម។

លោកបញ្ជាក់ថា បញ្ហាម្រេចងាប់ដោយសារកត្តាបម្រែបម្រួលអាកាសធាតុជារឿងម្យ៉ាង ប៉ុន្តែ លោកសង្កេតឃើញថា ក៏បណ្តាលមកពីកង្វះការថែទាំពីកសិករផងដែរ។ ដោយឡែកបញ្ហាធ្លាក់ចុះនៃតម្លៃម្រេច លោកថា ពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ទាក់ទងហ្នឹង មិនមែនតែម្រេចទេ ដំណាំទូទៅ យើងតែចុះផ្ទាល់ជាមួយកសិករ ដើម្បីជម្រាបគាត់ពីបច្ចេកទេស និងការយកចិត្តទុកដាក់ថែទាំ ព្រោះដំណាំប្រសិនបើយើងមិនយកចិត្តទុកដាក់ទេ វានឹងខូចហើយ។»

ប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ថា ​ផ្ទៃដីដាំម្រេចនៅខេត្តត្បូងឃ្មុំ មានចំនួនជាង២ពាន់ហិកតា ហើយស្រុកមេមត់ជាស្រុក​ដាំដុះម្រេចច្រើនជាងគេ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​លោក ថេង សាវឿន កត់សម្គាល់ថា កន្លងមក ប្រជាកសិករតែងប្រើចំណេះដឹង និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកកសិកម្មរបស់ខ្លួន ត្បិតការឆ្លើយតបពីរដ្ឋាភិបាល​នៅមានកម្រិតនៅឡើយ។

លោកមើលឃើញថា ​ប្រសិនបើបញ្ហាម្រេចងាប់ និងការធ្លាក់ចុះតម្លៃនៅតែបន្តគ្មានដំណោះស្រាយទៀត កសិករដាំម្រេច​នឹងអាចបោះបង់របរនេះចោល ដោយងាកទៅរកមុខរបរផ្សេង ហើយការចំណាកស្រុកនឹងកើតឡើងកាន់តែច្រើន។

លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវសហការជាមួយដៃគូផ្សេងៗ ឬក្រុមហ៊ុន ត្រូវចុះធ្វើការជជែក និងផ្តល់ដំណោះស្រាយជូនប្រជាពលរដ្ឋ។ តាមរយៈបង្កើតហិរញ្ញប្បទានណាមួយ ដើម្បីធានាទៅលើការដាំផលិតផលកសិកម្ម ឬការប្រកបមុខរបរកសិកម្មរបស់ប្រជាពលរដ្ឋ មិនមែនតែម្រេច ដោយវិស័យកសិកម្មជាវិស័យដែលគួរគិតគូរហិរញ្ញប្បទានថវិកា ឬការគាំពារ ធានាររ៉ាប់រងពីសំណាក់រដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋដែរ»។

របាយការណ៍សហគមន៍ម្រេចដារ-មេមត់ឱ្យដឹងថា កាលពីឆ្នាំ២០១៨ កសិករប្រមូលផលម្រេច​បានជាង១ពាន់តោន និងបានលក់ចេញទៅសហគមន៍អន្តរជាតិបានប្រហែល១រយតោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ