សាលាក្រុង​ជំរុញ​ពលរដ្ឋ​ឲ្យ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​អំឡុង​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី

គំនរសំរាមពីរកន្លែងស្ថិតនៅតាមបណ្តោយផ្លូវប្រឡាយជិតស្ពានទីពីរក្បែរពេទ្យរុស្ស៊ីមិនទាន់ការសំអាតនៅឡើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក Vy Nop)

សាលារាជធានីភ្នំពេញ បានអំពាវនាវទៅពលរដ្ឋឲ្យទុក​ដាក់​សំរាមឲ្យមាន​សណ្តាប់ធ្នាប់​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ជា​ពេល​ដែល​កម្មករ​ប្រមូល​សំរាម​ក៏​ឈប់​សម្រាក​ផង​ដែរ។

ក្នុងសេចក្តីជូនដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សាលារាជធានីភ្នំពេញ បាន​លើក​ឡើង​ថា ការផ្តល់សេវាសម្អាត ការប្រមូល និងការដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវបានអនុវត្តពេញលេញឡើយ ដោយសារកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីឈប់សម្រាកចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា​ខាង​មុខ​នេះ។

សាលារាជធានីភ្នំពេញបានអំពាវនាវទៅប្រជាពលរដ្ឋឲ្យកុំបញ្ចេញសំរាម​ដាក់តាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលដែលការ​ផ្តល់សេវាមិនបានពេញលេញនោះ ហើយ​ណែនាំ​ឲ្យ​រក្សាទុកសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងទីតាំងរៀងៗ​ខ្លួនជាបណ្ណោះអាសន្នសិន ដោយថា ដើម្បីសោភ័ណភាព និងអនាម័យបរិស្ថានទីក្រុង។

បើ​តាម​ក្រុមហ៊ុន ​ស៊ិនទ្រី កាក​សំណល់ និង​សំរាម​យ៉ាង​ហោច​ណាស់ ១៨០០​តោន​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​ប្រមូល​ពី​តាម​លំនៅឋាន អគារ និង​ដង​វិថី​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ