សកម្មជន​បរិស្ថាន​ចោទ​សណ្ឋាគារ និង​កាស៊ីណូ​ចិន​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ថា​ បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ

សកម្មជនបរិស្ថានលោក ម៉េង ហេង បង្ហាញទីតាំង​ទឹកស្អុយ​លាយឡំនឹងលាមកផង ត្រូវ​បានបង្ហូរចូលសមុទ្រតាមប្រព័ន្ធលូធំមួយ ចេញពីសណ្ឋាគារ សាន់សាញ់ បេ របស់ចិន។ រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia /Screenshot

សកម្មជនបរិស្ថាន ទទូចឱ្យអាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការចំពោះសកម្មភាពបង្ហូរទឹក​ស្អុយចូលទៅសមុទ្រ បន្ទាប់​ពី​ពួកគេបានរកឃើញករណីបង្ហូរទឹកស្អុយចូលទៅសមុទ្រថ្មីមួយទៀតដែលចេញពី​សណ្ឋាគារចិនមួយឈ្មោះ សាន់សាញ បេ នៅតំបន់ឆ្នេរឯករាជ្យ។

សកម្មជនបរិស្ថាន លោក ម៉េង ហេង បាន​ប្រាប់​ វី.អូ.ឌី នៅ​ថ្ងៃ​នេះថា ​ទឹកស្អុយ​លាយឡំនឹងលាមកផង ត្រូវ​បានបង្ហូរចូលសមុទ្រតាមប្រព័ន្ធលូធំមួយ ចេញពីសណ្ឋាគារ សាន់សាញ់ បេ របស់ចិន ដែលបានធ្វើឱ្យទឹកសមុទ្រចំណុចឆ្នេរឯករាជ្យស្ទើរតែពាក់កណ្តាលកខ្វក់។

សកម្មជនបរិស្ថានរូប​នេះ បន្ថែមថា បញ្ហានេះធ្វើឱ្យចំនួនភ្ញៀវទេសចរមកកម្សាន្តតំបន់ឆ្នេរឯករាជ្យកាន់តែធ្លាក់ចុះ ម្យ៉ាងបង្ហាញថា សណ្ឋាគារ និងកាស៊ីណូចិនធំមួយនេះ ដើរផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា កាលពីកន្លងមក។

លោក ម៉េង ហេង មានប្រសាសន៍៖ «យើងអាចនិយាយបានថា អនាគតទៅ ឆ្នេរសមុទ្រខ្មែរហ្នឹង វាលែងស្អាត ដែលគេផ្សព្វផ្សាយប៉ុន្មានឆ្នាំមុន​ថា ជាឆ្នេរស្អាតនៅក្នុងពិភពលោក។ អ៊ីចឹង វាលែងស្អាត វាទៅជាកខ្វក់ទៅជាអីហ្នឹង មានទឹកលូ មានអីហូរចូល វាធ្វើឱ្យភ្ញៀវទេសចរមានការថយចុះ»

នាយកក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ​ សាន់សាញ បេ លោក HUANG XIAOHUI (ហ្វ័ង សាវហ៊ុយ) បានឱ្យ ​វី.អូ.ឌី ដឹង​តាម​សារអេឡិចត្រូនិចថា ក្រុមហ៊ុនលោកជាក្រុមហ៊ុនគិតគូរដល់បរិស្ថានជានិច្ច និងមិនបានបង្ហូរទឹកស្អុយចូលទៅសមុទ្រដូចការចោទប្រកាន់ឡើយ។

នាយកក្រុមហ៊ុនជនជាតិចិនរូបនេះ ក៏បាន​ជំរុញឱ្យអ្នកពាក់ព័ន្ធចុះពិនិត្យបញ្ហានេះទៀតផង។

លោក ហ្វ័ង សាវហ៊ុយ ឆ្លើយ​តប​ថា៖ «​ក្រុមហ៊ុន​យើងបានជាប់ជាក្រុមហ៊ុនដែលគោរពតាមស្តង់ដាររបស់រដ្ឋាភិបាល ​និងជាក្រុមហ៊ុនដំបូងគេដែលមានអាងប្រព្រឹតិ្តកម្មទឹកកខ្វក់​»

ក្នុងវីដេអូ ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិ ជាង២នាទីនៅថ្ងៃនេះ បានបង្ហាញពីទិដ្ឋភាពនៃទឹកលូស្អុយហូរចេញពី​សណ្ឋាគារ និងកាស៊ីណូ សាន់សាញ បេ ​ ដោយទឹកកខ្វក់ទាំងនោះធ្វើឱ្យខូចសោភ័ណភាពឆ្នេរឯករាជ្យ និងទឹកសមុទ្រធ្ងន់ធ្ងរផងដែរ។

កាលពីចុងខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានប្រកាសប្រាប់ពលរដ្ឋនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូលទៀតហើយ។ បន្ថែមពីនេះ លោកថា ឆ្នេរសមុទ្រនៅខេត្តនេះនឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញ។

យ៉ាងនេះក្តី សកម្មជនបរិស្ថាន លោក ម៉េង ហេង ក៏បានអះអាងដែរថា នៅថ្ងៃដែលលោក ជា សុផារ៉ា ប្រកាស និងថ្ងៃបន្តបន្ទាប់ ខាងសកម្មជនបរិស្ថានពួកលោកក៏បានចុះទៅស្រាវជ្រាវស្ថានភាពឆ្នេរនៅខេត្តនេះ ហើយរកឃើញថា បញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រនៅតែកើតមានឡើង ​ជាក់ស្តែង ករណីសណ្ឋាគារ និងកាស៊ីណូចិននេះ ជាដើម។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា សណ្ឋាគារ និងកាស៊ីណូ សាន់សាញ បេ​ ពិតជាកម្មសិទ្ធិរបស់ជនជាតិចិនប្រាកដមែន ហើយបញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រនោះ លោកថា មន្ត្រីជំនាញបរិស្ថាន​កំពុង​ចាត់វិធានការ។

លោកមានប្រសាសន៍ថា៖ «យើងអ្នកបច្ចេកទេស យើងអ្នកបច្ចេកទេសបរិស្ថាន កំពុងតែធ្វើការហើយរឿងហ្នឹង។ ខ្ញុំអត់ទាន់ដឹងថាម៉េចទេ ប៉ុន្តែ កំពុងឱ្យអ្នកបច្ចេកទេសកំពុងធ្វើការរឿងហ្នឹង»

ស្ថាបនិកអង្គការមាតាធម្មជាតិជនជាតិអេស្ប៉ាញ លោក អាឡិច ហ្គន់សាឡេសដេវិតសិន  មើលឃើញថា បញ្ហាទឹកកខ្វក់​ចូលសមុទ្រនាភាគនិរតីមួយនេះ បានក្លាយជាវិបត្តិធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់បរិស្ថាន និងមនុស្ស ពិសេសប៉ះពាល់កិត្តិយសប្រទេសកម្ពុជា វិស័យទេសចរណ៍ និងអ្នកវិនិយោគទុន​ផងដែរ។

លោក អាឡិច ផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលថា ដើម្បីដោះស្រាយវិបត្តិនេះ អាជ្ញាធរត្រូវរឹតបន្តឹងច្បាប់ឱ្យបានម៉ឹងម៉ាត់ ​ឈប់បោកប្រាស់ពលរដ្ឋ​ ដោយហ៊ាននិយាយការពិត ជាដើម។

លោក អាឡិច ហ្គន់សាឡេសដេវិតសិន មាន​ប្រសាសន៍ថា៖ «កុំកុហកប្រជាជន គួរនិយាយនូវអ្វីដែលជាការពិត ហើយសំណូមពរឱ្យប្រជាពលរដ្ឋចូលរួម គេនឹងចូលរួមជាមួយ។ ទីបី គួរតែលើកស្ទួយ និងផ្តល់រង្វាន់ដល់សកម្មជនណា ឬក៏អង្គការណា ដែលហ៊ានទៅស៊ើបអង្កេតខ្លួនឯងផ្ទាល់។ ហ៊ានចំណាយពេលវេលា ប្រឈមនឹងគេចាប់ផង ប្រឈមនឹងគេធ្វើបាប ដើម្បីលាតត្រដាងពីភាពចន្លោះប្រហោងបាទ។»

នៅដើមឆ្នាំ២០១៩នេះ ក្រុមសកម្មជនបរិស្ថាន​បានរកឃើញទីតាំងបង្ហូរទឹកស្អុយចូលសមុទ្រយ៉ាងហោចណាស់ ៥​កន្លែង រួមមាន នៅឆ្នេរអូរឈើទាល នៅឆ្នេរអូរត្រេះ ​ទីតាំងមួយចំនួននៅកោះរ៉ុងសន្លឹម កោះរ៉ុង និងចុងក្រោយនៅឆ្នេរឯករាជ្យ។

ទីតាំងបង្ហូរទឹកស្អុយចូលសមុទ្រមួយចំនួន រដ្ឋាភិបាលក៏បានចាត់វិធានការដោះស្រាយ ដូចជាកសាងអាងប្រព្រឹតិ្តកម្មទឹកកខ្វក់មុនបង្ហូរចូលសមុទ្រ និងផ្អាកដំណើរការម្ចាស់អាជីវកម្មដែលជាប្រភពបង្ហូរទឹកស្អុយចូលសមុទ្រ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ